ក្រសួងការពារជាតិកម្ពុជា ចង់ស្តារកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយអាមេរិក ឡើងវិញ

អត្ថបទដោយ៖
CPA

សៀមរាប៖ ក្រសួងការពារជាតិកម្ពុជាបង្ហាញពីបំណងចង់ស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញលើវិស័យការពារជាតិ។នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាសម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងនៅក្នុងសន្និសីទកាសែតបូកសរុបលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធកាលពីល្ងាចថ្ងៃទី២៣ខែវិច្ឆកា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បរិយាយពីជំនួបជាលើកដំបូងក្នុងប្រវត្ដិរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកថា ជាឱកាសមួយដែលធ្វើឱ្យមេដឹកនាំយោធានៃប្រទេសទាំងពីរអាចជជែកគ្នាត្រង់ទៅត្រង់មក។លោកមានប្រសាសន៍ថា កម្ពុជាចង់ឱ្យមានទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញក្នុងវិស័យយោធា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖«ខ្ញុំវាយតម្លៃបានថាជាការជួបនិយាយគ្នាផ្ទាល់រវាងក្រសួងការពារជាតិទាំងពីរ។ច្បាស់ណាស់យើងបានបញ្ជាក់ត្រង់ៗពីបញ្ហាមួយចំនួនដែលមានថមថយជាខ្លាំងលើកិច្ចសហប្រតិបត្តិការផ្នែកយោធានេះ។ប៉ុន្តែក្នុងពេលពិភាក្សានេះយើងកំពុងរកវិធីស្ដារសភាពការណ៍..»។

ទោះយ៉ាងណាក្ដីភាគីកម្ពុជាតំណាងដោយសម្ដេចពិជ័យសេនា ទៀបាញ់ ចង់ទាក់ទងជាមួយអាមេរិកលើកិច្ចសហប្រតិបត្តិការណាមួយដែលមិននិយាយពីបញ្ហារស៊ើប។
សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖«ចង់ជ្រើសរើសប្រធានបទណាមួយដែលវាអាចនឹងមិនមានភាពរស៊ើបពេក ដូចជាការងារមនុស្សធម៌ក៏ដោយឬហ្វឹកហ្វឺនវិជ្ជាជីវៈអីជាដើម ឬបញ្ហាមួយចំនួនដែលឃ្លាតខាងនយោបាយ»។

សម្ដេចពិជ័យសេនាបន្ថែមថា ភាគីអាមេរិកក៏យល់ឃើញស្រដៀងនិងកម្ពុជាដែរ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិកនៅតែបញ្ចាក់ជំហរនិយាយពីមូលដ្ឋានទ័ពសមុទ្ររាមដដែល។រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឆ្លើយតប ចំពោះបញ្ហាសមុទ្ររាមជាថ្មីទៀតថាគ្មានមូលដ្ឋានទ័ពចិនឬគ្មានបំណងដាក់ទ័ពចិនអ្វីនោះឡើយ។

ទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជានិងអាមេរិក បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៧មក។អ្នកឃ្លាំមើលបញ្ហានយោបាយធ្លាប់អះអាងថា ទំនាក់ទំនងនេះធ្លាក់ចុះដោយសារតែកម្ពុជាងាកកាន់តែខ្លាំងទៅចិន។កាលពីខែមករាឆ្នាំ២០១៧កម្ពុជាបាន លុបចោលសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។នោះជាលំហាត់សមយុទ្ធយោធា ឆ្មាំអង្គរ ដែលត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំរួមគ្នា៧ឆ្នាំជាប់ៗគ្នា។ ក្រសួងការពារជាតិកម្ពុជាបានអះអាងប្រាប់សារព័ត៌មានថា ការផ្អាកសមយុទ្ធឆ្មាំអង្គរនាឆ្នាំមិនស្ថិតក្រោមឥទ្ធិពលរបស់ចិនទេ បើទោះបីជាចិនទើបតែធ្វើសមយុទ្ធជាមួយកម្ពុជាកាលពីខែធ្នូឆ្នាំ២០១៦ក៏ដោយ។

ជារៀងរាល់ឆ្នាំកម្ពុជាតែងទទួលបានជំនួយយោធាពីចិនរាប់តាំងពីថ្នាំសង្កូវ រហូតដល់យុទ្ធោបករណ៍នានា។ ទោះជាយ៉ាងណាក្ដីសហរដ្ឋអាមរិកនៅមានសេនានុព័ន្ធយោធាប្រចាំនៅកម្ពុជាដើម្បីធ្វើកិច្ចសហប្រតិបត្តិការយោធា។ប៉ុន្តែមិនទាន់ឃើញមានសញ្ញានៃការធ្វើសមយុទ្ធរួមគ្នាឬសហប្រតិបត្តិការដល់កម្រិតមុនឆ្នាំ២០១៧នោះឡើយ៕
ដោយ៖វណ្ណស័ក្ដិ

ads banner