ប្រធានក្រុមហ៊ុនបៃតង ចុះពិនិត្យតាមដានតម្លៃស្រូវ លើដំណើរការលក់ទិញស្រូវជាមួយប្រជាកសិករនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង-សមាគមរោងម៉ាស៊ីនកិនស្រូវ និងក៏ជាប្រធានក្រុមហ៊ុនបៃតង លោកឧកញ៉ា ភូ ពុយ និង លោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ ជាសមាជិក ព្រមទាំងក្រុមការងារដែលជាម្ចាស់រោងម៉ាស៊ីនដៃគូកាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យតាមដានតម្លៃស្រូវលើមេការនៃក្រុមហ៊ុនផ្ទាល់ មេការរោងម៉ាស៊ីនកិនស្រូវនិងឈ្មួញជាដៃគូ ដែលបាននិងកំពុងមមាញឹកដំណើរការលក់ ទិញស្រូវជាមួយប្រជាកសិករនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

លោកឧកញ៉ ភូ ពុយ បានអះអាងថា គោលបំណងសំខាន់ដែលលោកនិងក្រុមការងារចុះទៅត្រួតពិនិត្យតាមដានលើកិច្ចការដែលដាក់ឱ្យអនុវត្តបន្ទាន់លើការទិញ លក់ស្រូវនេះគឺដើម្បីធានាថា គោលការណ៍ដែលរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនដែលដាក់ទៅហើយត្រូវអនុវត្តឱ្យបានរលូន លទ្ធផលល្អនិងមានប្រសិទ្ធិភាព។

តម្លៃកំណត់ត្រូវយកថ្លៃគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនឱ្យក្រោម ៩បាត ឬ ១ ០៤០រៀល / ១គីឡូក្រាមនៅនឹងកន្លែងទាំងនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវវស្សាធំបង្អស់របស់ប្រទេស ។

អត្រាទីផ្សារ (ហាងឆេង) តម្លៃដូចគ្នានេះ ឬខ្ពស់ជាង ឬទាបជាងនេះ គឺអាស្រ័យទៅលើគុណភាពស្រូវ (ចំណី)និងប្រភេទស្រូវ(ចំណី)ក្រអូបដែលត្រូវកិនជាអង្ករនាំចេញ ប្រភេទស្រូវ(ចំណី)ប្រណិតត្រូវកិនជាអង្ករលក់ក្នុងស្រុក ប្រភេទស្រូវចំណីស្បៀងដែលត្រូវកិនជាអង្ករសម្រាប់ផលិត ឆ្នៃផ្សំជាចំណីអាហារផ្សេងៗទៀត។ ដូចជាថ្លៃខ្ពស់ជាង ៩បាត ពី ១លេខដល់ ៩លេខ ឬលើស ១.០៤០ ទៅ ១.២០០រៀល/១គក្រ និងថ្លៃទាបជាង ៩បាត ឬ ១០៤០/១គក្រ ជាដើម ។

ពោលគឺទោះក្នុងតម្លៃណាក៏ដោយ មេការក្រុមហ៊ុន មេការរោងម៉ាស៊ីននិងឈ្មួញដៃគូត្រូវតែវាយតម្លៃ និងជជែកតថ្លៃឱ្យរួសរាយ និងសមរម្យជាមួយបងប្អូនប្រជាកសិករម្ចាស់ស្រូវ ហើយត្រូវតែទិញ។ ត្រូវចៀសវាងដាច់ខាត ការបន្តុះបង្អាប់ ទម្លាក់ថ្លៃស្រូវដែលផ្ទុយពីគោលការណ៍ថ្លៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

សូមរំលឹកដែរថា ដើម្បីបញ្ចៀសការទិញស្រូវដោយទម្លាក់ថ្លៃស្រូវពីឈ្មួញមួយចំនួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិក ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ក្រុមហ៊ុនប៉ៃតង និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករស្របតាមតម្លៃគោលឱ្យសមស្របនិងឱ្យបានទាន់ពេលវេលា ៕ ដោយ ៖ ឃិន គន្ធា

ads banner