ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ វាយតម្លៃខ្ពស់ចំពោះសភាកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដោយទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ

ភ្នំពេញ ៖ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដោយទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ ។

លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ មានប្រសាសន៍បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា។

លោកជំទាវបានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤។ សាធារណរដ្ឋអាស៊ែបៃហ្សង់មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចំណែកឯព្រះរាជាណាចក្រកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងអង់ការ៉ា ប្រទេសទួរគី។

លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណចំពោះសភាកម្ពុជា ដែលបានគាំទ្រសភាអាសាបៃហ្សង់ជាអ្នកសង្កេតការណ៍ពេញសិទ្ធិនៃមហាសន្និបាតអន្តរសភាអាស៊ាន។ ជាមួយគ្នានេះ លោកជំទាវបានគោរពអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាស៊ៃបៃហ្សង់ក្នុងពេលវេលាសមស្របណាមួយ។

ឆ្លើយតបនឹងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សម្តេចប្រធានព្រឹទ្ធសភា បានទទួល និងជ្រើសរកពេលវេលាសមស្របដើម្បីបំពេញទស្សនកិច្ច ។

សម្តេចប្រធាព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាសូមគាំទ្ររាល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងសំណូមពរឲ្យបន្តពិភាក្សាគ្នាដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ហើយចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពចេញជាលទ្ធផលជាក់ស្តែង ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយវឌ្ឍនភាព។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានចាត់សមាជិក សភាចំនួន ០២រូប ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅកម្ពុជា។

អ្នកសង្កេតការណ៍អន្តរជាតិ រួមនឹងអ្នកសង្កេតការណ៍អាស៊ែបៃហ្សង់បានវាយតម្លៃខ្ពស់ អំពីបរិយាកាសបោះឆ្នោតនៅកម្ពុជា ថាបានប្រព្រឹត្តទៅដោយសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះ សម្តេចបានស្នើសុំអញ្ជើញតំណាងសភាអាស៊ែបៃហ្សង់ ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកជំទាវជាប្រធានដឹកនាំសន្និសីទបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ប្រកបដោយជោគជ័យ និងសូមអបអរសាទរចំពោះលោកជំទាវ ដែលអង្គសន្និសីទបានបោះឆ្នោតជ្រើសតាំងជាប្រធានបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងឱកាសសន្និសីទបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិ- ការល្អជាមួយលោកជំទាវ ក៏ដូចជាសភាអាស៊ែបៃហ្សង់ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស ប្រជាជនទាំងពីរ និងសភាទាំងពីរ ដោយខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិនៃអន្តរសភា ជាអាទិ៍ក្នុងក្របខ័ណ្ឌបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ សភាកម្ពុជាគាំទ្រ និងសហការពេញលេញជាមួយបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ និងតាមរយៈក្របខ័ណ្ឌពហុភាគីនៃបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធជាមួយ AIPA, IPU និងក្របខ័ណ្ឌផ្សេងទៀត ៕ ដោយ / គ្រី សម្បត្តិ + ប៊ុនហុក

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner