សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ អាយប៉ា នៅតែមានសារៈសំខាន់ ក្នុងការកសាងភាពជាដៃគូជាមួយភាគីខាងក្រៅ ដើម្បីទទួលបានកម្លាំងចលករថ្មីបន្ថែមទៀត
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន បានថ្លែងក្នុងពីធីបិទមហាសន្និបាតអាយប៉ា លើកទី៤៣ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា អាយប៉ា នៅតែមានសារៈសំខាន់ ក្នុងការកសាងភាពជាដៃគូជាមួយ ភាគីខាងក្រៅ ដើម្បីទទួលបាននូវកម្លាំងចលករថ្មីបន្ថែមទៀត។
សម្ដេច ហេង សំរិន បានថ្លែងអំណរគុណប្រតិភូទាំងអស់ ដែលផ្ដល់កិច្ចសហការយ៉ាងល្អ និងបានរួមវិភាគទានដ៏មានតម្លៃ រួមចំណែកដល់ភាពជោគជ័យនៃមហាសន្និបាតលើកទី៤៣ សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដែលយើងទទួលបាននូវកិច្ចពិភាក្សាប្រកបដោយគុណភាព បានអនុម័តនូវសេចក្តីសម្រេចយ៉ាងច្រើន និងបានបង្កើននូវចំណងមិត្តភាពជាមួយគ្នាយ៉ាងជិតស្និទ្ធ។
សម្ដេចប្រធានមហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ ៨ចំណុច ដែលមហាសន្និបាតលើកទី៤៣ សម្រេចបានរួមមាន៖
ទី១- អាយប៉ា នៅតែមានសារៈសំខាន់ និងសមស្របក្នុងការកសាងភាពជាដៃគូជាមួយ ភាគីខាងក្រៅ ដើម្បីទទួលបាននូវកម្លាំងចលករថ្មីបន្ថែមទៀត។
ទី២- ការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុង និងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍ ត្រូវបានពង្រឹងគួរជាទីកត់សម្គាល់។
ទី៣- យើងបានអនុម័តនូវសេចក្តីសម្រេចសំខាន់ៗជាច្រើនក្នុងក្របខណ្ឌវ៉ាយប៉ា វាយ-ភី-អ កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។
ទី៤- យើងទាំងអស់គ្នាបានបង្ហាញច្បាស់ ពីស្មារតីនៃសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន ត្រូវបានពង្រឹងជាលំដាប់។
ទី៥- យើងបានបង្ហាញច្បាស់ថា គោលការណ៍នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តី សម្រេចចិត្តដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។
ទី៦- អាយប៉ា ជាស្ថាប័ននីតិប្បញ្ញត្តិ តំណាងឱ្យប្រជាពលរដ្ឋនៃតំបន់អាស៊ីអាគ្នេយ៍ តំណាងឱ្យឆន្ទៈ និងផលប្រយោជន៍នៃប្រជាពលរដ្ឋជាង ៦៥០លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍បានដើរតួនាទីដ៏សំខាន់ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ និងយក ប្រជាពលរដ្ឋជាគោល។
ទី៧- លទ្ធផលដែលមហាសន្និបាតអាយប៉ាលើកទី៤៣ សម្រេចបាន នឹងត្រូវបានយកទៅអនុវត្តចេញជាសកម្មភាពជាក់ស្ដែង ហើយសង្ឃឹមថា យើងទាំងអស់ គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង។
ទី៨- ដំណើរឆ្ពោះទៅមុខរបស់អាយប៉ា នឹងមិនអាចធ្វើបានដោយរលូន និងជោគជ័យបានឡើយ ប្រសិនបើគ្មានការតាំងចិត្តនិងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងយើងគ្រប់ៗគ្នា។ ក្នុងន័យនេះ សម្ដេច សូមប្រកាស និងអបអរសាទរដល់ឥស្សរជនឆ្នើមចំនួន៣រូប ដែលទទួលបានពានកិត្តិយសអាយប៉ា សម្រាប់ស្នាដៃឆ្នើមក្នុងការបម្រើការងារអាយប៉ានាពេល កន្លងមក ក្នុងនោះបុគ្គលឆ្នើម រួមមាន៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានកិច្ចប្រជុំវ៉ាយប៉ា, លោកជំទាវ រ៉ូស ម៉ារៀ អារីណា អតីតអនុប្រធាសភាហ្វីលីពីន និងឯកឧត្តម ប៉េហីន ដាតូ អាប់ឌុលរ៉ាម៉ាន តាអ៊ីប ប្រធានសភាពនៃប្រទេសប្រុយណេដារ៉ូសាឡាម ៕ ដោយ ៖ វណ្ណលុក និង ពិសិដ្ឋ


