អាជ្ញាធរផ្នែកផ្លូវថ្នល់ ធ្វើការឆ្លើយតប ទៅនឹងការរិះគន់ករណីរឿងផ្លូវខូច ក្នុងសៀមរាប
ក្នុងសន្និសីទសារព័ត៌មានជាមួយលោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ សៀមរាប បានឆ្លើយតបរាល់ការរិះគន់ពីប្រជាពលរដ្ឋ អំពីករណីផ្លូវមួយចំនួន ដែលបានខូចក្នុងក្រុងសៀមរាប ហើយមិនបានជួសជុល ដែលធ្វើឲ្យប៉ះពាល់ដល់ទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ដែលជាគោលដៅភ្ញៀវទេស ចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត ។ ក្នុងការរឆ្លើយតបនេះ ធ្វើឡើងក្រោយពេលបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានចុះផ្សាយពីផ្លូវខូចមួយចំនួននៅក្នុងក្រុងទេសចរណ៍មួយនេះ ជាពិសេសផ្លូវក្រវ៉ាត់ក្រុងសៀមរាប ។
នៅចុងសប្តាហ៍ព្រឹកថ្ងៃ សៅរ៍ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោកគី វីរិន្ទ ដែលទើបកាន់តំណែងជាប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប បានមានប្រសាសន៍ថា ផ្លូវនៅក្នុងតំបន់ទេសចរណ៍អង្គរ មានគម្រោងអភិវឌ្ឍន៍ និងជួសជុលច្រើនកន្លែង មានទាំងគម្រោងរបស់សាលាខេត្ដ និង គម្រោងរបស់មន្ទីសាធារណការ ដូចជានៅផ្លូវក្រវាត់ក្រុងប្រវែងជាង២ពាន់ម៉ែត្រ និង ផ្លូវភូមិខ្នារចាស់ ប្រវែងជាង៤ពាន់ម៉ែត្រ និង ផ្លូវមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ។ លោកបន្ដថា ផ្លូវដែលរងការខូចខាតទាំងពីរនោះ បានបើករដ្ឋានជួសជុលរួចហើយ ប៉ុន្ដែមិនទាន់បានធ្វើជួសជុលនៅឡើយ ដោយសារចំពេលរដូវភ្លៀងធ្លាក់ និងស្របពេលខ្វះថវិកាផងនោះ ទើបបណ្ដាលការជួសជុលមានការយឺតយ៉ាវ ។ ម៉្យាងទៀតដោយលោកក៏ទើបចូលមកកាន់តំណែងថ្មី នៅមិនទាន់បានស្គាល់ពីភូមិសាស្ត្រ ប្រព័ន្ធផ្លូវក្នុងក្រុង ដែលចាំបាច់លោកត្រូវធ្វើការសិក្សាស្វែងយល់ជាមួយថ្នាក់ដឹកនាំក្នុងអង្គភាពបន្តផងដែរ ។
ក្រោយការចូលកាន់ដំណែងលោកធ្វើយុទ្ធនាការ១០០ថ្ងៃ ក្នុងការជួសជុលលុបផ្លូវសំបុកមាន់លើកំណត់ផ្លូវសំខាន់ៗ និងពិនិត្យផ្លូវសាងសង់ក្នុងក្រុងសៀមរាប ព្រមទាំងផ្សព្វផ្សាយពីផ្លូវច្បាប់ចរាចរនិងមួកសុវត្ថិភាពដែលពាក់ព័ន្ធនឹងការងារគ្រប់គ្រងរបស់មន្ទីរ ។ លោកក៏បានសុំការអធ្យាស្រ័យចំពោះពលរដ្ឋក្នុងការយឺតយ៉ាវជួសជុលផ្លូវក្នុងក្រុងទេសចរណ៍នេះផងដែរ ។ ជាពិសេសការបើករដ្ឋានជួសជុលហើយមិនទាន់ដំណើរការ ព្រោះពេលនេះជារដូវមានភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលឲ្យប្រជាពលរដ្ឋពិបាកក្នុងធ្វើដំណើរ ហើយការធ្វើផ្លូវនៅពេលមានទឹក ក៏ដូចជាយកថវិកាជាតិទៅបោះចោលអញ្ចឹង ។
ក្នុងសន្និសីទសារព័ត៌មាននេះដែរ គ្រប់បណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក ក៏បានលើកនូវសំណួរមួយចំនួន ដែលពាក់ព័ន្ធបញ្ហាផ្លូវមួយចំនួនក្នុងក្រុង និងគម្រោងការស្តារស្ទឹងសៀមរាបជំហាន២ ដោយក្រុមហ៊ុនរាជសី ធ្វើការជីកកកាយខុសបច្ចេកទេស របស់គម្រោង និងបញ្ហាការធ្វើផ្លូវគ្មានគុណភាព ការបង្ហូរទឹកសម្អុយចូលស្ទឹងសៀមរាប គឺត្រូវបានលោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរទទួលបន្ទុកបច្ចេកvទេស របស់មន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្ត ក៏បានធ្វើការបកស្រាយបំភ្លឺជូន ព្រមទាំងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរ នៅថ្ងៃខាងមុខនេះ ក្រុមគណៈកម្មការចុះធ្វើការពិនិត្យ និង វាយតម្លៃទៅលើករណីការស្តារស្ទឹងខុសបច្ចេកទេសនេះផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប