ប្រធានាធិបតីតៃវ៉ាន់លោកស្រី តៃ អ៊ីងវិន លាលែងពីតំណែងមេបក្សកាន់អំណាច
តៃវ៉ាន់៖ប្រធានាធិបតីតៃវ៉ាន់ លោកស្រី តៃ អ៊ីងវិន (Tsai Ing-wen) បានលាលែងពីតំណែងជាមេដឹកនាំនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច បន្ទាប់ពីគណបក្សនេះរបស់លោកស្រីចាញ់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីចុងថ្ងៃសៅរ៍សប្ដាហ៍នេះ។ ការចាញ់របស់គណបក្ស DPP បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់លោកស្រី តៃ ខណៈដែលលោកស្រីព្យាយាមរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសអភិបាលក្រុង ក្រុមប្រឹក្សា និងចៅហ្វាយស្រុក ដែលគេមើលឃើញថាជាមធ្យោបាយសារការទូតមួយ ប្រឆាំងនឹងកំណើននៃភាពច្របូលច្របល់ក្រោមការគំរាមកំហែងរបស់ចិន។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចិនបានដំឡើងវោហាសាស្រ្តកាន់តែខ្លាំងឡើងៗ ក្នុងការទាមទារកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយកាលពីខែសីហា ប្រទេសនេះបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ ដើម្បីបង្ហាញការប្រឆាំងយ៉ាងដាច់អហង្ការចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់ក្រុងតៃប៉ិ។
ប៉ុន្តែកិច្ចប្រឹងប្រែងរបស់លោកស្រី តៃ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិលើកនេះ មិនជាសម្រេចបានផ្លែផ្កាដុំកំភួននោះទេ។ គណបក្សប្រឆាំងតៃវ៉ាន់ Kuomintang (KMT) ដែលមានទំនោរទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង បានដណ្ដើមជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីដោយទទួលបាន ១៣ អាសនៈ ខណៈបក្ស DPP ទទួលបានត្រឹមតែ ៥ អាសនៈប៉ុណ្ណោះ។
ក្រោមលទ្ធផលនេះ លោកស្រី តៃ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃសៅរ៍ថា៖ «យើងទទួលយកលទ្ធផលនៃការបោះឆ្នោត និងការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់»។ លោកស្រីបានបន្ថែមជាមួយគ្នានោះថា លោកស្រីបានលាលែងពីតំណែងប្រធានគណបក្ស DPP រួចហើយ ដើម្បីជាការបង្ហាញការទទួលខុសត្រូវ។
ទោះបីជាយ៉ាងនេះក៏ដោយ លោកស្រី តៃ នឹងនៅតែបន្តធ្វើជាប្រធានាធិបតី រហូតអាណត្តិរបស់លោកស្រីបញ្ចប់ទៅនៅឆ្នាំ ២០២៤។
ក្រុមអ្នកវិភាគបាននិយាយថា លទ្ធផលនេះបានបង្ហាញថា អ្នកបោះឆ្នោតពាក់កណ្ដាលអាណត្តិផ្តោតខ្លាំងលើបញ្ហាក្នុងស្រុកដូចជាសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ដោយសំអាងថា ចិនតែងតែធ្វើសកម្មភាពយោធាគំរាមកំហែងរហូតមកហើយ។
អ្នកវិទ្យាសាស្ត្រនយោបាយនៃកម្មវិធីសិក្សាអំពីតៃវ៉ាន់របស់សាកលវិទ្យាល័យជាតិអូស្ត្រាលី លោក Wen-ti Sung បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកបោះឆ្នោតតៃវ៉ាន់ បានក្លាយទៅជាមិនយល់ស្របចំពោះការគំរាមកំហែងយោធារបស់ចិន។ ម្យ៉ាងទៀត វាមិនមានភាពបន្ទាន់ច្រើនទេក្នុងការយកបញ្ហានេះជាបញ្ហាស្លាប់រស់នៅគ្រប់ច្រកល្ហកទាំងអស់»។
បណ្ដាញព័ត៌មាន CNN បានស្រង់សម្ដីអ្នកបោះឆ្នោតវ័យ ៣០ ឆ្នាំ ម្នាក់ឈ្មោះ Eric Su រស់នៅទីក្រុងតៃប៉ិថ្មី ដែលនិយាយថា៖ «ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខ្ញុំពិចារណាបន្ថែមអំពីបញ្ហាសកល ព្រោះប្រធានាធិបតីអាចមានឥទ្ធិពលលើសេដ្ឋកិច្ច និងជំហរអន្តរជាតិរបស់យើង»។ លោកបន្តថា៖ «នៅក្នុងការបោះឆ្នោតអភិបាលក្រុង ខ្ញុំយកចិត្តទុកដាក់បន្ថែមទៀតអំពីអ្វីដែលបេក្ខជន អាចនាំមកជូនប្រជាជនមូលដ្ឋាន ដូចជាការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធ និងការឧបត្ថម្ភធនកុមារជាដើម»។
គួរគូសបញ្ជាក់ថា គណបក្ស KMT ដែលមានឈ្មោះមួយទៀតថា គណបក្សជាតិនិយមចិន បានគ្រប់គ្រងលើប្រទេសចិននៅចន្លោះឆ្នាំ ១៩១២ និងឆ្នាំ ១៩៤៩ ហើយបានដកថយទៅបង្កើតរដ្ឋាភិបាលដាច់ដោយឡែកនៅកោះតៃវ៉ាន់ ក្រោយចាញ់សង្រ្គាមស៊ីវិលនឹងបក្សកុម្មុយនិស្តចិន។ យ៉ាងណាមិញ បក្សនេះត្រូវបានគេមើលឃើញថា មានទំនាក់ទំនងល្អជាមួយបក្សកុម្មុយនិស្តចិន ដែលខុសពីបក្ស DPP របស់លោកស្រី ត្សៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានលើកឡើងថា លទ្ធផលបោះឆ្នោតបានបង្ហាញថា ប្រជាជនភាគច្រើននៅតៃវ៉ាន់បានឱ្យតម្លៃចំពោះ «សន្តិភាព ស្ថិរភាព និងជីវិតដ៏ល្អ»។ ការិយាល័យនិយាយទៀតថា ទីក្រុងប៉េកាំងនឹងបន្តប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីបរទេស។
ចំណែកអ្នកជំនាញបានបង្ហាញការយល់ឃើញថា ជ័យជម្នះរបស់បក្ស KMT មិនឆ្លុះបញ្ចាំងជាចាំបាច់ អំពីការផ្លាស់ប្តូរការយល់ឃើញរបស់ប្រជាជនតៃវ៉ាន់ ចំពោះទំនាក់ទំនងជាមួយចិនដីគោកនោះទេ ហើយថា វាលឿនពេកក្នុងការសន្និដ្ឋានថា លទ្ធផលនៃការបោះឆ្នោតនាពេលនេះ បង្ហាញពីជោគវាសនារបស់បក្ស KMT ក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤៕
ដោយ៖ហួន ឌីណា ប្រភព៖ Taiwan’s President billed midterms as all about China