ប៉មមើលទេសភាពបាន ផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមើលទេសភាពនៅខេត្តកែប
ខេត្តកែប៖ «ជាមួយប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថានសម្រាប់ខេត្តកែប នឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវឱកាសមើលទេសភាព ខេត្តកែប ពីលើកំពូលភ្នំដែលពោរពេញដោយទេសភាពដ៏ល្អប្រណិត គឺលំហសមុទ្រ និងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ នេត្រ ភក្រ្តា បែបនេះ នៅក្នុងឱកាសដែល ឯកឧត្តម សម្ពោធដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាពមួយកន្លែងនៅក្នុងឧទ្យានជាតិកែប កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ ប៉មមើលទេសភាពកម្ពស់ ១២ម៉ែត្រនេះ បានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូន ស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ខេត្តកែបគឺជាខេត្តតែមួយគត់របស់កម្ពុជាដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់។

ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែបពីលើប៉មមើលទេសភាពដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យមន្ទីរបរិស្ថានខេត្តកែបដែលទទួលថែរក្សាក្នុងនាមរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ថែរក្សាការពារឱ្យបានល្អ និងត្រូវអនុវត្តវិធានការសុវត្ថិភាពនានាដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យបានល្អបំផុត ៕ ដោយ ៖ ម៉ាដេប៉ូ
