រដ្ឋមន្រ្តីក្រសួងកសិកម្ម ដាក់ចេញទិសដៅការងារសម្រាប់ឆមាសទី២ ចំនួន១០ទិសដៅ សម្រាប់ឲ្យមន្ត្រីពាក់ព័ន្ធរបស់ក្រសួងយកទៅអនុវត្តន៍ប្រកបដោយជោគជ័យ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសភាពការណ៍ទូទៅ និងលទ្ធផលការងារដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩។
ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវបំពេញភារកិច្ចក្នុងវិស័យកសិកម្មក្នុងឆមាសទី១ ទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេសសកម្មភាពការងារនៅឯមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដ៏ធំធេងដែលក្រសួងសម្រេចបាន ក៏ដោយសារមានការចូលរួមយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ជាពិសេសតាមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគុណសម្បត្តិនៃម្លប់សុខសន្តិភាព ស្ថិរភាពយ៉ាងពេញលេញទូទាំងប្រទេស។
ឯកឧត្ដមបានលើកយកសភាពការណ៍ទូទៅរបស់ប្រទេសជាតិ ស្ថានការណ៍នយោបាយ សេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ជាពិសេសសភាពការណ៍ថ្មីៗដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ តែទោះជាយ៉ាងណា ឯកឧត្តមបានបញ្ជាក់ថាក្រសួងបាននឹងកំពុងយកចិត្តទុកដាក់អនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មតាមរយ:ការធ្វើទំនើបកម្មកសិកម្ម កសិពាណិជ្ជកម្ម ពិពិធកម្មកសិកម្ម និងអភិបាលកិច្ចល្អ។ ព្រមជាមួយគ្នានេះ ក្រសួងក៏បាននឹងកំពុងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ ស្រពតាមអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវយកស្មារតីទទួលខុសត្រូវលើភារកិច្ចចម្បងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណ:ជូនសាធារណ:ជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ជូនថ្នាក់ដឹកនាំ និងមន្រ្តីដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងនោះមានជាអាទិ៍÷
១.ពង្រឹងការគ្រប់គ្រង ដឹកនាំ ផ្សព្វផ្សាយ អប់រំ និងជំរុញដំណើរការកែទម្រង់ផ្ទៃក្នុងក្រសួងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពការងារ។
២.បង្កើនភាពម្ចាស់ការក្នុងការដោះស្រាយ និងឆ្លើយតបឲ្យទាន់ពេលវេលាប្រកបដោយស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអសកម្មផ្សេងៗក្នុងវិស័យកសិកម្ម។
៣.ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
៤.បន្តយកចិត្តទុកដាក់ ខិតខំកសាង និងពង្រឹងប្រសិទ្ធភាពដឹកនាំស្រមតាមលក្ខន្តិកមន្រ្តីរាជការស៊ីវិលនៅតាមអង្គភាព។ រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានស្រុះដៃគ្នា ប្រកបដោយឆន្ទះមុតស្រួច ជាពិសេសអនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលៗទទួលខុសត្រូវ និងអនុវត្តតាមតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដែលរាជរដ្ឋាភិបាល និងក្រសួងប្រគល់ជូន។
៥.បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពនីមួយៗតាមរយៈការពង្រីងសមត្ថភាពដឹកនាំ ការអនុវត្តយន្តការសម្របសម្រួល ដោះស្រាយរាល់បញ្ហាក្នុងអង្គភាពខ្លួន។
៦.គ្រប់អង្គភាព ត្រូវតាមដានពិនិត្យមើលលើការបញ្ជូនមន្រ្តីចូលរួមក្នុងវគ្គអប់រំ និងបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពលើការអភិវឌ្ឍធនធានមនុស្ស។
៧.ត្រូវបន្តថែរក្សាសមគ្គីភាព ឯកភាពផ្ទៃក្នុង និងផ្សារភ្ជាប់ជិតស្និទ្ធជាមួយមន្រ្តី និងប្រជាកសិករនៅមូលដ្ឋានដើម្បីបង្កើនជំនឿជឿជាក់ ទុកចិត្ត និងគាំទ្រ។
៨.ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់ក្នុងក្រសួង ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ឧទ្ទេសនាមមន្រ្តីដែលទទួលតំណែងក្នុងស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ស្របតាមគោលការណ៍រដ្ឋ ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំ និងរឹងមាំរបស់មន្រ្តីរបស់ក្រសួង។
៩.ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ ស៊ីជម្រៅលើការផលិតផលិតផលជាមួយគ្រប់ភាគីពាក់ព័ន្ធ សមស្របតាមសភាពការណ៍ជាក់ស្តែង និងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែង តម្រូវការ និងតម្រូវចិត្តរបស់ទីផ្សារក្នុង និងក្រៅ ប្រទេស។
១០.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង អនុវត្តន៍កម្មវិធី ឬគម្រោងនានា ធ្វើយ៉ាងណាទាញយកប្រយោជន៍ឲ្យបានជាអតិបរមាសម្រាប់ប្រជាពលរដ្ឋនៅឯមូលដ្ឋានផ្ទាល់ ហើយក៏ត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគម្រោង ដើម្បីបង្កើនសមត្ថភាពខ្លួន សម្រាប់ជាទុកពុទ្ធិក្នុងការអភិវឌ្ឍអង្គភាពខ្លួន៕ធ.ដ