សម្ដេចក្រឡាហោម ស ខេង ឯកភាពឲ្យសិក្សាលទ្ធភាពកំណត់ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឯកភាពចំពោះយោបល់ស្នើឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំរាជរដ្ឋាភិបាល ដើម្បីកំណត់ឆ្នាំផលិតរថយន្ដដែលត្រូវនាំចូលមកប្រទេសកម្ពុជា។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំឆ្លងសេចក្តី ព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការសិក្សាកំណត់ឆ្នាំរថយន្ដដែលនាំចូលកម្ពុជានេះ គឺដើម្បីកាត់បន្ថយរថយន្ដជជុះដែលមានហានិភ័យដល់អ្នកប្រើប្រាស់។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការពេញចិត្តចំពោះផែនការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដ្បិតមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា។ បន្ថែមពីនេះ សម្ដេចក៏បានជំរុញឲ្យខិតខំប្រឹងប្រែងបង្កើតនូវការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវផងដែរ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ស.ច.គ លោក និងលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាច្រើនរូបទៀត៕ដោយ:សេឌី

