WHO ប្តូរឈ្មោះជំងឺអុតស្វាពី “monkeypox” ទៅជា “mpox” ដើម្បីជៀសវាងការរើសអើងជាតិសាសន៍
ហ្សឺណែវ៖ ដើម្បីជៀសវាងការរើសអើងជាតិសាសន៍ និងការមាក់ងាយនោះ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ក្នុងថ្ងៃចន្ទទី២៨ ខែវិច្ឆិកានេះថា ជំងឺអុតស្វាដែលដំបូងគេអោយឈ្មោះថា monkeypox ឥឡូវនេះត្រូវបានប្តូរឈ្មោះទៅជា “mpox”វិញ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ឈ្មោះមេរោគទាំងពីរនេះ គឺ mpox និង monkeypox នឹងត្រូវប្រើក្នុងពេលដំណាលគ្នាសម្រាប់រយៈពេលមួយឆ្នាំ។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីបុគ្គល និងប្រទេសមួយចំនួនបានលើកឡើងពីការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំជាច្រើន ហើយបានស្នើសុំឱ្យ WHO រកវិធីឆ្ពោះទៅមុខដើម្បីផ្លាស់ប្តូរឈ្មោះថ្មី។
បើតាមអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋជាសមាជិកចំនួន ១១០ បានរាយការណ៍ពីអ្នកឆ្លងដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន ៨១,១០៧ករណី និងករណីដែលអាចកើតមាន (ឆ្លងវីរុស)ចំនួន ១,៥២៦ករណី ក្នុងនោះមាន ៥៥នាក់បានស្លាប់។
ករណីភាគច្រើនដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ គឺមកពីអាមេរិក (៩២.៣ភាគរយ) និងអឺរ៉ុប (៥.៨ភាគរយ)។ ចំនួនករណីឆ្លងថ្មីដែលបានរាយការណ៍ប្រចាំសប្តាហ៍នៅទូទាំងពិភពលោក បានថយចុះចំនួន ៤៦.១ភាគរយនៅក្នុងសប្តាហ៍នៃចន្លោះថ្ងៃទី២១ ដល់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា




