គណៈកម្មការទី១ព្រឹទ្ធសភា ជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រសួងពាក់ព័ន្ធ ពិភាក្សានិងពិនិត្យសំណើរបស់សហគមន៍ជនជាតិភាគតិច
ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ជួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើរបស់សហគមន៍ជនជាតិភាគតិច ចំនួន ១៦ ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការទី១ មានប្រសាសន៍ថា តំណាងជនជាតិដើមភាគតិច ចំនួន ១៦អំបូរ បានបង្ហាញពីការគាំទ្រនូវការបង្កើតច្បាប់ថ្មី ដែលបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ដែលបានយកចិត្តទុក ដាក់លើសំណើរបស់ពួកគេ ព្រមទាំងបានបញ្ចូលនូវធាតុចូល តាមការស្នើសុំរបស់ពួកគេ ទៅក្នុងសេចក្តីព្រាងច្បាប់ថ្មីថែមទៀត ។
ឯកឧត្តម បានបន្ថែមថា ពួកគេនៅតែមានសំណូមពរសុំឲ្យបញ្ចូលចំណុចសេសសល់ និង សុំបន្ថែមចំណុចមួយចំនួនទៀត ដូចជាទី១. គួរមានមាត្រាជាក់លាក់មួយ ផ្ដល់នីតិសម្បទាដល់សហគមន៍ ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីស្របច្បាប់ ជានគរបាលយុត្តិធម៌, ទី២. គួរទទួលស្គាល់យន្តការ និងវិធានការប្រពៃណីរបស់ជនជាតិដើមភាគតិចជាមុន មុនទៅដល់យន្តការ និងអនុវត្តទោសតាមច្បាប់រដ្ឋ ក្នុងការដោះស្រាយ និងដាក់ទោសទណ្ឌ និងទី៣. សេចក្តីព្រាងច្បាប់ថ្មី គួរពិចារណា និងផ្អែកទៅលើសេច ក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច និងអនុសញ្ញាលេខ១១១ ស្តីពីការរើសអើងក្នុងការងារនិងមុខរបរ ។ ពាក់ព័ន្ធនឹងសំណើទាំងនេះ ជនជាតិភាគតិចទាំង ១៦អំបូរ បានអះអាងថា មិនមានអ្នកនៅពីក្រោយខ្នង ដើម្បីកេងចំណេញលើបញ្ហានយោបាយនោះទេ ។
ឯកឧត្តម យ៉ង សែម បានបញ្ជាក់ថា កិច្ចប្រជុំពិនិត្យលើសំណើរបស់សហគមន៍ជនជាតិភាគតិច ចំនួន ១៦ ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ គឺបានពិភាក្សាត្រិះរិះពិចារណា ហើយបានខំប្រឹងប្រែង ស្វែងរកគ្រប់វិធី គ្រប់បែបយ៉ាង ស្របតាមច្បាប់កំពូល ច្បាប់នានា តាមសេចក្តីប្រកាសអនុសញ្ញាតាមទំនៀមទម្លាប់ តាមប្រពៃណី ដើម្បីដោះស្រាយ សំណើរបស់ជនជាតិដើមភាគតិចទាំង ១៦ អំបូរជនជាតិនៅក្នុងខេត្ត ក្រុងទាំង១២ ឱ្យ បានលទ្ធផលល្អប្រសើអាចទទួលយកបាន ។
ឯកឧត្តមប្រធានគណៈកម្មការទី១ បានថ្លែងនូវការកោតសរសើរដល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានសុឆន្ទៈមកជួយធ្វើបទបង្ហាញ ព្រមទាំងតំណាងមកពីក្រសួងពាក់ព័ន្ធ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយសំណើទាំងអស់របស់ជនជាតិដើមភាគតិច ដើម្បីឱ្យគ្នាបានរស់នៅដោយសុខដុមរមនា ជួយថែរក្សាបរិស្ថានឱ្យបានល្អប្រសើ យូរអង្វែង ទុកដល់អ្នកជំនាន់ក្រោយតរៀងទៅ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កំពុងរៀបរៀងសេចក្តីព្រាងច្បាប់ថ្មីចំនួន២ ក្នុងនោះមាន សេចក្តី ព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ ដោយជនជាតិដើមភាគតិច បានស្នើបញ្ចូលធាតុចូល ចំនួន៨ ដែលភាគច្រើន បានបញ្ចូលទៅក្នុងមាត្រានានា នៃសេចក្តីព្រាងច្បាប់ទាំងពីរ ហើយ និងនៅសល់តែ៣ចំណុចប៉ុណ្ណោះ ៕ ដោយ / គ្រី សម្បត្តិ



