វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជិតបីលាននាក់ក្នុងរយៈពេល១១ខែឆ្នាំនេះ
វៀតណាម៖ សារព័ត៌មានរដ្ឋវៀតណាមផ្សាយថាប្រទេសរបស់ខ្លួនទទួលបានភ្ញៀវទេសចរជិតបីលាននាក់ក្នុងរយៈពេល១១ឆ្នាំ២០២២នេះ។ ប្រភពដដែលបានស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគវៀតណាម ដោយបានបង្ហាញថា រយៈពេល ១១ ខែនៃឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិចូលកម្សាន្តក្នុងប្រទេសវៀតណាមមានចំនួនប្រមាណ ២.៩៥០.០០០នាក់។
ទិន្នន័យនេះច្រើនជាង ២១ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ គឺពេលដែលវៀតណាមបិទខ្ទប់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។ ទិន្នន័យពីក្រសួងផែនការវៀតណាមបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិទៅលេងវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ ២០២២មានចំនួនជាង៥៩០.០០០នាក់ដែលចំនួននេះកើនជាង ២៣ភាគរយ បើប្រៀបធៀបនឹងខែតុលាឆ្នាំ២០២២។តួលេខទេសចរណ៍ខែវិច្ឆកាឆ្នាំនេះក៏ច្រើនជាងប្រមាណ ៤០ ដងបើប្រៀបធៀបនឹងទិន្នន័យទេសចរណ៍ចូលវៀតណាមនៅខែវិច្ឆកាកាលពីឆ្នាំ២០១១។
អគ្គនាយកដ្ឋានស្ថិតិនៃក្រសួងផែនការនិងវិនិយោគវៀតណាមបញ្ជាក់ថា កំណើនទេសចរណ៍នេះ ដោយសារវៀតណាមបានបើកសកម្មភាពទេសចរណ៍ សេដ្ឋកិច្ច និងបើកជើងហោះហើរអន្តរជាតិឡើងវិញ៕
ដោយ៖វណ្ណ ស័ក្ដិ