ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានថ្លែងថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលទាមទារឱ្យមានការចូលរួមផងដែរពីវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់កម្ពុជាឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ផ្អែកតាមស្ថានភាពភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ នាពេលបច្ចុប្បន្នក្នុងពិភពលោក បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីសារៈសំខាន់នៃសន្តិសុខស្បៀង ដែលមនុស្សជាតិគ្រប់រូបត្រូវការ។ យុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និង អាហារូបត្ថម្ភ គឺជាអភិក្រមពហុវិស័យដែលត្រូវធ្វើសមាហរណកម្ម គ្របដណ្តប់ទៅលើប្រធានបទអភិវឌ្ឍន៍ដ៏ទូលំទូលាយ រួមមានវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនធានទឹក សុខាភិបាល ទឹកស្អាតអនាម័យ អប់រំ យែនឌើ និងការងារគាំពារសង្គម។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានខិតខំដឹកនាំសហការ សម្របសម្រួល និងកៀរគរធនធានដើម្បីអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩ ២០២៣ ដើម្បីឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ទាំងអស់ និងធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូប មានលទ្ធភាពទទួលបានទាំងផ្នែករូបវ័ន្ត សង្គម និងសេដ្ឋកិច្ចប្រសើរជាងមុន ក្នុងការទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងមានអាហារូបត្ថម្ភគ្រប់ពេល ដើម្បីធ្វើឱ្យការរស់នៅមានសុខភាពល្អ និងមានផលិតភាពខ្ពស់ ។
អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ រួមមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្កការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ៕ សេឌី


