អ្នកជំនាញមកពីក្រសួងបរិស្ថាន និងអ្នកជំនាញមកពីបរទេសបានរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ នៅស្ថានីយផូស៊ីលភ្នំកងវ៉ា

ខេត្តពោធិ៍សាត់ ៖ អ្នកជំនាញមកពីក្រសួងបរិស្ថាន និងអ្នកជំនាញមកពីបរទេសបានរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ នៅស្ថានីយផូស៊ីលភ្នំកងវ៉ា ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាបពីទឹកដីកកើត និងប្រវត្តិទីតាំងបុរាណស្ថានយូរលង់ នៃកន្លែងភ្នំចំណាស់មួយនេះ ។

ក្រៅពីការសិក្សាស្រាវជ្រាវទាំងនេះក្រុមអ្នកជំនាញក៏បានសិក្សាអំពីប្រវត្តិនៃទំនាក់ទំនងគ្នារវាងផូស៊ីសត្វដាយណូស័រ ក្នុងទឹកដីខេត្តកោះកុងដែលទើបបានគាស់យកទៅសិក្សាស្រាជ្រាវកាលពីថ្មីៗមកនេះនៅក្រសួងបរិស្ថាន ។

គួរបញ្ជាក់ថា ការជីកគាស់ផូស៊ីលដាយណូស័រដែលត្រូវបានរកឃើញលើកដំបូងបំផុតនៅកម្ពុជានេះបានប្រព្រឹត្តិឡើងកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ចាប់តាំងតែពី ម៉ោង ៨ព្រឹករហូតដល់ម៉ោង ៤៖២៦នាទីរសៀលក៏សម្រេចបានជោគជ័យតែម្តង។

ក្នុងខណៈពេលចុះទៅ សិក្សានៅ ស្ថានីយផូស៊ីលភ្នំកងវ៉ា ដែលស្ថិតនៅ ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឱ្យដឹងថា៖តាមរយៈការចុះស្រាវជ្រាវនេះ ក៏ដើម្បីជាប្រយោជន៍ក្នុងការរកប្រភពដើមកំណើត និងប្រភពកកើតនៃសត្វសម័យកាលដ៏យូរលង់នេះថា វាមានទំនាក់ទំនងគ្នាបែបណា។

អ្នកស្រាវជ្រាវរូបនេះបានបញ្ជាក់បន្ថែមថា៖”ក្រុមអ្នកជំនាញចុះស្រាវជ្រាវនេះគឺគេនឹងសិក្សាមើលថា ស្រទាប់ថ្ម និងស្រទាប់ដីកន្លែងនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច។សម្រាប់ការចុះស្រាវជ្រាវនេះយើងបានប្រទះឃើញហ្វូស៊ីលឈើមួយចំនួន។ក្នុងនេះដែរអ្នកស្រាវជ្រាវបរទេសពួកគាត់បានវាយតម្លៃជំហ៊ានដំបូងថា នឹងមានអាយុប្រហាក់ប្រហែលហ្វូស៊ីលដាយណូស័រដែលគេរកឃើញនៅខេត្តកោះកុងដែរពោលគឺវាអាចមានអាយុចាប់ពី ៦៥លានដល់១៩០លានឆ្នាំមុន”។

ក្នុងការចុះសិក្សាស្រាវជ្រាវនេះគេឃើញអ្នកជំនាញចំនួន ៤ រូប ចូលរួមក្នុងនេះមានដូចជា៖ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងលោក អេរិក ប៊ីហ្វហ្វេតូ (Eric Buffetaut) អ្នកជំនាញការស្រាវជ្រាវទៅលើផូស៊ីលសត្វដាយណូស័រមកពីប្រទេសបារាំង។ក្រៅពីអ្នកជំនាញជនជាតិបារាំងនេះក៏មានជនបរទេស២រូបផ្សេងទៀតមកពីប្រទេសចិនគឺ អ្នកស្រី Haiyan Tong និងអ្នកជំនាញមកពីប្រទេសស្វីសគឺ លោក Lionel Cavinជាដើម ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner