តើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន មានន័យយ៉ាងណាសម្រាប់អាហ្វ្រិក?

ចិន៖ វត្តមានចិននៅក្នុងអាហ្រ្វិក បានជំរុញឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង ថាតើចិនគឺជាអាណានិគមនិយមថ្មី ឬជាដៃគូអភិវឌ្ឍន៍ថ្មីសម្រាប់ទ្វីប ហើយការដេញដោយគ្នាទាំងនោះភាគច្រើន តែងតែមើលរំលងពីតួនាទីរបស់បណ្ដាប្រទេសអាហ្រ្វិកក្នុងទំនាក់ទំនងនេះ។

នារយៈពេលកន្លងមក ចិនត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ថា ប្រើយុទ្ធសាស្រ្តដាក់អន្ទាក់បំណុលលើបណ្ដាប្រទេសកំពុងអភិវឌ្ឃន៍នៅអាហ្វ្រិក តាមរយៈការវិនិយោគរបស់ខ្លួនទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំ និងការផ្ដល់ប្រាក់កម្ចីជាដើម។

ដើម្បីសម្រេចបាននូវមហិច្ឆិតាដ៏ទូលំទូលាយនេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលមេដឹកនាំចិន លោក ស៊ី ជិនពីង បានដាក់ចេញនៅឆ្នាំ ២០១៣ នោះ បានដើរតួនាទីយ៉ាងសំខាន់លើសកម្មភាពទំនាក់ទំនងរបស់ចិនក្នុងប្រទេសនីមួយ។ វាត្រូវបានគេហៅថាជាគ្រោងការណ៍ពង្រីកដែនឥទ្ធិពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរបស់ចិន ហើយមិនត្រឹមតែនៅទ្វីបអាហ្វ្រិកប៉ុណ្ណោះទេ តែក៏នៅលើទ្វីបអាស៊ី និងអឺរ៉ុបផងដែរ។

យ៉ាងណាមិញ នៅពេលគេនិយាយអំពីទំនាក់ទំនង ច្បាស់ណាស់ វាពិតជាមានសារៈសំខាន់សម្រាប់ភាគីទាំងសងខាង។ តាមរយៈ BRI ចិនដាក់ការវិនិយោគ និងជំនួយរាប់ពាន់លានដុល្លារសម្រាប់បណ្ដាប្រទេសអាហ្វ្រិកនានា។ ជាថ្នូរមកវិញ ក្រោមគំនិតផ្តួចផ្ដើមដដែល ចិននឹងមានទីផ្សារនាំចេញ និងអាចទាញយកធនធានសំខាន់ៗពីប្រទេសដែលខ្លួនជួយ ឬវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំងនោះនឹងផ្ដល់ជំហរការពារចិនលើឆាកអន្តរជាតិ ចំពោះបញ្ហារសើបៗដូចជា ការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ជម្លោះតៃវ៉ាន់ ឬគោលនយោបាយចិនតែមួយ និងការគាបសង្កត់ការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងជាដើម។

ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់ចិនជាមួយបណ្ដាប្រទេសអាហ្រ្វិកនីមួយៗ និងភាគច្រើន ស្ថិតនៅលើការចូលចិត្តរបស់ប្រទេសទាំងនោះចំពោះក្រុងប៉េកាំង ដោយសារតែចិនមានលុយច្រើន មានគោលនយោបាយមិនជ្រៀតជ្រែកផ្ទៃក្នុង និងវោហាសាស្ត្រស្លូតបូត។ នេះបើតាមការសរសេររបស់លោក Anuj Dhyani ដែលជាអនុបណ្ឌិតផ្នែកការទូត ច្បាប់ និងធុរកិច្ច កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យឥណ្ឌា OP Jindal Global និងមានជំនាញលើគោលនយោបាយការបរទេសសហរដ្ឋអាមេរិក និងចិន។

ការស្រឡាញ់ចូលចិត្តចិន ត្រូវបានស្ដែងចេញឱ្យឃើញក្នុងសេចក្ដីណែនាំស្ដីពីអាហ្វ្រិកឆ្នាំ ២០២១ របស់ចិន ដែលអះអាងថា គោលដៅរបស់ទីក្រុងប៉េកាំងនៅលើទ្វីបនេះ គឺ «ការផ្ដល់ឱ្យកាន់តែច្រើន ហើយយកមកវិញតិច ផ្តល់មុនយក ហើយផ្ដល់ឱ្យដោយមិនរំពឹងអ្វីជាថ្នូរមកវិញ ដូច្នេះចិនស្វាគមន៍ប្រទេសអាហ្រ្វិកដើម្បីអភិវឍ្ឍន៍រថភ្លើងល្បឿនលឿនជាមួយខ្លួនទាំងបើកដៃ»។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានការចោទសួរស្ដីពីរបៀបដែលបណ្ដាប្រទេសអាហ្វ្រិកទាញយកផលប្រយោជន៍ពីទំនាក់ទំនងដែលគ្មានតុល្យភាពនោះ។ លោក Dhyani បានសរសេរថា៖ «ការទទួលយកជំនួយ ការវិនិយោគ ដើមទុន និងបច្ចេកវិទ្យារបស់ចិន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ គឺមិនគ្រប់គ្រាន់សម្រាប់ការទាញយកអត្ថប្រយោជន៍នោះទេ»។ លោកបន្តថា អ្វីដែលទាមទារនោះគឺការអនុវត្តភ្នាក់ងារក្នុងតំបន់ ដើម្បីទាញយកអត្ថប្រយោជន៍ដ៏ច្រើនបំផុតដែលអាចធ្វើទៅបាន ហើយវាចាំបាច់ឱ្យរដ្ឋាភិបាលនៅអាហ្វ្រិកសង្កត់ធ្ងន់លើការធ្វើឱ្យរាល់គម្រោង BRI មានលក្ខណៈជាមូលដ្ឋាន ដើម្បីឱ្យតួអង្គនយោបាយ សង្គម និងសេដ្ឋកិច្ចចូលរួម។

ត្រង់ចំណុចនេះ ប្រទេសនីហ្សេរីយ៉ាអាចជាករណីសិក្សាសំខាន់អំពីអ្វីដែលកើតឡើង នៅពេលដែលប្រទេសអាហ្រ្វិកបរាជ័យក្នុងការប្រើឥទ្ធិពលរបស់ខ្លួន ក្នុងការរៀបចំទំនាក់ទំនងជាមួយចិនដើម្បីបំពេញតម្រូវការរបស់ប្រជាជនរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ ២០០៦ មក ចិន និងនីហ្សារីយ៉ា គឺជាដៃគូយុទ្ធសាស្ត្រ ហើយទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២ បានរីកចម្រើនក្នុងលក្ខណៈដែលភាគីទាំង២នឹងពណ៌នាជាទូទៅថា «ឈ្នះ-ឈ្នះ»។ ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ ចិនបានលេចចេញជាតួអង្គសំខាន់នៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយចំពោះជំនួយអភិវឌ្ឍន៍ ចិនក៏បានក្លាយជាដៃគូនីហ្សេរីយ៉ាពេញចិត្តផងដែរ។

គេមើលឃើញថា ចិនគឺជាប្រភពនៃមូលនិធិចម្បងរបស់នីហ្សេរីយ៉ា ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែយ៉ាប់យ៉ឺនរបស់ខ្លួនឡើងវិញ ដោយរដ្ឋាភិបាលក្រុងអាប៊ូចា បានចូលរួមជាមួយ BRI ជាផ្លូវការនៅក្នុងឆ្នាំ ២០១៨ នៅវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) នៅទីក្រុងប៉េកាំង។ ចិន និងតួអង្គសេដ្ឋកិច្ចរបស់ប្រទេសនេះ ជាពិសេសសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) បានលេចចេញជាកម្លាំងជំរុញនៅពីក្រោយគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធរបស់នីហ្សេរីយ៉ា រាប់ចាប់តាំងពីផ្លូវរថភ្លើង រហូតដល់ព្រលានយន្តហោះ និងបណ្ដាញទូរគមនាគមន៍។

ខណៈរដ្ឋាភិបាលក្រុងអាប៊ូចា អរគុណដល់ចិន ប្រតិបត្តិការ BRI នៅក្នុងប្រទេសនីហ្សេរីយ៉ា ហាក់ដូចជាអាថ៌កំបាំងសម្រាប់តួអង្គពាក់ព័ន្ធក្នុងស្រុក ដោយរារាំងការចូលរួមរបស់ពួកគេក្នុងការសម្រេចចិត្ត និងការអនុវត្តគម្រោងជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានបញ្ហាចម្រូងចម្រាស់លើកង្វះតម្លាភាពជុំវិញកិច្ចព្រមព្រៀងប្រាក់កម្ចីដែលមានស្រាប់រវាងធនាគារប្រតិបត្តិ និងធនាគាររដ្ឋរបស់ចិន។ ហើយដោយសារតែបញ្ហាទាំងអស់នេះ គម្រោងនានារបស់ BRI របស់ចិននៅនីហ្សេរីយ៉ាងពោពេញដោយភាពសម្ងាត់ អំពើពុករលួយ និងការមិនយកចិត្តទុកដាក់ចំពោះច្បាប់ក្នុងស្រុកជាដើម។

គ្រប់ទាំងបញ្ហានៅនីហ្សេរីយ៉ាក្រោម BRI បង្កើតជាសំណួរថាតើប្រជាជននីហ្សេរីយ៉ាកំពុងទទួលបានកិច្ចព្រមព្រៀងល្អបំផុតពីទំនាក់ទំនងរវាងរដ្ឋាភិបាលរបស់ខ្លួន និងចិន ដែរឬយ៉ាងណា។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពីហានិភ័យទាក់ទងនឹង BRI ដូចជានិរន្តរភាពបំណុល ហេដ្ឋារចនាសម្ព័ន្ធជាប់គាំង និងគ្រោះថ្នាក់ដល់សហគមន៍មូលដ្ឋាន និងបរិស្ថាន គឺកាន់តែធ្ងន់ធ្ងរទៅៗដោយសារវត្តមានរបស់ស្ថាប័នក្នុងស្រុកទន់ខ្សោយ និងអំពើពុករលួយដែលរារាំងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។ ហើយដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពី BRI ការអនុវត្តអភិបាលកិច្ចល្អ ដែលឆ្ពោះទៅរកភាពបើកចំហ តម្លាភាព និងការប្រកាន់ខ្ជាប់នូវច្បាប់លទ្ធកម្មក្នុងស្រុក។

ត្រង់ចំណុចនេះ លោក Dhyani បាននិយាយថា វាមិនកើតមានតែនៅក្នុងប្រទេសនីហ្សេរីយ៉ាមួយប៉ុណ្ណោះទេសម្រាប់ទ្វីបអាហ្វ្រិកទេ ហើយវាជាបញ្ហាដែលបណ្ដាប្រទេសផ្សេងទៀតនៅទ្វីបអាហ្វ្រិកត្រូវយកចិត្តទុកដាក់ចំពោះការវិនិយោគ ឬផ្ដល់ជំនួយរបស់ចិន៕ ដោយ៖ ហួន ឌីណា

ads banner