សម្ដេចតេជោ ហ៊ុន សែន៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងធ្វើឡើងវិញនៅឆ្នាំ២០២៣ ខាងមុខ
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នាល្ងាចថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋថា កម្ពុជានឹងប្រារពព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ក្នុងឆ្នាំ២០២៣ខាងមុខនេះឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកីឡាគុនល្បុក្កតោ នៅសង្ក្រាន្តនាពេលចូលឆ្នាំកន្លងទៅ ពិតជាជំរុញល្បឿន នៃការដាក់ក្បាច់គុននេះទៅចូលទៅការទទួលស្គាល់ពីបញ្ជីបេតិកភណ្ឌទទួលស្គាល់ដោយអង្គការយូណេស្កូ ។
សម្តេចក៏បានបញ្ជាក់ដល់បងប្អូនជនរួមជាតិទូទាំងប្រទេសឲ្យបានជ្រាបថា « សង្ក្រាន្តឆ្នាំថ្មី ២០២៣ សង្ឃឹមថា កីឡាល្បុក្កតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំនៅអង្គរសង្ក្រាន្តនៅពេលនោះ»។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផឹកទឹកត្រូវនឹកដល់ប្រភពទឹក។ យើងគួរតែមានការអរគុណយ៉ាងជ្រាលជ្រៅចំពោះដូនតារបស់យើងគ្រប់ជំនាន់ដែលបានខិតខំបន្សល់ទុកស្នាដៃ គឺទុកឲ្យយើងជាក្មេងជំនាន់ក្រោយ ប្រសិនបើដូនតារបស់យើងមិនមានបន្សល់ទុកអ្វីឲ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណាដើម្បីយកទៅដាក់ជាបញ្ជីបេតិកភណ្ឌពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះកីឡាករកីឡាការិនីទាំងអស់ដែលបានខិតខំងើបឈរឡើងដើម្បីប្រមូលដើមទុន ឬចាប់តាំងពីក្រោយរំដោះឆ្នាំ១៩៧៩ អ្នកទាំងនោះបានខិតខំងើបឈរឡើង ៕ដោយ : វណ្ណលុក