កុមារ៤នាក់ស្លាប់ក្នុងរណ្តៅដីលិចទឹក ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល (Video Inside)

កុមារប្រុសនិងស្រីចំនួន ៤នាក់ បានលង់ទឹកស្លាប់នៅក្នុងរណ្តៅដីមួយកន្លែង នៅក្នុងខេត្តកណ្តាល ក្នុងពេលដែលពួកគេបាននាំគ្នាចុះរាវខ្ចៅនិងខ្ចង។ ហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល ក្នុងរណ្តៅដែលមានជម្រៅប្រមាណ៥ម៉ែត្រ ដែលមានកុមារីអាយុ១៣ឆ្នាំ២នាក់ និងកុមារាអាយុ ១០និង១២ឆ្នាំចំនួន២នាក់ បាននាំគ្នាចុះក្នុងទឹករាវរកខ្ចៅនិងខ្យង។

សមត្ថកិច្ចបានថ្លែងថា ក្នុងព្រឹត្តិការណ៍ដែលកើតឡើងនោះ មានកុមារីម្នាក់បានរត់មកប្រាប់បុរសជាកសិករអាយុ៣៨ឆ្នាំ ឈ្មោះ យឿន សែម ដោយប្រាប់ថា បងស្រីរបស់នាងបានលង់ទឹក។ បុរសជាកសិករ បានរត់ ទៅកាន់រណ្តៅនោះ និងឃើញស្បែកជើងច្រើនគូនៅមាត់រណ្តៅប៉ុន្តែមិនបានឃើញមនុស្សឡើយ។

គាត់និងអ្នកភូមិបាននាំគ្នាចុះរាវនិងរកឃើញភ្លាមកុមារី២នាក់ និងក្រោយមកទៀត ទើបបានរកឃើញ២នាក់ទៀត ប៉ុន្តែបានបាត់បង់ជីវិតទៅហើយ។ កុមារាកុមារីទាំង៤ រួមមាន ឈ្មោះ នី ស្រីណា ភេទស្រី អាយុ១៣ឆ្នាំ , នី ស្រីណាក់ ភេទស្រី អាយុ១៣ឆ្នាំ , កុមារីទាំង២នាក់ ជាបងប្អូនភ្លោះ…កុមារាអាយុ១២ឆ្នាំឈ្មោះ ខាន់ គីមយ៉ាន និងកុមារាអាយុ១០ឆ្នាំ ឈ្មោះ ខាន់ ថានុ។

ក្រុមគ្រូពេទ្យជំនាញ បានបញ្ជាក់ថាកុមារទាំង៤ពិតជាបានស្លាប់ដោយសារករណី លង់ទឹកពិតប្រាកដមែន។

ads banner