កម្ពុជា-ជប៉ុន កំពុងពិនិត្យលទ្ធភាពបើកជើងយន្តហោះឡើងវិញ

អត្ថបទដោយ៖
Apsara Net

ជប៉ុនកំពុងពិនិត្យលទ្ធភាព បើកជើងហោះហើរត្រង់ពីជប៉ុនមកកាន់កម្ពុជាឡើងវិញ បន្ទាប់ពីបានផ្អាកចាប់តាំងពីខែមេសា ឆ្នាំ២០២០ ដោយសារតែវិបត្តិឆ្លងនៃជំងឺកូវីដ១៩។

រដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន ក្នុងឳកាសជួបទទួលសម្តែងការគួរសម និងជំរាបលារបស់ឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហ៊ីរ៉ូ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើងពីការជំរុញឲ្យមានការបើកជើងហោះហើរត្រង់រវាងភ្នំពេញ និងក្រុងតូក្យូឡើងវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្នជើងហោះហើរជប៉ុននោះ បានបើកដំណើរការសាឡើងវិញតាមប្រទេសមួយចំនួនក្នុងតំបន់រួចមកហើយ ដូចជាប្រទេសថៃ និងវៀតណាម ប៉ុន្តែនៅមិនទាន់បានបើកចំពោះប្រទេសកម្ពុជាឡើយ ។

បច្ចុប្បន្នតួលេខភ្ញៀវទេសចររវាងកម្ពុជា និងជប៉ុន មានតួលេខកើនឡើងជាមុន បើទោះបីជាស្ថានការណ៍កូវីដ១៩ នៅមិនទាន់ស្ងប់ស្ងាត់ក៏ដោយ។ យោងតាមតួលេខនារយៈពេល១០ខែ ឆ្នាំ២០២២នេះ ជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជា ប្រមាណជាង៧ពាន់នាក់ ខណៈកម្ពុជា វិញទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង១ម៉ឺន៩ពាន់នាក់។

លោករដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូតជប៉ុន មីកាមិ ម៉ាសាហ៊ីរ៉ូ សង្ឃឹមថាកំណើនភ្ញៀវទេសចរ ដែលធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរ នឹងបន្តកើនឡើងបើសិនជាមានការបើកជើងហោះហើរឡើងវិញ រវាងក្រុងភ្នំពេញ និងក្រុងតូក្យូ៕

ads banner