បារាំងអំពាវនាវឱ្យក្រុមមនុស្សមានហានិភ័យខ្ពស់ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ

ប៉ារីស៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក អូលីវីយ៉េ វ៉ារ៉ាន់ ក្នុងថ្ងៃព្រហស្បតិ៍ទី០១ ខែវិច្ឆិកានេះ បានអំពាវនាវដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ទៅទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញបន្ថែមទៀត ឱ្យបាននៅមុនរដូវកាលវិស្សមកាលមកដល់។

ក្នុងនាមជាអតីតរដ្ឋមន្ត្រីសុខាភិបាល លោក វ៉ារ៉ាន់ បានប្រាប់វិទ្យុ RMC-BFMTV ថា មានតែ ២០ភាគរយនៃក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសបារាំងប៉ុណ្ណោះ ដែលទៅទទួលការចាក់វ៉ាក់សាំងបង្ការដូសទី២ ឬដូសជំរុញរបស់ពួកគេ ចំពេលមានរលកថ្មីនៃជំងឺកូវីដ១៩ និងការរីករាលដាលនៃជំងឺផ្តាសាយតាមរដូវ។

លោក វ៉ារ៉ាន់ បន្ថែមថា បច្ចុប្បន្នមានវីរុសបម្លែងខ្លួនប្រភេទថ្មីមួយ ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសបារាំង ហើយថា យើងមានការកើនឡើងករណីឆ្លងច្រើនជាង ២០ភាគរយដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅតាមមណ្ឌលថែទាំសុខភាព ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់យើងចុះខ្សោយ។

ស្ថាប័នជំនាញខាងភាពស៊ាំរបស់បារាំង Brigitte Autran បានឱ្យដឹងថា BA.5 ដែលជាវីរុសបម្លែងខ្លួនថ្មី អូមីក្រុង មានដើមកំណើតមកពីវីរុសកូវីដ-១៩ ដែលបង្កករណីឆ្លងរីករាលដាលទូទាំងប្រទេសបារាំងនោះ ឥឡូវនេះត្រូវបានជំនួសដោយវីរុសបម្លែងខ្លួនថ្មីមួយប្រភេទទៀត គឺ BQ.1.1 វិញម្តង។

ទីភ្នាក់ងារសុខភាពសាធារណៈបារាំង បានប្រកាសក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ករណីឆ្លងថ្មីៗជិត ៧០,០០០ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនៅទូទាំងប្រទេសបារាំង៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner