អ.ស.ប ត្រូវការថវិកាជំនួយ ៥១.៥ពាន់លានដុល្លារ ដើម្បីជួយដល់ជនអត់ឃ្លានរាប់សិបលាននាក់ទូទាំងពិភពលោក
អ.ស.ប៖ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន ក្នុងថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូនេះ បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិការហូតដល់ ៥១.៥ពាន់លានដុល្លារ ជាចំនួនដ៏ច្រើនមិនធ្លាប់មាន ដើម្បីផ្តល់ជំនួយក្នុងឆ្នាំ២០២៣ខាងមុខ ខណៈមនុស្សរាប់សិបលាននាក់បន្ថែមទៀត ត្រូវគេរំពឹងថា នឹងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ។
ទំហំថវិកាខាងលើនេះ គឺច្រើនជាងទឹកប្រាក់ ៤១ពាន់លានដុល្លារ ដែលអង្គការសហប្រជាជាតិបានស្នើសុំសម្រាប់ឆ្នាំ២០២២។ ទន្ទឹមគ្នា មន្រ្តីសម្របសម្រួលការផ្តល់ជំនួយបន្ទាន់ នៃអង្គការសហប្រជាជាតិ លោក ម៉ាទីន គ្រីហ្វហ្វីស បាននិយាយថា តម្រូវការជំនួយមនុស្សធម៌ស្ថិតក្នុងកម្រិតខ្ពស់ដែលគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែព្រឹត្តិការណ៍អាក្រក់ៗក្នុងឆ្នាំ២០២២នេះ កំពុងអូសបន្លាយទៅដល់ឆ្នាំ២០២៣ ក្នុងនោះរួមមានសង្រ្គាមនៅអ៊ុយក្រែន និងគ្រោះរាំងស្ងួតនៅតំបន់ជ្រោយទ្វីបអាហ្រ្វិក (Horn of Africa)។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលវាយតម្លៃលើតម្រូវការផ្នែកមនុស្សធម៌ជាសកល បានព្យាករណ៍ថា មនុស្ស៦៥លាននាក់បន្ថែមទៀត នឹងត្រូវការការផ្តល់ជំនួយជាបន្ទាន់នៅឆ្នាំក្រោយ ធ្វើឱ្យចំនួនអ្នកត្រូវការជំនួយមនុស្សធម៌សរុបកើនឡើងដល់ ៣៣៩លាននាក់ ក្នុង ៦៨ប្រទេស នៅទូទាំងពិភពលោក។ តួលេខនេះគឺតំណាងឱ្យជាង៤ភាគរយនៃចំនួនប្រជាជនសរុបនៅលើផែនដី ឬស្មើនឹងចំនួនប្រជាជនសរុបនៅសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ដោយ៖ ទីណា និងបុត្រា

