សិស្សបាក់ឌុបនៅតែមានជំនឿបន់ស្រន់សុំឱ្យជោគជ័យមុនការប្រឡងឈានមកដល់
ភ្នំពេញ៖ នៅក្នុងថ្ងៃពិនិត្យមើល បញ្ជី ឈ្មោះ លេខ តុ លេខ និងបន្ទប់ ដើម្បីត្រៀមខ្លួនប្រឡងនៅថ្ងៃទី០៥ ខែធ្នូឆ្នាំ២០២២ថ្ងៃស្អែកនេះ គេឃើញបេក្ខជនប្រឡងបាក់ឌុប ក្រៅពីបានទៅពិនិត្យមើលបញ្ជីឈ្មោះ ហើយក៏មានសិស្សមួយចំនួនក៏មិនភ្លេចនាំគ្នាបន់ស្រន់នៅតាមមណ្ឌលប្រឡងរបស់ខ្លួនផងដែរ។

ជំនឿនៃការបន់ស្រន់ មិនមែនមានតែឆ្នាំនេះទេ ពោលគឺមានច្រើនឆ្នាំបន្តបន្ទាប់មកហើយ ដែលនេះស្ទើរតែក្លាយជារឿងធម្មតាសម្រាប់សិស្សដល់ពេលប្រឡងបាក់ឌុបទៅហើយ។

ក្រៅពីបន់ស្រន់នៅតាមមណ្ឌលប្រឡងហើយ មុនការប្រឡងមកដល់ក៏គេឃើញសិស្សបាក់ឌុបមួយចំនួនក៏មាន ជំនឿ នៃការស្រោចទឹក សុំពរជ័យ ពីព្រះសង្ឃ ពីចាស់ទុំដើម្បីសុំសេចក្តីសុខសប្បាយនិងសុំជោគជ័យក្នុងការប្រឡងដែរ។
កន្លងមកមានការរិះគន់ជាទូទៅថា៖សិស្សមិនគួរសុំការប្រឡងជាប់ពីរឿងអប្បិយជំនឿ និងពួកគេគួរណាស់ ខិតខំរៀនសូត្រវិញនោះទើបជាជម្រើសមួយល្អបំផុត។ការបន់ស្រន់ ការស្រោចទឹកគ្មានអ្វីជួយបានឡើយ ក្រៅពីការខិតខំរៀនសូត្រ។

ក្នុងពេលកំពុងយកចេក និងផ្លែឈើបន្តិចបន្តួចមួយថាស ដើម្បីបន់ស្រន់រូបសំណាកនៅវិទ្យាល័យជាស៊ីមសាមគ្គីក្នុងរាជធានីភ្នំពេញ កញ្ញា សុភក្តិបានឱ្យដឹងថា៖ការបន់ស្រន់នេះដើម្បីជួយតាមផ្លូវងងឹតពង្រឹងស្មារតីដល់ខ្លួន និងជួយឲ្យប្រឡងជាប់ នេះមិនមែនមានន័យថា រូបកញ្ញាមិនខិតខំរៀននោះឡើយ ហើយនេះក៏ជាជំនឿសាសនាតាំងពីដូនតាមកម្ល៉េះ ហេតុនេះយើងត្រូវតែគោរព។
ក្នុងកាយវិការអ៊ិមអៀន និង មិនចង់ប្រាប់ឈ្មោះពិតប្រាកដផងសិស្សបាក់ឌុបរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា៖”វាជាជំនឿរបស់ខ្មែរយើង ដូចជារៀបចំអ្វីមួយធំៗមិនថាអាពាហ៍ពិពាហ៍ រៀបចំសម្តែងសិល្បៈ ឬពិធីធំៗដូចឃើញហើយថាខ្មែរយើងតែងរៀបចំបន់ស្រន់ឱ្យសុខសប្បាយ និងទទួលជោគជ័យក្នុងពិធី ហេតុនេះវាជាទំនៀមទម្លាប់មួយដែលខ្មែរយើងអនុវត្តយូរមកហើយ។សម្រាប់ស្អែកនេះជាការប្រឡងដ៏សំខាន់ក្នុងជីវិត របស់នាងខ្ញុំ ហេតុនេះនាងខ្ញុំបន់ស្រន់ដើម្បីបានសុខសប្បាយនិងជោគជ័យផងដែរ”។

ប្រាប់ដូចគ្នានេះយុវជន សម្ភស្ស ដែលបានកាន់ធូបបន់ស្រន់ក្នុងពេលមកពិនិត្យមើល បញ្ជី ឈ្មោះ លេខ តុ លេខ និងបន្ទប់ នៅសាលាអនុវត្តរាជធានីភ្នំពេញបានប្រាប់ថា៖រូបលោកឃើញគេចូលបន់ស្រន់នៅកន្លែងគោរពបូជាក្នុងសាលារៀន ដែលជាមណ្ឌលប្រឡងនេះក៏បានចូលបន់ស្រន់សុំសេចក្តីសុខ និងសុំឱ្យស្អែកនេះកុំមានការភិតភ័យ ហើយពិសេសសុំឱ្យប្រឡងជាប់ដូចសេចក្តីប្រាថ្នា។
នៅពេលចោទសួរថាតើមានខំរៀនទេមុនប្រឡងយុវជនរួបរាងស្គមខ្ពស់រូបនេះឆ្លើយថា”ខ្ញុំបានខិតខំរៀនជាងកន្លះឆ្នាំមកហើយមិនហ៊ានចេញទៅណាទេ។ខ្ញុំរៀនស្ទើរពេញៗមួយថ្ងៃ ពេលនេះត្រូវបញ្ចេញចំណេះដឹងនៅថ្ងៃស្អែកហើយ និងសង្ឈឹមថាប្រឡងជាប់ពុំខាន”។
យុវនារីមួយរូបឈ្មោះ នៅសាលារៀនទូលទំពូងបានប្រាប់ស្រដៀងគ្នាទាក់ទិនក្នុងការបន់ស្រន់នេះថា”មុននេះខ្ញុំបានយកចេក និងនំនែកបន្តិចបន្តួចសែនព្រេនម្ចាស់ទឹកម្ចាស់ដីកន្លែងមណ្ឌលប្រឡងដើម្បីសុំសេចក្តីសុខ និងពិសេសសុំឱ្យប្រឡងជាប់។ខ្ញុំគិតថាការបន់ស្រន់ជារឿងធម្មតារបស់ដូនតាយើង ។សំខាន់យើងខំរៀនឱ្យបានច្រើនទៅវាជាប់ហើយ និងបើពឹងបន់ស្រន់វាមិនអាចទៅរួចទេ”។

គួរបញ្ជាក់ថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕ ដោយ ៖ ម៉ាដេប៉ូ