លោកម៉ាក្រុង ថា កុំភ័យស្លន់ស្លោ ចំពោះលទ្ធភាព នៃការកាត់ផ្តាច់ចរន្តអគ្គិសនី នៅបារាំង
បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា គ្មានហេតុផលអី ដែល គួរភ័យស្លន់ស្លោ ចំពោះ ការកាត់ផ្តាច់ ចរន្តអគ្គិសនី ដែលអាចកើតឡើង នារដូវរងានេះ នោះទេ ។ ប៉ុន្តែទន្ទឹមនេះ លោកបាន អំពាវនាវឱ្យ ពលរដ្ឋ បារាំង ប្រើប្រាស់ថាមពល សន្សំសំចៃជាងមុន និងស្នើឱ្យ ក្រុមហ៊ុន ផ្គត់ផ្គង់អគ្គិសនីបារាំង (EDF) ចាប់ផ្តើមម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ ដើម្បីការពារការដាច់ភ្លើង ក្នុងករណីអាកាសធាតុត្រជាក់ ។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយស្ថានីយទូរទស្សន៍បារាំង TF1 លោកប្រមុខរដ្ឋបារាំង ម៉ាក្រុង បានបដិសេធថា ហានិភ័យនៃការកាត់ផ្តាច់ចរន្តអគ្គិសនី គឺមិនមែនមកពី ការគ្រប់គ្រង មិនបានល្អ នូវកម្មវិធី ដំណើរការឡើងវិញ នៃម៉ាស៊ីន ប្រតិកម្មនុយក្លេអ៊ែរ របស់ក្រុមហ៊ុន EDF ឡើយ ។
លោក ម៉ាក្រុង និយាយថា ៖ «ជាដំបូង សូមឲ្យយើងយល់ច្បាស់ កុំភ័យស្លន់ស្លោ ! វាជារឿងស្របច្បាប់សម្រាប់ រដ្ឋាភិបាល ក្នុងការរៀបចំទុកជាមុន ក្នុងករណីធ្ងន់ធ្ងរ ដែលមានន័យថា នឹងមានការកាត់ផ្តាច់ចរន្តអគ្គិសនី ២-៣ ម៉ោងក្នុងមួយថ្ងៃ ប្រសិនបើយើងមិនមានថាមពលគ្រប់គ្រាន់» ។
ទាក់ទងរឿងនេះដែរ ប្រធាន ប្រតិបត្តិករ បណ្តាញអគ្គិសនីបារាំង RTE បាននិយាយ កាលពីសប្តាហ៍មុនថា ប្រទេសបារាំង អាចនឹងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីខ្លះនៅរដូវរងានេះ ហើយរដ្ឋាភិបាលបានចាប់ផ្តើមណែនាំ អាជ្ញាធរមូលដ្ឋាន អំពី វិធីដោះស្រាយ ចំពោះការដាច់ភ្លើងណាមួយ ដែលអាច កើត ឡើង ។
គួរជ្រាបថា ក្រុមហ៊ុន EDF បាននិងកំពុងប្រឈមមុខនឹងការបិទដំណើរការ នៃបណ្តារ៉េអាក់ទ័រនុយក្លេអ៊ែរ ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដោយត្រូវកាត់បន្ថយ ការផលិតអគ្គិសនី ដល់កម្រិតទាបក្នុងរយៈពេល ៣០ឆ្នាំ នៅ ជួន ចំពេលដែល អឺរ៉ុបកំពុងស្វែងរកថាមពល ដើម្បីជំនួសការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ។ រុស្ស៊ីដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប ដើម្បីជាការសងសឹក ចំពោះទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានដាក់លើរុស្ស៊ីដែលបានផ្តើមឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ដោយ:លី លីយ៉ា
ប្រភពព័ត៌មាន៖
Macron says ‘no panic’ about possible French power cuts