សម្ដេច ក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្ថែមលើការងារក្នុងការធ្វើនិងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មៃរនៅកន្លែងដែលធ្វើលិខិតឆ្លងដែនតាមបណ្តាខេត្ត…

អត្ថបទដោយ៖
Kien Sereyvuth

  ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងសហគមន៍និងកាត់បន្ថយពីភាពយឺតយ៉ាវអសកម្មផ្សេងៗ ក្នុងការធ្វើនិងផ្តល់នូវអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទូទៅដែលកន្លងមកនេះ ត្រូវបានប្រជាពលរដ្ឋត្អូញត្អែរពីការផ្តល់
(សន្លឹកកាត)នៅតែមានការយឺតយ៉ាវបង្កការលំបា កខ្លាំងដល់ពួកខ្លួន។ ហេតុផលដែលចេះតែលើក ដាក់ឲ្យគ្នាទៅវិញទៅមកបែបនេះហើយទើបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅកាន់ឯកឧត្តម កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយតម្រូវឲ្យរៀបចំបញ្ចូលការធ្វើអត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋនៅកន្លែងធ្វើលិខិតឆ្លងដែនតាមខេត្តដែលមានស្រាប់និងដើម្បីបង្កនូវភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋនិងឆ្លើយតបបានទាន់ពេលវេលាជូនពលរដ្ឋដែលគាត់ត្រូវការអត្តសញ្ញាណប័ណ្ណ ដើម្បីបានយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

       ការថ្លែងលើកឡើងយ៉ាងដូច្នេះ គឺនៅក្នុងឱកា សដែលសម្តេចអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះរៀបចំនូវវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៥ខែកញ្ញា២០១៩នេះ។

         នេះជាលើកដំបូងហើយ និងជាការវះកាត់ក្នុងការដាក់នូវបទបញ្ជាឲ្យបង្កើតបន្ថែម កន្លែងធ្វើអត្តសញ្ញាណប័ណ្ណបែបនេះ ដើម្បីជាការឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលតែងតែ បានលើកឡើងយ៉ាងក្តៅគគុក ពីគ្រប់កម្មវិធីបើក អង្គវេទិកាសាធារណៈកន្លងមក នៅតាមបណ្តាស្រុក-ក្រុងទាំង១៤ក្នុងខេត្តបាត់ដំបង ដោយបានស្នើ សុំឲ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជាអាជ្ញាធរនៃរដ្ឋបាលខេត្ត ជួយសម្រួលដល់ការធ្វើអត្តសញ្ញាប័ណ្ណរបស់ពួកគាត់ ហើយដែលពួកគាត់មិនអាចធ្វើបាន
នៅតាមមូលដ្ឋានដែលក្រុមការងារ ចុះទៅធ្វើអត្តសញ្ញាណប័ណ្ណតាមភូមិ។ហើយនៅពេលពួកគាត់ត្រូវការប្រើអត្តសញ្ញាណប័ណ្ណបន្ទាន់គឺត្រូវឡើងទៅរាជធានីភ្នំពេញ ដើម្បីស្នើសុំធ្វើ ដែលបញ្ហានេះ គឺធ្វើឲ្យពួកគាត់ត្រូវចំណាយថវិកាយ៉ាងច្រើននិងនាំ ឲ្យគាត់ខាតបង់ពេលវេលានិងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃថែមទៀតផង ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបាត់ដំបង បានមានប្រសាសន៍គូសបញ្ជាក់នៅក្នុងរបាយការណ៍ស្វាគមន៍របស់ខ្លួនថា៖ ក្នុងឆ្នាំ២០១៩នេះ ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ និង អាជ្ញាធរមូលដ្ឋានបានចាប់ផ្ដើមនៅអំឡុងខែកក្កដារហូតមកបានចំនួន ១៥៥លើក និងមានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ថ្នាក់ដោយមិនប្រកាន់នូវនិន្នាការ បានមកចូលរួម សរុប២២ពាន់ ៣៩៧នាក់។ហើយអ្វីដែលអង្គវេទិកាប្រមូលបាននូវបញ្ហានិងកង្វល់របស់ប្រជាពលរដ្ឋនោះ ក្នុងនោះ ដោយបានផ្តោតនូវបញ្ហាប្រឈមចំពោះមុខ ដែលពួកគាត់បានលើកឡើងនៅក្នុងវេទិកាសាធារណៈគឺមាន៖ ចំនួន ១.០៥៧ បញ្ហា។ ដោយបញ្ហាទាំងអស់នោះគឺផ្តោតនូវបញ្ហា រួម ០៤ចំណុចសំខាន់ធំៗ ដែលរួមមាន៖បញ្ហាការផ្ដល់នូវសេវាតម្រូវការ, បញ្ហាទំនាស់, បញ្ហាកង្វល់ និងពីបញ្ហាដែលលើកជាសំណើរ និង សំណូមពរផ្សេងៗ…។

       នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះរៀបចំនូវវេទិកាសាធារណៈក្នុងខេត្តបាត់ដំបង ស ម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ដោយសង្កត់ធ្ងន់បន្ថែមទៀតថា៖កន្លងមកនេះ ក្រសួងមហាផ្ទៃបានរួមចំណែកក្នុងការជួយសម្រាលដល់ការចំណាយ និងការខាតបង់ពេលវេលារបស់ពលរដ្ឋ ហើយក្នុងនោះ រាជរដ្ឋាភិបាល ក៏សម្រេចឲ្យបង្កើតកន្លែងធ្វើលិខិតឆ្លងដែនបន្ថែមទៀត នៅតាមខេត្តមួយចំនួន ក្នុងនោះមានខេត្តបាត់ដំបង, កោះកុងនិងខេត្តបន្ទាយមានជ័យ។និងដើម្បីឆ្លើយ តបទៅនិងតម្រូវការបន្ថែមរបស់ប្រជាពលរដ្ឋយើងនៅក្នុងឱកាសនោះសម្ដេចក្រឡាហោម ក៏បានស្នើឲ្យឯកឧត្តម កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ត្រូវរៀបចំកន្លែងធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋនៅកន្លែងធ្វើលិខិតឆ្លងដែននិងការធ្វើអត្រានុកូលដ្ឋានដែល ស្ថិតក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនេះ ។
 
      នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏ បានជំរុញទៅកាន់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្ត និងស្ថាប័នអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំក្នុងការដោះស្រាយនូវបញ្ហានានា ដែលពលរដ្ឋបានលើកឡើង នៅក្នុងវេទិការសាធារណៈ កន្លងមក ទាំងសំណូមពរ តម្រូវការចាំបាច់ចំពោះមុខនិងទុក្ខកង្វល់របស់ពួកគាត់ ត្រូវរួមគ្នាក្នុងការគិតគូរដោះ ស្រាយនិងឆ្លើយតបឲ្យសមស្របបានទាន់និងត្រូវបន្តចុះធ្វើវេទិកានៅតាមមូលដ្ឋានទៀត ជាពិសេសត្រូវចុះឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងសួរនាំពីសំណើ និងទុក្ខកង្វល់ ដើម្បីបានដឹងកាន់តែច្បាស់លាស់។ ហើយវាក៏ជាការល្អប្រសើរ ជាងទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានផ្ដល់ឲ្យ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner