ថ្ងៃទី២ នៃការប្រឡងបាក់ឌុបនេះ បេក្ខជនមួយចំនួននៅតែជួបបញ្ហាសុខភាព ខណៈការប្រឡងស្ងប់ស្ងាត់និងរលូនល្អ
ភ្នំពេញ៖ ក្រសួងអប់រំបានឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២២ដែលជាថ្ងៃទី ២នេះក្នុងអំឡុងដំណើរសំណេរការប្រឡង បេក្ខជនមួយចំនួនបានកើតបញ្ហាសុខភាព ខណៈការប្រឡងប្រព្រឹត្តិទៅរលូន និងមានរបៀបរៀបរយល្អ។
ក្រសួងបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ជាមួយគ្នាក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ ទាក់ទិនក្នុងការប្រឡងបាក់ឌុបថ្ងៃទី២នេះដែរក្រសួងបានឱ្យដឹងថាមានភាពស្ងប់ស្ងាត់តាមមណ្ឌលសំណេរក្នុងម៉ោងទី១ ថ្ងៃទី២នេះ។
គួរបញ្ជាក់ថា វិញ្ញាសាសម្រាប់ម៉ោងទី១ ព្រឹកថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីម៉ោង ៧:៣០ ដល់ ៩:០០ គឺអក្សសាស្ត្រខ្មែរសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ នាព្រឹកថ្ងៃទី២នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ដោយការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ ៕ ដោយ៖ម៉ាដេប៉ូ


