ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធករណីជាប់គាំងមនុស្ស ក្នុងផ្សារទំនើបមួយនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោល ព័ត៌មានមិនពិត ពាក់ព័ន្ធករណីជាប់គាំងមនុស្សក្នុងផ្សារទំនើបមួយ នៅរាជធានីភ្នំពេញ ក្នុងចេតទនាមិនល្អបំពុលសង្គម ទាំងដែលជាក់ស្ដែង មិនមានករណីជាប់គាំងមនុស្ស ក្នុងផ្សារទំនើបណាមួយកើតឡើង ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនោះទេ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានអះអាងថា រូបភាពដែលត្រូវបានគេបង្ហោះ ភ្ជាប់ជាមួយខ្លឹមសារ ជាប់គាំងមនុស្សក្នុងផ្សារទំនើបនោះ គឺជារូបភាពនៅបរទេស មិនមែនរូបភាពផ្សារទំនើបនៅរាជធានីភ្នំពេញនោះទេ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម។ ពេលនេះ សមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនី ដែលផុសព័ត៌មានមិនពិតនេះ ដេីម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
សូមជម្រាបថា គណនី Facebook មួយបានបង្ហោះនូវរូបភាព ដោយភ្ជាប់ ជាមួយខ្លឹមសារថា មានមនុស្សជាប់គាំងក្នុងផ្សារទំនើបនៅរាជធានីភ្នំពេញ ដើម្បីទៅទិញម៉ាស៊ីនត្រជាក់ខ្នាតតូចមួយ ៕ ដោយ ៖ ប៊ុនធី
