កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល ​

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាលដើម្បីជំរុញលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច ដើម្បីធានាដល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៃតម្រូវការសង្គម ។ ​

ថ្លែងក្នុងពិធីដាក់ឱ្យដំណើការកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​លើកឡើងថា ផ្អែកទៅលើការរីកចម្រើន តម្រូវការសង្គម រួមជាមួយការប្រកួតប្រជែងលើឆាកអន្តរជាតិ ដែល​ត្រូវផ្តោតការយកចិត្តទុកដាក់ និងត្រូវតែមានការជម្រុញលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច។សម្ដេចបន្តថា ការធ្វើធ្វើកំណែទម្រង់នេះដើម្បីធានាដល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៃតម្រូវការសង្គមផង និងដើម្បីការទប់ទល់ទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក និងហេតុការណ៍នានាដែលកើតចេញពីវិត្តបត្តិពិភពលោកផងដែរ។ ​

សម្ដេចក្រឡាហោមមានប្រសាសន៍ថា ៖ «ការធ្វើកំណែទម្រង់នេះមានលក្ខណៈជាអន្តរវិស័យមានទំនាក់ទំនងដោយផ្ទាល់ផង និងប្រយោ​លផង ព្រមទាំងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក អាស្រ័យហេតុនេះជោគជ័យគឺអា​ស្រ័យទៅលើការរៀបចំដោយការយកចិត្តទុកដាក់ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក»។​

​ដើម្បីធានាឱ្យឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី «សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១នៃរាជរដ្ឋាភិបាល» នេះ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អគ្គលេ​ខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង៤ផងដែរ។ ដោយលោកជំរុញឱ្យ​បន្តកិច្ចសហប្រតិ​បត្តិការរួមគ្នាក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពរួមឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រមដែលបានកំណត់ក្នុងឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១នៃរាជរដ្ឋាភិបាល។​

អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង៤ត្រូវរៀបចំកិច្ចប្រជុំយន្តការសម្របសម្រួលការកែទម្រង់ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម ការរកែទម្រង់ ៣ បូក ១ឱ្យបានទៀងទាត់ ដើម្បីតាមដាន និងត្រួតពិនិត្យពីវឌ្ឍនភាព និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ក្នុងនោះត្រូវពិនិត្យលទ្ធភាពផ្តល់ការគាំទ្រគ្រប់មធ្យោបាយដល់កំណែទម្រង់នីមួយៗឱ្យបានសមស្រប។ លោក ស ខេង បានបញ្ជាក់។​

​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃរូបនេះ ក៏បានស្នើដល់ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្តល់ការគាំទ្រ និងបន្តចូលរួមក្នុងកិច្ចដំណើរការនៃកំណែទម្រង់ស្នូលទាំង៤របស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម ព្រមទាំងការពង្រឹងគុណភាពអភិបាលកិច្ចដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និ​ងប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ​

ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) បាន​ថ្លែងឱ្យដឹងដែរថា ចក្ខុវិស័យ និងយុទ្ធសា​ស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និងបទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក។​

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ឱ្យដឹងថា ឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និង បទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាន នូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក។​

ឯកឧត្តមបន្តថា ៖ «នៅក្នុងបរិបទសកលលោកបច្ចុប្បន្ននេះ ការកែទម្រង់ផ្នែកអភិបាលកិច្ចមានសារៈសំខាន់ ជាងពេលណាៗទាំងអស់ ព្រោះកម្ពុជាត្រូវពង្រឹងសមត្ថភាព និង ភាពរឹងមាំរបស់ស្ថាប័នសាធារណៈ ក្នុងការឆ្លើយតបតាមរយៈវិធានការបង្ការជាបុរេសកម្ម បានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព»។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​បន្ថែមថា ចំពោះវិបត្តិជាច្រើន ដែលអាចកើតឡើងដោយមិនអាចស្មានទុកបាន និង កា​ន់តែពិបាកដោះស្រាយ ព្រមទាំងមានលក្ខណៈកាន់តែស្រួចស្រាល់ខ្លាំងឡើង ដែលជាក់ស្ដែងកម្ពុជាបាន និង កំពុ​ងទទួលរងគ្រោះពីវិបត្តិជាសកល ឬវិបត្តិកើតចេញពីកត្តាខាងក្រៅជាច្រើន ដែលសកលលោកមិនធ្លាប់ ឬកម្រជួបប្រទះ ដូចជា វិបត្តិនៃជំងឺកូវីដ១៩ និងវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។​

បើតាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន  ​រាជរដ្ឋាភិបាលក៏ត្រូវគិតគូរប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតផងដែរ នៅក្នុងក្របខណ្ឌនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យា ក្នុងយុគសម័យបដិវដ្ដឧស្សាហកម្ម ៤.០ ៕

ដោយ៖យុទ្ធ វីរ:

ads banner