ការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ ដោយទទួលបានចំនួនអ្នកចុះឈ្មោះថ្មីកើនលើសពីការរំពឹងទុក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតរយៈពេល៥០ថ្ងៃកន្លងមកនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ដែលធ្វើឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បញ្ចប់ទៅដោយរលូន និងដោយជោគជ័យ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងនាព្រឹកថ្ងៃទី៨ ខែធ្នូនាកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ថា បើទោះបីមានបញ្ហាអាកាសធាតុ តំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ហើយភូមិសាស្ត្រខ្លះស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក៏ដោយ ក៏ប៉ុន្ដែវាមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការចុះឈ្មោះបោះឆ្នោត នោះឡើយ។

លោកបានថ្លែងថា ៖ «វាមិនមែនជាឧបសគ្គនោះឡើយ ព្រោះយើងមានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ។ សរុបរួមមក ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតរយៈពេល៥០ថ្ងៃកន្លងមកនេះ ខ្ញុំសូមធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ រហូតធ្វើឱ្យការបញ្ចប់ទៅដោយរលូន និងដោយជោគជ័យ»។

យោងតាមរបាយការណ៍របស់គ.ជ.ប បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៧ ខែធ្នូម្សិលមិញអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន៥៧៧ ៥៥០នាក់ (ស្ត្រីចំនួន ២៨៨.៥៥១នាក់) ដែល ស្មើនឹង ១៤១.១៩% នៃស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោត។

របាយការណ៍ដដែលបានបន្តថាអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២៥៨ ៣៧២នាក់ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦០ ៧៦៩នាក់ និងអ្នកផ្ទេរចូលមានចំនួន ១៧៨ ៥២១នាក់ ។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលដែលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃចុងក្រោយគឺថ្ងៃទី៨ ខែធ្នូ។

យោងតាមគ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្ដឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្ដឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវ របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យ បោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ។

បើតាមការលើកឡើងរបស់ឯកឧត្តម ហង្ស ពុទ្ធា ប្រសិនបើមានបណ្ដឹងតវ៉ាអំពីការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវអនុវត្តនៅថ្ងៃទី៧ បន្ទាប់ពីថ្ងៃបញ្ចប់ ការចុះឈ្មោះបោះឆ្នោត (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ)។

ពាក់ព័ន្ធនឹងបណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត បើតាមឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា រហូតមកទល់ពេលនេះ គ.ជ.ប បានទទួលបណ្តឹងសរុបចំនួនមួយបណ្តឹង (បណ្តឹងផ្តន្ទ- ទោស) ពីគណបក្សភ្លើងទៀនករណីភ្នាក់ងារគណបក្សភ្លើងទៀនប្ដឹងចៅសង្កាត់រងទី១ នៃសង្កាត់ អូឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប៉ុន្តែពាក្យបណ្ដឹងនេះត្រូវបាន គ.ជ.ប សម្រេចធ្វើលិខិតជូន ដំណឹងបដិសេធ។

អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានកត់សម្គាល់ឃើញតាមរយៈការតាមដាននៃដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះថា ការផ្សព្វផ្សាយហាក់បីដូចជាមិនបានទូលំទូលាយ និងជ្រួតជ្រៀបទៅដល់ប្រជាពលរដ្ឋគ្រប់រូបនៅឡើយទេជាពិសេសយុវវ័យដែលគ្រប់អាយុដល់ថ្ងៃបោះឆ្នោត។

លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ខែធ្នូថា ៖ «យើងឃើញថាពលរដ្ឋមួយចំនួនដែលចំណាកស្រុកមកតាមបណ្តាខេត្តមួយចំនួន ពិសេសតាមបណ្តាខេត្តជាប់ព្រំដែនគឺបានចាកចេញទៅធ្វើជាពលករនៅក្រៅប្រទេសច្រើនមែនទែន បើតាមរបាយការណ៍របស់អង្គការសង់ត្រាល់គឺមានប្រមាណជាពីរលាននាក់ឯណោះ។ ចឹង យើងមានការបារម្ភថាការចុះឈ្មោះបោះឆ្នោតនេះមិនបានចុះឈ្មោះអស់នូវចំនួនប្រជាពលរដ្ឋដែលសិទ្ធិក្នុងការបោះឆ្នោតនេះ»។

លោក ស៊ឹង សែនករុណា បានបន្ថែមថា ប្រសិនបើនៅមានប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនេះ គួរតែមានការបើកឱកាសឱ្យពួកគាត់អាចបន្តការចុះឈ្មោះបាន វាគឺជារឿងមួយដ៏ល្អ។

អគ្គលេខាធិការរងនៃ គ.ជ.បឯកឧត្តម សោម សូរីដា បានប្រាប់ឱ្យដឹងថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានបិTបញ្ចប់នៅម៉ោង៥:៣០រសៀល ថ្ងៃទី៨ ខែធ្នូហើយគ.ជ.ប នឹងមិនមានការពន្យារពេល ឬបន្ថែមថ្ងៃសម្រាប់ការចុះឈ្មោះនេះទៀតនោះឡើយ។

លោកថា ៖ «គ.ជ.បនឹងមិនមានការពន្យារពេលឬបន្ថែមថ្ងៃសម្រាប់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឡើយ ប្រសិនបើមានប្រជាពលរដ្ឋណាដែលខកខាន ឬយឺតយ៉ាវក្នុងការមកចុះឈ្មោះបោះឆ្នោតតាមកាលកំណត់របស់គណៈកម្មាធិការនេះ»។

ជាមួយគ្នានេះដែរ ឯកឧត្តម សោម សូរីដា បានប្រាប់ឱ្យដឹងដែរថា បើពិនិត្យទៅលើចំនួនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត គិតត្រឹមថ្ងៃទី៧ ខែធ្នូ មានប្រមាណជាង ៩,៧លាននាក់ ឬប្រមាណជាជិត៩០ភាគរយ បើធៀបទៅនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតនោះគឺមានជាង១០លាននាក់។

លោកថា ដូចនេះតួលេខនេះគឺជាតួលេខមួយដែលនៅសល់ប្រហាក់ប្រហែល១,១លាននាក់ ហើយលោកសង្ឃឹមថា នៅថ្ងៃចុងក្រោយនេះនឹងមានការចុះឈ្មោះប្រជាពលរដ្ឋថ្មីបន្ថែមទៀត៕ ដោយ៖ នាង សុគន្ធា

ads banner