ដំណើរភាពយន្ដចល័តចិន-កម្ពុជាលើកទី៦ ត្រូវបានបើកជាផ្លូវការ ខណៈចំណងមិត្តភាពកម្ពុជាចិន ឈានដល់វ័យ៦៤ឆ្នាំ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងវិទ្យុមិត្តភាពចិន-កម្ពុជា បានរៀបចំបើកជាផ្លូវការនូវដំណើរភាពយន្ដចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦។ ការបើកជាផ្លូវការនេះផងដែរ ធ្វើឡើងនៅសាលមហោស្រពចតុមុខក្រោមអធិបតីភាពរបស់ ថ្នាក់ដឹកនាំពាក់ព័ន្ធរវាងប្រទេសទាំងពីរ។

ចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០១៦ ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើម កើតឡើងដោយក្រុមការងារចាក់បញ្ចាំងភាពយន្តដែលមកពីវិទ្យុមិត្តភាពកម្ពុជាចិន និងដោយបានធ្វើដំណើរទៅកាន់២៥ខេត្តក្រុងរាជធានីនៃប្រទេសកម្ពុជា និងបានចូលទៅដល់ទីជនបទដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
រហូតមកដល់ឆ្នាំ ២០២២នេះ ទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិនសម្រេចបាន ៦៤ឆ្នាំហើយ។ រីឯការចាក់បញ្ចាំងខ្សែភាពយន្ដនេះ គឺជាចំណែកមួយក្នុងការបន្តរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើក ជាផ្លូវការនូវដំណើរភាពយន្ដចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៦នេះ និងបានសាទរចំពោះទំនាក់ទំនងដ៏ ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។ លោកបានមានប្រសាសន៍ថា ៖ «មិត្តភាពរវាងចិន និងកម្ពុជាគឺជា មិត្តភាពដែកថែប ដែលកន្លងមកយើងមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នា…ដោយឡែក សាធារណៈរដ្ឋប្រជាមានិតចិននឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយដែលបម្រើឱ្យទំនាក់ទំនងជាមួយប្រទេសជាមិត្ត»។

លោកបានបន្តថា ប្រទេសទាំងពីរនឹងបន្តសហការជាមួយគ្នាក្នុងក្របខ័ណ្ឌដៃគូរយុទ្ធសាស្ត្រ ព្រមទាំងបន្តចែករំលែកនូវវប្បធម៌ប្រពៃណីដ៏ចំណាស់ជាមួយគ្នា ក៏ដូចជាជំរុញការយល់ដឹងពីគ្នាទៅ វិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះឯកឧត្តម ឯក សំអុល ទីប្រឹក្សារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជាចិនបានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រផងដែរចំពោះសកម្មភាពទាំងឡាយណាដែល បម្រើឱ្យទំនាក់ទំនងប្រទេសទាំងពីរ។
ឯកឧត្តមបានមានប្រសាសន៍ថា ៖ «ភាពយន្ដនេះជាចំណែកមួយក្នុងការកសាងមិត្តភាពរវាងប្រជាជន និងប្រជាជន…មិនត្រឹមតែប៉ុណ្ណោះ ខ្សែភាពយន្ដទាំងនេះបានក្លាយជាស្ពានចម្លង ក្នុងការលើកកម្ពស់ចំណេះដឹងរវាងប្រទេសទាំងពីរផងដែរ»។
សូមបញ្ជាក់ថា ដំណើរភាពយន្ដចល័តចិន-កម្ពុជាដ៏ឆ្នើមបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦មកម៉្លេះដោយក្រុមការងារភាពយន្តនេះបានធ្វើដំណើរទៅគ្រប់ខេត្តក្រុងនៃកម្ពុជាក្នុងរយៈពេល៥ឆ្នាំមកនេះ និងបានចាក់បញ្ចាំងភាពយន្ដជាង១០០រឿងឱ្យប្រជាជនកម្ពុជាប្រមាណជាងមួយសែននាក់ទស្សនា។
យ៉ាងណាមិញ ចាប់ពីចុងខែធ្នូ ឆ្នាំ២០២២នេះតទៅ ដំណើរភាពយន្ដចល័តនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងដើម្បីចាក់បញ្ចាំងខ្សែភាពយន្ដដ៏ឆ្នើមដែលបានថតនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិនក្នុងរយៈពេលចុងក្រោយនេះ។ ភាពយន្ដដែលនឹងត្រូវយក ទៅចាក់បញ្ចាំងរួមមាន៖ រឿងដំណើរនៃប្រាក់ រឿងឆ្លងកាត់ទន្លេ យារ៉ូ រឿងមួយគីឡូមែត្រចុងក្រោយ និងរឿងផ្សេងៗទៀត៕ ដោយ៖ កែវ បុស្បា