ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ប្រារព្វ ទិវា សិទ្ធមនុស្សអន្តរជាតិ ១០ ធ្នូ
ភ្នំពេញ៖ តំណាងស្ថាប័នរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល រួមទាំងសហជីពបានប្រារព្វទិវាសិទ្ធិមនុស្ស ១០ ធ្នូទៅតាមមធ្យោបាយ និងទីតាំងផ្សេងៗគ្នា ដើម្បីលើកម្ពស់សេរីភាពជាមូលដ្ឋាន ដែលនឹងនាំ មកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (អ.ស.ប,UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ គឺជាខួបលើកទី៧៤ នៃការប្រារព្ធ ទិវា សិទ្ធិមនុស្សអន្តរជាតិ។ជាមួយគ្នានេះដែរ គណៈកម្មាធិការ សិទ្ធិ មនុស្សកម្ពុជា បានផលិតជាខ្សែវីដេអូ ចាក់បញ្ចាំងនៅបណ្តាញ សង្គមស្តីពីសិទ្ធិមនុស្ស ដើម្បីចូលរួមអបអរទិវាសិទ្ធមនុស្ស។
តាមរយៈវីដេអូដែលមានរយៈពេលជាង ៥នាទី ត្រូវបានដកស្រង់ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា កម្ពុជាគឺជាប្រទេស មួយធ្លាប់ ហែលឆ្លងកាត់នូវរបបមួយដែលមិនផ្តល់សិទ្ធិអ្វីទាំងអស់ ដល់ប្រជាជន ហើយកម្ពុជាពិតជាត្រូវការណាស់នូវសិទ្ធិគ្រប់យ៉ាង។
សម្តេចតេជោបន្តថា ជាមួយហេតុផលនេះ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ សម្ដេចតេជោថ្លែងទៀតថា៖«កម្ពុជាយល់ច្បាស់ថា ការគោរពសិទ្ធិ មនុស្ស ការលើកម្ពស់សេរីភាពជាមូលដ្ឋាន ការប្រកាន់ខ្ជាប់នូវ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការលើកកម្ពស់នីតិរដ្ឋ ក៏ដូចជាការកសាងមូលដ្ឋានទាំងនេះ នៅក្នុងសង្គមជាតិនឹងនាំ មកនូវសុខសន្តិភាព ស្ថិរភាព ភាពសុខុដមរមនា និងយុត្តិធម៌ សង្គមជានិរន្ត ក៏ដូចជារួមចំណែកនឹងការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្នផងដែរ»។
ដោយឡែកតំណាង សមាគម សហគមន៍ និងសហព័ន្ធសហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំប្រារព្វពិធីអបអរខួបលើកទី ៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលមានទីតាំងស្ថិតនៅ ក្នុងបរិវេណទីលានប្រជាធិបតេយ្យថ្មី នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការរៀបចំសិទ្ធិមនុស្សឆ្នាំ ២០២២នេះ ធ្វើឡើងក្រោមប្រធានបទ «ធានាសិទ្ធិនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការកំណត់ជោគវាសនាប្រទេសជាតិ តាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ»។
មជ្ឈមមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នៅក្នុងឱកាសសិទ្ធិ មនុស្សនេះដែរ បានបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗនៃកាលប្បវត្តិ សិទ្ធិមនុស្សឆ្នាំ២០២២នេះ ដោយបានចេញផ្សាយនូវកម្រង ខិត្តប័ណ្ណ ព័ត៌មានអំពីកាលប្បវត្តិសិទ្ធិមនុស្សជាសង្ខេបចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។
CCHR បានលើកឡើងថា៖ «កាលប្បវត្តិសិទ្ធិមនុស្សដែលបង្ហាញនូវ ករណីរំលោភសិទ្ធិមនុស្សមួយចំនួនដែលបានកើតឡើងក្នុងប្រទេសកម្ពុជា ហើយកាលប្បវត្តិនេះបានចងក្រងករណីចាប់ពីចន្លោះ ឆ្នាំ ២០១៣ រហូតមកទល់នឹងបច្ចុប្បន្ន»៕
ដោយ៖ឡាយ សាមាន