សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីតាំងប្រារព្ធពិធីបើកបុណ្យសមុទ្រ លើកទី៩ នៅទីលានសម្តេចតេជោ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីតាំងប្រាព្ធពិធីបើកបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូង នៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ពិធីបុណ្យសមុទ្រនេះ ត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយត្រូវបានរៀបចំឡើងវិញ នៅឆ្នាំ២០២២ បន្ទាប់ពីរាជរដ្ឋាភិបាល បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ ហើយពិធីនេះក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ បន្ទាប់ពីខេត្តបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាការរៀបចំអភិវឌ្ឍនៅតាមឆ្នេរប្រកបដោយភាពទាក់ទាញ។

ឯកឧត្តម ថោង ខុន បានបន្តថា ពិធីបុណ្យសមុទ្រនៅឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគត បានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ដែរថា ការដែលជ្រើសរើសខេត្តព្រះសីហនុ ជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំនេះ ដោយសារតែខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ដែលនេះសុទ្ធសឹងតែជាឱកាសសម្រាប់កម្ពុជា អាចបង្ហាញសក្ដានុពលរបស់ខ្លួនទៅកាន់អន្តរជាតិ។ លើសពីនេះ ខេត្តព្រះសីហនុ ក៏មានសក្ដានុពលទេសចរណ៍ច្រើន ពិសេសអេកូទេសចរណ៍ តំបន់ឆ្នេរ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃជាច្រើន ដែលសាកសមសម្រាប់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍។

ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនៅឆ្នាំនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ។ អមជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានព្រឹត្តិការណ៍ជាច្រើនទៀត ដូចជាការប្រកួតកីឡា ការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន បន្ថែមពីលើនោះ ក៏មានការតាំងពិព័រណ៍ផលិតប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនផ្សេង ៕ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner