សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យលើកស្ទួយកសិផលកម្ពុជាដោយផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ជាទិសដៅការងារ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឲ្យដាក់ចេញទិសដៅការងាររវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងផ្នែកផលិតនានាទៀត លើកស្ទួយកសិផលកម្ពុជាតាមរយៈការផ្គត់ផ្គង់ទីផ្សារកសិកម្មទៅក្នុងវិស័យទេសចរណ៍នៅក្នុងស្រុក ពោលគឺជំរុញឲ្យភាគីពាក់ព័ន្ធពិចារណាពង្រឹងវិស័យកសិ-ទេសចរណ៍។
ថ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំឲ្យមានការលើកស្ទួយទីផ្សារកសិកម្មកម្ពុជាតាមរយៈការពង្រឹងវិស័យកសិទេសចរណ៍ ដោយសម្ដេចសង្កត់ធ្ងន់ថា ត្រូវធ្វើយ៉ាងណាឲ្យយទេសចរណ៍ ក្លាយទៅជាទីផ្សារ របស់កសិករ និងអ្នកផលិត ដោយណែនាំទិសដៅការងារនេះដល់ក្រសួងទេសចរណ៍ធ្វើការទំនាក់ទំនងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងផ្នែកផលិតផ្សេងៗទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ខ្ញុំ«នៅតែទទូច ថាយើងត្រូវជំរុញការនាំចេញនៅនឹងកន្លែង ការនាំចេញមិនសំដៅ ទៅលើការនាំចេញឆ្លងកាន់ព្រំដែន ទៅកាន់ប្រទេសក្រៅទេ ប្រជាកសិកររបស់យើង អាចដាំដុះចិញ្ចឹមសត្វ ហើយនាំចូលទៅកាន់សណ្ឋាគារ ឱ្យភ្ញៀវទេសចរបរទេសទទួលទាន ចាត់ទុកថា ជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង»។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ដោយលោកមើលឃើញតម្រូវការទីផ្សារកសិកម្មដែលប្រជាកសិករភាគច្រើនកំពុងមានតម្រូវការជាចាំបាច់ ដែលផ្នែកទេសចរណ៍ក្នុងស្រុករបស់កម្ពុជាធ្លាប់ប៉ាន់ប្រមាណថា ធ្លាប់ទទួលភ្ញៀវទេសចរជាង ៦លាននាក់ ដែលអាចវិលរកកំណើនជាង ៧លាននាក់ នឹងជាទីផ្សារកសិផលដ៏សំខាន់សម្រាប់កសិករក្នុងស្រុក ដែលវិស័យទេសចរណ៍សម្រាប់ទទួលទាន ទាំងអង្ករល្អ ទាំងសាច់ល្អ ទាំងបន្លែបង្ការ ឬផ្នែកដទៃទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ៖ «យើងធ្វើយ៉ាងដូច្នេះ ជៀសវាងនូវការដែលយើងទទួលបានទេសចរណ៍ ប៉ុន្ដែផ្ទុយទៅវិញ យើងយកប្រាក់យ៉ាងច្រើន ទៅទិញនូវរបស់របប ដើម្បីផ្គត់ផ្គង់ទេសចរណ៍ក្នុងស្រុក។ សូមឱ្យក្រសួងទេសចរណ៍ រៀបចំផែ នការមួយ ទំនាក់ទំនងជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាផ្នែកផលិតផ្សេងទៀត ធ្វើឱ្យទេសចរណ៍ក្លាយទៅជាទីផ្សារ របស់កសិករ របស់អ្នកផលិតតែម្ដង ដើម្បីជំរុញការលូតលាស់»។
ជាមួយគ្នានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នមានកម្មវិធីអភិវឌ្ឍផ្នែកកសិទេ សចរណ៍នាប៉ុន្មានឆ្នាំចុងក្រោយដែរនេះ សម្តែងការសាទរលើការណែនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកម្ពុជាជាប្រទេសដែលមានសក្តានុពលផ្នែកទេសចរណ៍ស្រាប់។
លោកបានបន្តថា កន្លងមកភាគច្រើនកម្ពុជាច្រើនទទួលភ្ញៀវទេសចរក្នុងក្របខណ្ឌទេសចរណ៍ប្រវត្តិសាស្រ្ត ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ ជាដើម ដែលកម្ពុជាមិនទាន់មានសក្តានុពលនៅឡើយទេលើទេសចរណ៍កែថ្នៃរួមានកសិទេស ចរណ៍ ជាដើមនេះ ដែលកម្ពុជាអាចមានលទ្ធភាពធ្វើ ហើយបើសិនជាអនុវត្តជោគជ័យនោះនឹងបម្រើប្រយោជន៍ទាំងវិស័យកសិ កម្ម និងវិស័យទេសចរណ៍។
លោក យង់ ពៅ បានថ្លែង ថា ៖ «ការផ្គត់ផ្គង់សម្រាប់វិស័យទេសចរណ៍នេះ កន្លងមក យើងឃើញថា បម្រើឲ្យវិស័យសណ្ឋា គារ បដិសណ្ឋារកិច្ចនិងទេសចរណ៍នេះ គឺយើងច្រើនតែនាំទំនិញចូលពីក្រៅស្រុក ក្នុងខណៈដែលយើងជាប្រទេសកសិកម្ម ដែលយើងចិញ្ចឹម ដាំដុះបាន ប៉ុន្តែយើងបែរជាមិនយល់ពីគុណតម្លៃវា ដែលវាបម្រើទាំងសេដ្ឋកិច្ច និងទេសចរណ៍ នៅពេលយើងមិនប្រើប្រាស់ យើងនាំចូលពីគេ វាធ្វើឲ្យខូចតម្លៃទេសចរណ៍ផង និងសេដ្ឋកិច្ចផង»។
ដើម្បីសម្រេចទិសដៅការងារនេះបាន លោក យង់ ពៅ យល់ថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធគូររៀបចំផែនការងារឲ្យបានច្បា ស់លាស់ រួមផ្សំ ការសិក្សាពីភូមិសាស្រ្ត សិក្សាពីតម្រូវការ ការចងសហគមន៍កសិទេសចរណ៍ និងជាពិសេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈទៅលើទាំងក្របខណ្ឌកសិកម្ម ចិញ្ចឹម ដាំដុះ និងទេសចរណ៍ បដិសណ្ឋារកិច្ច ដើម្បីដើរឲ្យទាន់កម្រិតស្តង់ដារមួយដែលអាចទទួលយកបានបើគេធៀបទៅនឹងស្តង់ដារទេសចរណ៍អន្តរជាតិ។
សម្រាប់លោក មាជ សុវណ្ណារ៉ា នាយក បេសកកម្ម ក្រៅប្រទេស នៃ វិទ្យាស្ថាន ស្រាវជ្រាវ ផ្នែក គោលនយោបាយ ដែលមាន មូលដ្ឋាន នៅ សហរដ្ឋអាមេរិក លោកយល់ថា ការលើកឡើងជាទិសដៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការជំរុញទីផ្សារកសិកផលនៅក្នុងស្រុកតាមរយៈវិស័យទេសចរណ៍នេះជារឿងល្អ ដែលជាគំរូបែបជាតិនិយមដូចនៅប្រទេសជប៉ុន កូរ៉េខាងត្បូងជាដើមកំពុងអនុវត្ត ដែលគេប្រើប្រាស់ធនធានកសិកម្មក្នុងស្រុកឲ្យអស់លទ្ធភាពទើបនាំចូលពីខាងក្រៅ ក្នុងក្របខណ្ឌទីផ្សារសេរី។
លោកយល់ថា កិច្ចការងារនេះទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនការច្បាស់លាស់ហើយចាំបាច់ត្រូវមានស្តង់ដារកំណត់តម្លៃ បច្ចេកទេស ។
សូមជម្រាប ផងដែរថា រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពនិងជា “មាសបៃតង” ដែលរួមចំ ណែកដល់វិស័យទេសចរណ៍ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលកម្ពុជាបានរំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងត្រឡប់ទៅរកកម្រិតមុនកើតជំងឺកូវីដ-១៩ ចំនួន ៧ លាននាក់នៅ ឆ្នាំ ២០២៦ ឬ ២០២៧ តាមរយៈការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕ ដោយ៖ សំបាន ច័ន្ទដារ៉ា