សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាព
ព្រុចសែល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក នៅវេលាម៉ោងប្រមាណ ១០ និង ៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ៣ និង ៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។
វត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅឯអាកាសយានដ្ឋានព្រុចសែល មានការអញ្ជើញទទួលពីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៉ិក, មន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក និងមន្ត្រីមន្ទីរការបរទេសសហភាពអឺរ៉ុបផងដែរ។
នៅឯសណ្ឋាគារ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ស្នាក់នៅ ក៏មានប្រជាពលរដ្ឋខ្មែររស់នៅតាមប្រទេសនានាក្នុងតំបន់អឺរ៉ុប បានអញ្ជើញមកទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយក្តីគោរព និងការនឹករលឹក ។
សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ កាលពីម៉ោងជាង ១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឈ្ពោះទៅទៅកាន់ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប និងបន្តបំពេញទស្សនកិច្ចការងារ នៅប្រទេសបារាំង។
ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។
បើតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះ សំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុប ផងដែរ ៕ ដោយ ៖ វណ្ណលុក

