ព្យុះស៊ីក្លូន Mandous វាយប្រហារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ២១,០០០នាក់ទៀតរងផលប៉ះពាល់
កូឡុំបូ៖ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសស្រីលង្កា (DMC) ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍ថា មនុស្ស៣នាក់បានស្លាប់ និងជាង ២១,០០០នាក់ផ្សេងទៀតទទួលរងផលប៉ះពាល់ ដោយសារលក្ខខណ្ឌអាកាសធាតុអាក្រក់ ដែលបណ្តាលមកពីព្យុះស៊ីក្លូន Mandous។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) បានបញ្ជាក់ថា មនុស្ស១៩នាក់បានរងរបួស ហើយអ្នកដែលរងផលប៉ះពាល់ប្រមាណជា ៦,១១៣គ្រួសារនៅក្នុង១៦ស្រុក និងថា លំនៅដ្ឋានប្រមាណ ៥,៦៣៩ខ្នងនៅក្នុងផ្នែកផ្សេងៗនៃប្រទេសដីកោះមួយនេះត្រូវបានខូចខាត។
នាយករងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) លោក Pradeep Kodippili បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានចាប់ផ្តើមវាយតម្លៃពីទំហំនៃការខូចខាតរួចហើយ អ្នកដែលរងផលប៉ះពាល់នឹងទទួលសំណង។
ទន្ទឹមគ្នា មជ្ឈមណ្ឌល DMC បន្ថែមថា ទោះជាផលប៉ះពាល់បង្កឡើងពីព្យុះស៊ីក្លូន Mandous បានកាត់បន្ថយយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែនៅតែស្នើឱ្យប្រទេសស្រីលង្កាចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀត៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា


