ស្ថានីយភ្នំពីរ ជាទីតាំងផូស៊ីលសត្វសមុទ្រ
ភ្នំពេញ៖ ស្ថានីយផូស៊ីលភ្នំពីរ (Phnom Pir Fossil Site)មានសណ្ឋាន ជាកូនភ្នំដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី (រូបទី៦២)។ តំបន់កូនភ្នំនេះស្ថិតនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីទន្លេស្រែពក មានចំណុចនិយាមកា WGS1984 (765847-1437406)។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២ថាក្រុមការងារជំនាញ បានទៅដល់ទីតាំងនេះនៅឆ្នាំ២០១៩ ជាទីតាំងផូស៊ីលសត្វសមុទ្រ។ តំបន់ភ្នំពីរនេះ ជាកូនភ្នំដែលស្ថិតនៅជាប់នឹងភ្នំធំមួយ តំបន់នេះមានរយៈកម្ពស់ប្រមាណ ៣០០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន។ តាមរយៈការពិនិត្យ តំបន់នេះមានការដោល ឡើងនៃសំបកផែនដី កើតចេញជាកូនភ្នំ ដែលធ្វើឱ្យផូស៊ីលសត្វទាំងឡាយនេះ បានផុសចេញមកលើ ។
ប្រភពដដែលនេះបានឱ្យដឹងថា៖ក្រុមការងារបានរកឃើញប្រភេទផូស៊ីលពពួក Ammonite (អាម៉ូណាយ) មានរូបរាងស្រដៀងខ្យង មានជើងដូចមឹក និងពពួកខ្យង លៀស គ្រំ។ ពពួកនេះកើតឡើងនៅស័ក Mesozoic (មេសូហ្សូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) អាយុកាលចន្លោះ (១៩៩.៦-២៥១លានឆ្នាំ) ៕ ដោយ ៖ ម៉ាដេប៉ូ
