សម្ដេចក្រឡាហោម ស ខេង អំពាវនាវសូមព្រះសង្ឃប្រើបច្ចេកវិទ្យាទំនើបដើម្បីផ្សព្វផ្សាយព្រះធម៌ ជួយពង្រឹងសីលធម៌សង្គម
ភ្នំពេញ: ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីស ខេង បានអំពាវនាវសូមព្រះសង្ឃប្រើបច្ចេកវិទ្យាទំនើបដើម្បីផ្សព្វផ្សាយព្រះធម៌ ដើម្បីពង្រឹងសីលធម៌សង្គម។សម្ដេចថ្លែងបែបនេះ ក្នុងមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០កាលពីថ្ងៃទី១២ខែធ្នូ។
ក្នុងនាមជាតំណាងនៃព្រះរាជតំណាងរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឧបនាយករដ្ឋមន្ត្រីលោកស ខេង បានលើកឡើងថា កម្ពុជាកំពុងប្រឈមមុខនូវបញ្ហាមួយចំនួនដែលកើតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបណ្តាញសង្គម។លោកអំពាវដល់វិស័យពុទ្ធសាសនាចូលរួមចំណែកដោះស្រាយបញ្ហានេះ ដោយការផ្សព្វផ្សាយទ្រឹស្តីព្រះធម៌និងអប់រំពុទ្ធសាសនិកឲ្យដើរតាមកន្លងពុទ្ធសាសនានិងចេះអនុវត្តតាមការណែនាំដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអង្គមហាសន្និបាតមន្ត្រីសង្ឃ ផ្តោតយកចិត្តទុកដាក់លើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជំរុញការអនុវត្តសង្ឃប្រកាសដែលមានកន្លងមក នឹងអាចដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះសម្រាប់ចូលរួមអនុវត្តជាក់ស្ដែងនូវសង្ឃប្រកាសថ្មី ឱ្យស្របនឹងវឌ្ឍនភាពរបស់សង្គម ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា។
មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតឈត ប៊ុនថង យល់ថា ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង នេះគឺជារឿងល្អដើម្បីអាចផ្តល់វេទិកានៃពុទ្ធឱវាទ អាចសាយភាយផ្សព្វផ្សាយដល់សាធារណជនកាន់តែទូលំទូលាយតាមរយៈប្រព័ន្ធបណ្តាញសង្គមនានា ដើម្បីឲ្យសង្គមមួយមានសន្តិភាព សមធម៌និងភាពសុខដុមរមនា។លោកបណ្ឌិតឈត ប៊ុនថង គូសបញ្ជាក់ថា ការផ្សព្វផ្សាយទ្រឹស្តីព្រះពុទ្ធបានដើរមួយជំហានទៅហើយនៅក្នុងបណ្តាញសង្គម ប៉ុន្តែគួរតែមានការប្រឹងប្រែងផ្សព្វផ្សាយបន្ថែម។
លោកបណ្ឌិតបញ្ជាក់ថា៖ «ពេលនេះ យើងគូរតែបង្កើនទៀតទៅ ដើម្បីឲ្យវាមានភាគរយច្រើនទៅក្នុងបណ្តាញសង្គមអស់ហ្នឹង ព្រោះថា នៅក្នុងបណ្តាញសង្គមនេះ យើងមើលឃើញថា ការលេងសើចកំសាន្តនេះ មានច្រើនជាងការអប់រំ ការទូន្មាន ការទេសនាជាដើមនេះ ដែលវាមិនទាន់មានតុល្យភាពនឹងគ្នា ដែលការអប់រំ ការទូន្មាននេះ ជាការចាំបាច់ដើម្បីបានភាពសុខដុមរមនា សន្តិភាពនៅក្នុងសង្គម។ វាមិនទាន់មានតុល្យភាពទៅនឹងការបំពុលសង្គមតាមរយៈការជេរប្រទេចគ្នា ការហែកហួររឿងគ្រួសារហ្នឹង វាច្រើនលើសលុបពេក ធៀបទៅនឹងការអប់រំនៅតិចតួចនៅឡើយ ដែលការអំពាវនាវរបស់សម្តេចស ខេង នេះ វាសមស្របបំផុតហើយ »។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិតប៉ា ច័ន្ទរឿន ប្រធាន វិទ្យាស្ថាន ប្រជាធិបតេយ្យ កម្ពុជា គាំទ្រលើការអំពាវនាវសម្ដេចក្រឡាហោម ស ខេង ដែលលោកថា ការផ្សព្វផ្សាយមេរៀនព្រះពុទ្ធសាសនាតាមរយៈមធ្យោបាយបណ្តាញនេះ មានប្រសិទ្ធភាពបន្ថែមលើការផ្សព្វផ្សាយដោយផ្ទាល់ នៅចំពោះមុខ អ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណជាង ១២លាននាក់នៅកម្ពុជា។
លោកបណ្ឌិតប៉ា ច័ន្ទរឿន គូសបញ្ជាក់ពីភាពចាំបាច់នៃការផ្សព្វផ្សាយផ្នែកស្មារតីអប់រំតាមរយៈបណ្តាញសង្គមនៅកម្ពុជា ដូច្នេះថា៖ «បណ្តាញផ្សព្វផ្សាយសង្គមនេះ បើយើងនេះ ប្រើវាឲ្យត្រឹមត្រូវក្នុងន័យល្អ ប្រើវាដើម្បីលើកកម្ពស់ការយល់ដឹង ការអប់រំ វានឹងជួយសង្គមយើងឲ្យបង្កើនការយល់ដឹងមួយកម្រិតទៀត ជាពិសេសនៅក្នុងសង្គមយើងនេះ ខ្ញុំមើលឃើញពីតម្រូវការផ្នែកស្មារតី ផ្លូវវិញ្ញាណហ្នឹង មានភាពចាំបាច់ណាស់ទន្ទឹមនឹងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចសម្ភារៈ»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះ សង្កត់ធ្ងន់ថា ការអ ប់រំបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គមពិតជាតម្រូវការមួយដ៏សំខាន់ដើម្បីកាត់បន្ថយគម្លាតការយល់ដឹងផ្នែកស្មារតីធៀបទៅនឹងលោកសម្ភារៈនិយម នៅក្នុងសង្គម។
សម្រាប់ព្រះតេជគុណម៉ៅ ឌីណា ព្រះប្រធានអង្គការមជ្ឈមណ្ឌលបច្ចុប្បន្នកម្ពុជា ដែលតែងផ្សព្វផ្សាយស្មារតីផ្នែកព្រះពុទ្ធសាសនា សម្តែងការសាទរលើការអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេងព្រះតេជគុណមានថេរដីការថា ជារឿងល្អដែលថ្នាក់ដឹកនាំកំពូលកម្ពុជាមានបំណងរុញច្រានមេរៀនព្រះពុទ្ធសាសនា លើបណ្តាញសង្គម។
ព្រះតេជគុណម៉ៅ ឌីណា៖« កន្លងមានការគាំទ្រមួយចំនួនដែរពីអ្នកប្រើប្រាស់បណ្តាញសង្គមចំពោះកិច្ចការផ្សព្វផ្សាយមេរៀនពុទ្ធសាសនានៅលើកបណ្តាញសង្គម ដែលព្រះតេជគុណចាត់ទុកជាផ្សព្វផ្សាយក្នុងទិដ្ឋភាពទូលាយដើម្បីបញ្ជ្រាបដល់ស្មារតីសង្គម ក្នុងខណៈដែលពុទ្ធសាសនិកជាច្រើនកំពុងមានទំនោរប្រើប្រាស់មធ្យោបាយទំនាក់ទំនងតាមរយៈបច្ចេកវិទ្យាទំនើបនេះ»។
គួរជម្រាបជូនផងដែរថា ការរៀបចំអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ នេះ មានការយាងនិមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះរាជាគណៈគ្រប់ឋានុក្រម ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ថេរានុត្ថេរៈ ថ្នាក់ដឹកនាំ សមាជិក សមាជិការព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្រ្តីរាជការតាមបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត តំណាងឯកអគ្គរាជទូត-រដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទនៃសាសនាឥស្លាម គ្រឹះសានា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៤៥០អង្គ-នាក់៕
ដោយ:សំបាន ច័ន្ទដារ៉ា