សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តានីតិសម្បទា ជនវិបល្លាសស្មារតី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្ដានីតិសម្បទា ជនវិបល្លាសស្មារតី ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ជាកិច្ចចាប់ផ្ដើមអង្គពីធីបានស្ដាប់របាយការណ៍ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបើតាមឯកឧត្តម មជ្ឈមណ្ឌលថែទាំ និងស្ដានីតិសម្បទាជនវិបល្លាសស្មារតី មានគោលដៅបង្វែរការស្នាក់នៅរបស់ជនមានវិបល្លាសស្មារតីពីមជ្ឈមណ្ឌលសំចតរាជធានីភ្នំពេញ និងទទួលពីខាងក្រៅ ឲ្យមកទទួលការថែទាំព្យាបាល និងស្ដានីសម្បទាឲ្យបានត្រឹមត្រូវ។ ឯកឧត្តមបានបន្តថា មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងជាពីរដំណាក់កាល ដោយប្រើប្រាស់ថវិការដ្ឋជាង៧ពាន់លានរៀល និងបែងចែកជាពីរផ្នែកសម្រាប់បុរស និងស្ត្រី ព្រមទាំងមានមន្ត្រីបម្រើការមកពីក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធានាការព្យាបាល ការថែទាំងស្ដានីតិសម្បទា និងការពារសន្តិសុខ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានសម្ដែងក្ដីត្រេកអរចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់នៅមជ្ឈមណ្ឌលដ៏មានសារសំខាន់នេះ ហើយសម្ដេចក្នុងនាមសម្ដេចតេជោ ពិតជាសូមកោតសរសើរចំពោះសមិទ្ធផលមួយនេះ។ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកមជ្ឈមណ្ឌលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល នៅក្នុងការងារជួយសង្គ្រោះ និងស្ដានីតិសម្បទាដល់ជនមានវិបល្លាសស្មារតី បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលសង្គមកិច្ចជាច្រើន ដើម្បីជួយដល់ជនងាយរងគ្រោះ តាំងពីក្រោយសម័យខ្មែរក្រហមរហូតដល់សព្វថ្ងៃ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសសាសន៍ថានៅក្រោយសម័យខ្មែរក្រហម រាជរដ្ឋាភិបាលបានចាប់ផ្ដើមមុនគេ គឺការបង្កើតមជ្ឈមណ្ឌលកុមារកំព្រារដែលឪពុកម្ដាយត្រូវបានសម្លាប់ និងស្លាប់ក្នុងសម័យអាវខ្មៅ បន្ទាប់មកបង្កើតមជ្ឈមណ្ឌលជួយយុទ្ធជនរងគ្រោះ ដោយការប្រយុទ្ធក្នុងសមរភូមិ ពិសេសការវាយជាមួយក្រុមខ្មែរក្រហមនៅក្រោយថ្ងៃរំដោះ៧មករា។ បន្ទាប់មកបានរាជរដ្ឋាភិបាល បន្តបង្កើតមជ្ឈមណ្ឌលស្ដាលទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ មជ្ឈមណ្ឌលព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀន មជ្ឈមណ្ឌលយុវជនីតិសម្បទា មជ្ឈមណ្ឌលសំចតរាជធានីភ្នំពេញ និងប៉ោយប៉ែត មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវជ្ជាជីវៈជនមានពិការភាព និងមជ្ឈមណ្ឌលគាំពារមាតា និងទារកជាដើម។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីគម្រោងរៀបចំបង្កើតមជ្ឈមណ្ឌលឃុំគ្រងអនីតិជនដែលប្រព្រឹត្តល្មើសច្បាប់ ប៉ុន្តែមិនទាន់គ្រប់អាយុទទួលខុសត្រូវតាមច្បាប់ដែរ ដោយសម្ដេចបញ្ជាក់ថាកន្លងមកពួកគេត្រូវបញ្ចូនទៅឃុំខ្លួនជាមួយជនល្មើសទូទៅ ដែលបញ្ហានេះបានបង្កជាបញ្ហាសម្រាប់ពួកគេ និងខុសពីគោលការណ៍សកល។ សម្ដេចបានមានប្រសាសន៍ថា កន្លងទៅ អង្គការទទួលបន្ទុកសិទ្ធិមនុស្សចំណុះអង្គការសហប្រជាជាតិ បានរិះគន់កម្ពុជាចំពោះបញ្ហានេះ ដូចជានៅមជ្ឈមណ្ឌលព្រៃស្ពឺជាដើម ដោយសម្ដេចបានទទួលស្គាល់ការតិទៀននេះ ក៏ប៉ុន្តែក៏សូមឲ្យយល់ពីស្ថានភាពជាក់ស្ដែង និងការខិតខំរបស់ប្រទេសកម្ពុជាដែរ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន នឹងកំពុសិក្សារកវិធីណាឲ្យល្អជាងសព្វថ្ងៃនៅក្នុងការងារឃុំខ្លួនជនល្មើស ទាំងនីតិជន និងអនីតជន ពីព្រោះបច្ចុប្បន្ន ចំនួនអ្នកជាប់ឃុំមានច្រើនជាងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលធ្វើឲ្យមានភាពចង្អៀតណែន និងនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner