រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្ត ក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលខាងមុខ
បាត់ដំប៖ រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំនូវព្រឹត្តិការណ៍ នៃការ ដាក់តាំងបង្ហាញពិព័រណ៍ម្ហូបអាហារខេត្ត រយៈពេលពីរថ្ងៃក្នុង ឱកាសអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសាកលឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣ខាងមុខ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០-៣១ខែធ្នូ ឆ្នាំ២០២២ខាងមុខ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២បានដឹកនាំកិច្ចប្រជុំដើម្បី ពិនិត្យឆ្លងសេចក្តីព្រាង គម្រោង ប្លង់មេទាក់ទិននឹងផែនការសកម្មភាពជាក់លាក់ក្នុងការ កំណត់យកគោលដៅសម្រាប់ការរៀបចំ និងការប្រព្រឹត្តទៅ នៃ សកម្មភាពចូលរួមរបស់ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនអាជីវករ ជាពិសេសពីម្ចាស់បណ្តាភោជនីយដ្ឋាន ក្នុង ខេត្ត ដែលមានបំណងចូលរួមក្នុងការដាក់បង្ហាញម្ហូបអាហារ ដែលខ្លួនមាន សម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នំាសកល ។
ក្នុងឱកាសនេះលោកអភិបាលខេត្តបានជំរុញដល់ស្ថាប័នមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ ត្រូវតែនាំយកនូវ មុខម្ហូបខ្មែរដែលបាត់បង់និងកំពុងតែមានការពេញនិយមល្បីៗនៅក្នុងខេត្ត ត្រូវយកមកដាក់តាំងបង្ហាញ និងបំផុសអ្នកដែលមាន ថ្វីដៃក្នុងការចម្អិនមុខម្ហូបទាំងនោះឲ្យពួកគេបានចូលរួមតាមរយៈនៃការលើកទឹកចិត្តដើម្បីយកមកបង្ហាញឱ្យគេបានឃើញ បានដឹង បានស្គាល់ និងអាចភ្លក់រសជាតិ ពីម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបង យើងបាន តាមរយៈពិព័រណ៍ម្ហូបនេះ។
លោក អ៊ុចអ៊ុ ភិនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ បានថ្លែងឱ្យដឹងថា នៅកម្ពុជាគឺមានមុខម្ហូបប្លែកៗទៅតាមតំបន់នីមួយៗ ហើយភាព សម្បូរបែបនិងភាពច្នៃប្រឌិតនិងថ្វីដៃនៃការចម្អិនម្ហូបអាហារឲ្យមានឱរសជាតិឆ្ងាញ់ក៏សបញ្ជាក់ពីភាពស៊ីវិល័យ និងជាតឹកតាងដែល ឆ្លុះបញ្ចាំងបង្ហាញនូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នីមួយៗក្នុងប្រទេសកម្ពុជាយើង ផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឱ្យមានការដាក់ តាំងពិព័រណ៍ផលិតផល ការសម្តែង សិល្បៈរបាំប្រពៃណី និងរបាំ ប្រជាប្រីយ នៃមន្ទីរវប្បធម៌ខេត្ត ការសម្តែងសៀក ការប្រគំតន្ត្រី ខ្នាតតូច-ធំ និងការអុជកាំជ្រួច ឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរការឈានចូលឆ្នាំថ្មី ឆ្នាំសាកល នារាត្រីថ្ងៃទី០១ខែមករា ឆ្នាំ២០២៣ ផងដែរ…៕
ដោយ៖អ៊ុក សំអាន


