ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ឆ្នេរសមុទ្រកម្ពុជា បានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់នៅក្រោយពេលដែលបានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល
ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ៖ «ឆ្នេរសមុទ្រកម្ពុជា បានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់នៅក្រោយពេលដែលបានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល» ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំបន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និងរាជធានីភ្នំពេញ ពិសេសខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពហុបំណង”។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានជម្រុញដល់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាតំណាងឆ្នេរសមុទ្រកម្ពុជាក្នុងក្លឹបនេះ រួមជាមួយ រដ្ឋបាលខេត្តតំបន់ឆ្នេរទាំង៤ យកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងពិធីបើកមហាសន្និបាត និងលទ្ធផលនៃមហាសន្និបាត ទៅអនុវត្តក្រោមស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Louis THEBAULT ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងមានគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ៕ ដោយ៖ ង៉ាន់ ទិត្យ


