ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ៖ ភាពថ្កុំថ្កើងរុងរឿង របស់បុគ្គល ម្នាក់ៗ គឺអាស្រ័យលើការខិតខំប្រឹងប្រែងរបស់បុគ្គលនោះ
ភ្នំពញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា ភាព ថ្កុំថ្កើងរុងរឿងរបស់បុគ្គលម្នាក់ៗ គឺអាស្រ័យលើការខិតខំ ប្រឹងប្រែងរបស់បុគ្គលនោះ ពីព្រោះមិនមានភាពជោគជ័យណា ដែលកើតចេញពីភាពព្រងើយកន្តើយនោះទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា ម្យ៉ាងទៀតការខិតខំ ប្រឹងប្រែងរបស់និស្សិតទាំងអស់ ក៏ត្រូវតែមានកត្តាគួបផ្សំដូចជា បរិស្ថានរស់នៅជុំវិញខ្លួន រហូតដល់ការរស់នៅក្រោមម្លប់ នៃ សុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ពីព្រោះ ថាបើគ្មានសុខសន្តិភាពទេនោះ ក៏មិនអាចផ្ដល់ លក្ខណៈ អំណោយផល ដល់ការខិតខំប្រឹងប្រែងសិក្សា ឬការចូលរួមអភិវឌ្ឍន៍ជាតិបាននោះដែរ។
ការថ្លែងឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែល និស្សិត ជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលណូវែលហ្សេឡង់ បាន ទទួលការអនុញ្ញាតឲ្យចូលជួបសំដែងការគួរសម សំណេះ សំណាលនិងទទួលអនុសាសន៍តម្រង់ទិសពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង មុនពេលដែលពួកគេនឹង ចេញដំណើរទៅបន្តការសិក្សានៅប្រទេសណូវែលហ្សេឡង់នាដើមឆ្នាំ ២០២៣ ខាងមុខ៕
បើតាមការបញ្ជាក់ពី តំណាងនិស្សិតជ័យលាភី អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់បានឲ្យដឹងថា និស្សិតជ័យលាភី អាហារូបករណ៍ ដែលនឹងត្រូវទៅបន្តការសិក្សានៅ ប្រទេស នូវែលសេឡង់ នៅដើមឆ្នាំ ២០២៣ ខាងមុខ នេះមាន១៦ នាក់។ អាហារូបករណ៍នេះ មានគោលបំណងជំរុញឱ្យ មានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការផ្ដល់ឱកាស ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសនូវែលសេឡង់ លើជំនាញផ្សេងៗដល់និស្សិតកម្ពុជា៕ដោយ៖ង៉ានទិត្យ


