ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប សំខាន់ៗ ដែលរួមមាន លោកជំទាវ Jutta Urpilainenស្នងការ សហភាពអឺរ៉ុបសម្រាប់ ភាពជាដៃគូអន្តរជាតិ ឯកឧត្តម Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភា អឺរ៉ុបទទួលបន្ទុក កិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធាន គណៈកម្មការ អឺរ៉ុប និងលោកជំទាវ Tanja Fajon ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃប្រទេសស្លូវេនី ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១២ ដល់១៤ ខែធ្នូឆ្នាំ២០២២។
ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញលទ្ធផលនៃជំនួបនេះដូចតទៅ៖
I- ជំនួបជាមួយលោកជំទាវ Jutta Urpilainen
ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍កោតសរសើរ ភាព ជាដៃគូដ៏រឹងមាំរវាងកម្ពុជា-សហភាពអឺរ៉ុប(អ៊ីយូ,EU) និងការរួម ចំណែកដ៏សំខាន់របស់ EU ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅ កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបភាគី EU អំពី ការរីកចម្រើនប្រកបដោយស្ថិរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយបានគូសបញ្ជាក់អំពីការ តាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ។
ជាការឆ្លើយតប លោកជំទាវ Urpilainen បានជម្រាបអំពី ឆន្ទៈ របស់ EU ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងគាំទ្រ កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការចាកចេញពីឋានៈ ជាប្រទេស LDCs នៅឆ្នាំ២០២៧ សំដៅជួយកសាងនូវការអភិវឌ្ឍ ប្រកប ដោយភាពធន់ និងចីរភាព។ បន្ថែមពីនេះ លោកជំទាវ Urpilainen ក៏បានឲ្យដឹងដែរថា EU ទើបតែបានអនុម័ត នូវថវិកាប្រមាណ ២៩ លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យ អប់រំនៅកម្ពុជា។
ក្នុងក្របខ័ណ្ឌការងារអាស៊ាន-EU ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកាឆ្នាំ ២០២២នៅរាជធានីភ្នំពេញដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំនៃភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប។ លោកជំទាវ Urpilainen បានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាជា ប្រធានអាស៊ាន ក្នុងការដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់ខ្លួន នៅក្នុងឆ្នាំដ៏លំបាកនេះ ហើយបានរំលឹកសាជាថ្មីអំពី ការប្តេជ្ញា ចិត្តរបស់ EU សម្រាប់ការពង្រឹងភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប តាមរយៈការជំរុញការវិនិយោគជាមួយនឹង ថវិកា ប្រមាណ ១០ ប៊ីលានអឺរ៉ូ នៅក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ស្ថិតក្រោមគំនិតផ្តួចផ្តើមច្រកទ្វារសកល (The Global Gateway) របស់ EU ដោយផ្តោតលើការផ្លាស់ប្តូរ ឌីជីថល ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការត ភ្ជាប់ប្រកបដោយនិរន្តរភាព។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ Urpilainen ក៏បានផ្លាស់ប្តូរទស្សនៈអំពីប្រធានបទ មួយចំនួនពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ការព្រួយ បារម្ភរួមផងដែរ។
II- ជំនួបជាមួយឯកឧត្តម Josep Borrell Fontelles
ឯកឧត្តម Borrell បានចូលរួមអបអរសាទរដល់កម្ពុជាចំពោះ ភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាន និងបានអរគុណ កម្ពុជាដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការគាំទ្រ និងចូលជា co-sponsor លើសេចក្តីសម្រេចចិត្តរបស់អង្គការ សហប្រជាជាតិពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ក៏ដូចជាការរួម ចំណែកក្នុងការបញ្ជូនអ្នកជំនាញកម្ពុជាទៅជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូន ភាគី EU ផងដែរថាបើទោះជាភាពជាប្រធានអាស៊ានរបស់ កម្ពុជា ស្ថិតចំពេលដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈម និងស្មុគស្មាញជាច្រើនក៏ដោយ អាស៊ាននៅតែអាចសម្រេចបាន នូវសមិទ្ធផលសំខាន់ៗដែលក្នុងនោះរួមមានការដាក់ចេញនូវឯកសារលទ្ធផលចំនួន១៣០ឯកសារ។ទន្ទឹមនេះអាស៊ានក៏បានឯកភាពជាគោលការណ៍ទទួលប្រទេសទីម័រជាសមាជិកទី១១របស់អាស៊ានផងដែរ។
ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំអាស៊ានបានដាក់ចេញនូវ សេចក្តីសម្រេចចិត្តចំនួន១៥ចំណុច ដើម្បីពន្លឿនការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ក្នុងការនាំប្រទេសមីយ៉ាន់ម៉ា វិលត្រឡប់មកប្រក្រតីភាពវិញ។
ឯកឧត្តម Borrell បានជម្រាបជូនថា EU ពិតជាមានការចាប់ អារម្មណ៍ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-EU ឱ្យដល់កម្រិតថ្មីមួយបន្ថែមទៀត ស្ថិតក្រោមការគាំទ្រពីគំនិត ផ្តួចផ្តើមច្រកទ្វារសកលរបស់ EU។ ឯកឧត្តម Borrell បាន អបអរសាទរចំពោះការត្រៀមចាកចេញរបស់កម្ពុជាពីប្រទេស LDCs ដែលនឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនង ពាណិជ្ជកម្ម កម្ពុជា-EU ក្នុងដំណាក់កាលថ្មីទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែង នូវសេចក្តី រីករាយ ចំពោះការរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការ កម្ពុជា-EU និងបានគូសបញ្ជាក់អំពីភាពប្រសើរឡើងគួរឱ្យកត់ សម្គាល់របស់កម្ពុជា លើផ្នែកលទ្ធិប្រជាធិបតេយ្យ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីដើមខែមិថុនាឆ្នាំនេះ ត្រូវបានវាយតម្លៃថាបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ជាមួយនឹងអត្រាអ្នកទៅបោះឆ្នោតជាង៨០ភាគរយ និងមានការ ចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន១៧គណបក្ស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានអញ្ជើញសហភាពអឺរ៉ុបក៏គ្រោងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នៅឆ្នាំ២០២៣ ផងដែរ ។
III- ជំនួបជាមួយលោកជំទាវ Tanja Fajon
ភាគីទាំងពីរ បានឯកភាពគ្នាជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ស្លូវេនី ឱ្យកាន់តែរឹងមាំថែមទៀត ហើយដើម្បីសម្រេចគោលដៅនេះ ប្រទេសទាំងពីរបានឯកភាពគ្នានឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងកម្រិត ថ្នាក់អគ្គនាយក។
ភាគីទាំងពីរសង្ឃឹមថាជំនួបរវាងអគ្គនាយកនៃប្រទេសទាំងពីរនឹងអាចធ្វើឡើងនៅត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បី ត្រៀមរៀបចំសម្រាប់ការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៅប្រទេសស្លូវេនី តាមការអញ្ជើញរបស់នាយក រដ្ឋមន្រ្តីស្លូវេនី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសម្តែងនូវការយកចិត្តទុកដាក់របស់កម្ពុជាចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេ ភាគីហើយសម្តេចតេជោនាយករដ្ឋមន្រ្តីមានការរីករាយនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនី ដែលក្នុងឱកាសនោះ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននឹងត្រូវបានចុះហត្ថលេខាផងដែរ៕ ដោយ៖ សួង ពិសិដ្ឋ


