មេដឹកនាំសហភាពអឺរ៉ុបបើកភ្លើងខៀវបញ្ចេញកញ្ចប់ទណ្ឌកម្មជុំទី ៩ ប្រឆាំងនឹងរុស្ស៊ី
ព្រុចសែល៖ មេដឹកនាំអឺរ៉ុប ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្តល់ការអនុម័តរបស់ពួកគេ ចំពោះការបញ្ចេញកញ្ចប់ទណ្ឌកម្មជុំទី ៩ ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្លុកនេះ។
ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ខ្លួន នៃកិច្ចប្រជុំកំពូលថា ក្រុមមេដឹកនាំបានពិភាក្សាអំពីរបៀបបង្កើនសម្ពាធសមូហភាពបន្ថែមទៀតលើរុស្ស៊ី ដើម្បីព្យាយាមបញ្ចប់ប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងម៉ូស្គូ និងការដកទ័ពចេញពីទឹកដីអ៊ុយក្រែន។
មេដឹកនាំអឺរ៉ុបបន្ថែមថា ពួកគេស្វាគមន៍ការពង្រឹងវិធានការរឹតត្បិតរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី រួមទាំងតាមរយៈកញ្ចប់វិធានការរឹតបន្តឹងជុំទី ៩ របស់សហភាពអឺរ៉ុប និងការកំណត់តម្លៃប្រេងអន្តរជាតិ ខណៈពេលដែលធានាបាននូវកម្រិតតម្លៃទីផ្សារពិភពលោក។
ក្រុមមេដឹកនាំអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយនៃកិច្ចប្រជុំកំពូលថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹងវិធានការរឹតត្បិត។ បន្ថែមលើនេះ ក្រុមប្រឹក្សាអឺរ៉ុបក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទប់ស្កាត់ការគេចវេសពីទណ្ឌកម្មរបស់ខ្លួនផងដែរ។
ចំណែកកញ្ចប់ជំនួយហិរញ្ញវត្ថុទំហំ ១៨ពាន់លានអឺរ៉ូ ឬប្រមាណ ១៩.១ពាន់លានដុល្លារដើម្បីជួយអ៊ុយក្រែន ក៏ស្ថិតនៅក្នុងរបៀបវារៈដែរ ប៉ុន្តែបញ្ហាមិនត្រូវបានបំភ្លឺដោយមេដឹកនាំនោះទេ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា


