កាកបាទក្រហមកម្ពុជា ទទួលវ៉ាក់សាំង SARS-CoV-2 ជាលើកទី២ ចំនួន ៣០ម៉ឺនដូស ជាអំណោយរបស់សមាគមជាតិកាកបាទក្រហមចិន
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលជាលើកទី២ នូវវ៉ាក់សាំង SARS-CoV-2 (Sinopharm) ចំនួន ៣០ម៉ឺនដូស ជាអំណោយរបស់សមាគមជាតិកាកបាទក្រហមចិន។ វ៉ាក់សាំងទាំងនេះ ត្រូវបានប្រគល់បន្តជូនក្រសួងសុខាភិបាល ដើម្បីបម្រើការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃព្រហស្បតិ៍ទី ១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឆាំង ជាន (Chang Jian) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតនិត ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង ឯកឧត្តម វាំង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ-មន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជាផងដែរ។
ឯកឧត្តម ឆាំង ជាន បានមានប្រសាសន៍ថា «ចិននិងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួម ដែលតែងគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ប្រជាជនចិននិងកម្ពុជាតែងរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា ៖ អំណោយជាវ៉ាក់សាំងពីសមាគមជាតិកាកបាទក្រហមចិន លើកទី១ ចំនួន ១០ម៉ឺនដូស កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ រួមជាមួយវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល បានទទួលជាង ៥៣លានដូស ពីប្រភពនានា ជាពិសេសពីសាធារណរដ្ឋប្រជាមានិតចិន ពិតជាបានរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបានជោគជ័យក្នុងសមរភូមិកូវីដ-១៩ តាមយុទ្ធសាស្ត្រផ្ការីកស្រោចវ៉ាក់សាំងពីទីក្រុងដល់ជនបទ គ្រប់គ្រងបានទាំងស្រុងគួរឱ្យកត់សម្គាល់នូវការឆ្លងរាតត្បាតជំងឺកូវីដ-១៩ រហូតបានបើកប្រទេសជាតិឡើងវិញក្នុងគ្រប់វិស័យ និងធ្វើឱ្យប្រក្រតីភាពឡើងវិញនូវដំណើរការសេដ្ឋកិច្ចគ្រួសារ សង្គម ព្រមទាំងបាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបន្តការអភិវឌ្ឍប្រទេស ៕ ដោយ វណ្ណលុក-សម្បត្តិ


