អនុប្រធានកាកបាទក្រហមកម្ពុជា៖ ជំនួយមនុស្សធម៌ ជា វ៉ាក់សាំងពីគ្រប់មជ្ឈដ្ឋាន ពិតជាពុំអាចកាត់ថ្លៃបានឡើយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា

ភ្នំពេញ៖ អនុប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើងថា ជំនួយមនុស្សធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីគ្រប់ មជ្ឈដ្ឋានពិតជាពុំអាចកាត់ថ្លៃបានឡើយក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ។

ការបញ្ជាក់របស់លោកជំទាវ កិត្តិសង្កហបណ្ឌិត ឃួន សុដារី ដូចនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងពិធីប្រគល់-ទទួលជំនួយមនុស្សធម៌ នូវវ៉ាក់សាំង SARS-CoV-2 (Sinopharm) ជាលើកទី២ ចំនួន ៣០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងស្ថាន ទូត ចិនប្រចាំកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ថ្នាក់ដឹកនាំ-មន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាំង ជាន អគ្គទីប្រឹក្សាស្ថានទូតចិន ប្រចាំ កម្ពុជា បានមានប្រសាសន៍ថា៖ ចិន និងកម្ពុជា គឺជាមិត្ត ដែកថែប និងជាសហគមន៍វាសនារួមដែលតែងគាំទ្រនិង ជួយគ្នា ទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ប្រជាជនចិននិងកម្ពុជាតែងរួមសុខទុក្ខជាមួយគ្នា ជួយគ្នា ទៅវិញ ទៅមក បង្កើតគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោកបន្តថា យើងមិនអាចបំភ្លេចបានទេ ក្នុងគ្រាដ៏លំបាក បំផុតដែល ចិនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោស ព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចនៅ ប្រទេសចិននៅពេលមានព្រិលធ្លាក់យ៉ាងខ្លាំង បង្ហាញពីការ គាំទ្រដល់ប្រជាជនចិនក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ១៩ តាម សកម្មភាពជាក់ស្តែង។ ឯកឧត្តម បានកោតសរសើរ ដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានសមិទ្ធផលគួរឱ្យកត់ សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយ សេដ្ឋកិច្ចសង្គម ក៏កំពុងតែអភិវឌ្ឍឡើងវិញជាបន្ដបន្ទាប់ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្កហបណ្ឌិត ឃួន សុដារី តំណាងកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែង អំណរគុណ ចំពោះសមាគមជាតិកាកបាទក្រហមចិន ដែល បានផ្តល់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ជាលើកទី២នា ពេល នេះ។ លោកជំទាវ បានបញ្ជាក់ថា៖ អំណោយជា វ៉ាក់សាំង ពីសមាគមជាតិកាកបាទក្រហមចិន លើកទី១ ចំនួន ១០ម៉ឺន ដូស កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រួមជាមួយវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានទទួលជាង ៥៣លានដូសពីប្រភព នានា ជាពិសេស ពីសាធារណរដ្ឋប្រជាមានិតចិន ពិតជាបាន រួមចំណែកធ្វើឱ្យកម្ពុជា សម្រេចបានជោគជ័យក្នុងសមរភូមិ កូវីដ១៩ តាមយុទ្ធសាស្ត្រផ្ការីកស្រោចវ៉ាក់សាំងពី ទីក្រុង ដល់ជនបទ គ្រប់គ្រងបានទាំងស្រុងនូវការឆ្លងរាតត្បាត ជំងឺកូវីដ១៩ រហូតបានបើកប្រទេសឡើងវិញក្នុងគ្រប់វិស័យ និងបានដំណើរការសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច ជាតិ ឡើងវិញផងដែរ ។

ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា ជំនួយមនុស្សធម៌ ជាវ៉ាក់សាំងពីគ្រប់មជ្ឈដ្ឋាន ពិតជាពុំអាចកាត់ថ្លៃបានឡើយ ហើយថែមទាំងបានបញ្ជាក់ពីចំណងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាពរឹងមាំ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុង គ្រាដ៏ សែនលំបាកនៃការដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ ហើយកម្ពុជា បាននិងកំពុងក្រេបជញ្ជក់ផ្លែផ្កាពីជំនួយជាបន្ត បន្ទាប់ របស់មិត្តចិន មានដូចជា ថវិកាហិរញ្ញប្បទាន ការវិនិយោគ សំណង់ ផ្លូវថ្នល់ ស្ពាន។ល។ និងខាងផ្នែក សុខាភិបាល មានដូចជា៖ មន្ទីរពេទ្យ ឧបករណ៍ សម្ភារវេជ្ជសាស្រ្តជាដើម។

លោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា៖ កាកបាទក្រហមកម្ពុជា រួមជាមួយសមាគមជាតិកាកបាទ ក្រហមចិន និងសមាគមជាតិនានា នៅក្នុងចលនាកាកបាទ ក្រហម-អឌ្ឍចន្ទក្រហម ប្តេជ្ញាចិត្តបន្តខិតខំឱ្យបានកាន់តែ ខ្លាំង ក្លាថែមមួយកម្រិតទៀត ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ រួមជាមួយនឹងការបន្តប្រមូលផ្តុំកម្លាំងមនុស្សធម៌ជាតិ-អន្តរជាតិ ដោះស្រាយបញ្ហាប្រឈមនានា និងក្នុងការកសាង ភាព ធន់សហគមន៍ និងវិបុលភាព ប្រជាជន ។

លោកជំទាវ កិត្តិសង្កហបណ្ឌិត ឃួន សុដារី ក៏បានអំពាវនាវ ដល់បងប្អូនរួមជាតិ បន្តប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និង ជាពិសេស បន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបានសុខុមាល ភាព របស់គ្រួសារនីមួយៗ និងរក្សាបាននូវស្ថិរភាព នៃកំណើន សេដ្ឋកិច្ច ក្នុងសុខសន្តិភាព ៕ ដោយ៖ ស៊ូ វណ្ណលុក-គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner