ឆ្លងកាត់ឧបសគ្គរាប់មិនអស់ DJ Maily ជាស្ត្រីមួយភាគតូចដែល ធ្វើការលើវិស័យតន្ត្រី EDM

ភ្នំពេញ៖ ប្រភេទតន្ត្រី EDM (Electronic Dance Music) និង Hip Hop គឺជាទីពេញនិយមសម្រាប់យុវវ័យ សម័យថ្មី។ ចង្វាក់តន្ត្រីប្រភេទ EDM ច្រើនតែប្រទះឃើញតាមក្លិប ពិធីបុណ្យតន្ត្រីធំៗ និងភោជនីយដ្ឋានជាដើម។ល។

អ្នកធ្វើការលើវិស័យនេះ ត្រូវការមានជំនាញទៅលើដូរតន្ត្រី ចង្វាក់ភ្លេង ច្បាស់លាស់ ទើបអាចបញ្ចូល (Mix) បទភ្លេងចូលគ្នាបាន ដើម្បីឱ្ យចេញជាតន្ត្រីមួយបែបផ្សេងទៀត។ ដោយឡែកនៅកម្ពុជា អ្នក ធ្វើការ ក្នុងវិស័យ EDM នេះមានភាគច្រើនជាមនុស្សប្រុស ខណៈដែលស្ត្រីមានតិចតួចប៉ុណ្ណោះ។

កញ្ញា ឃុន វឌ្ឍានិត ហៅ DJ ម៉ៃលី (DJ Maily) គឺជាស្ត្រីម្នាក់ ក្នុង ចំណោម DJ ស្ត្រីភាគតិចទាំងនោះ។ DJ រូបនេះបានអង្រួនវិស័យតន្ត្រី EDM ព្រមទាំងបានក្លាយជាគំរូទៅដល់ស្ត្រីដទៃទៀត ក្នុងការចាប់ យកអាជីពនេះ។
ដោយចិត្តស្រឡាញ់ភ្លេងស្រាប់ កញ្ញា ឃុន វឌ្ឍានិត បានចាប់ផ្ដើម សិក្សារៀនសូត្រ ដោយខ្លួនឯងតាំងតែពីឆ្នាំ ២០១៣។ កញ្ញាចាប់ផ្ដើម ដោយការសង្កេតមើលពី DJ ក្រៅស្រុក នឹងរៀនសូត្រអំពីប្រភេទនៃ ភ្លេង។
ក្រោយមក កញ្ញាបានចូលធ្វើការនៅក្លិបមួយកន្លែង ដោយអនុវត្តនូវអ្វី ដែលខ្លួនបានរៀនតាមអ៊ីនធឺណិត។ កញ្ញាបានប្រើប្រាស់ពេលវេលាអស់ជាច្រើនឆ្នាំក្នុងការស្វែងយល់ពីភ្លេង ខណៈដែលនេះជាចំណុចសំខាន់នៅក្នុងអាជីពជា DJ។
នៅក្នុងជំនាញជាច្រើន កញ្ញាបានព្យាយាមចាប់យកផ្នែក ចាក់ឌីស ដោយកញ្ញាបានទិញឧបករណ៍យកមករៀនផ្ទាល់ៗ។ កញ្ញាក៏ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Pioneer Digital DJ Battle កាលពីឆ្នាំ ២០១៤ ព្រមទាំងបានដណ្ដើមយកពានជាជើង ឯកផង ដែរ។
ពីមួយឆ្នាំ ទៅមួយឆ្នាំ កញ្ញាបានកសាងកេរ្តិ៍ឈ្មោះ និងទាញចិត្តអ្នក គាំទ្រ កាន់តែច្រើនឱ្យមកនិយម ចូលចិត្តស្ដាប់តន្ត្រីរបស់កញ្ញា។ DJ រូបនេះក៏ត្រូវបានគេដាក់រហ័សនាមថាជា Queen of Clubbing ដែលពាំនាំភាពសប្បាយរីករាយតាមរយៈការបង្កើតភ្លេងទាក់ទាញទៅគ្រប់ទីកន្លែងដែលខ្លួនបានទៅ។
ពាក់កាស់ធំៗនៅនឹងត្រចៀក ឈរទល់មុខឧបករណ៍ភ្លេង និងមានទាំងថាស់ចាក់ឌីសមួយផង កញ្ញាបានលាយបញ្ចូលគ្នានូវចម្រៀងចង្វាក់ញាក់ៗ ជាមួយនឹងកាយវិការរស់រវើកយ៉ាងស្ទាត់ជំនាញ។ អ្នកគាំទ្រដែលឈរនៅខាងក្រោមបានស្រែកហ៊ោកញ្ជៀវ និងរាំតាមចង្វាក់ភ្លេង ប្រកបទៅដោយភាពសប្បាយរីករាយ តាមបែបយុវវ័យ។
ប៉ុន្តែបើទោះជាយ៉ាងនេះក៏ដោយ នៅពីក្រោយឆាក ស្ត្រីដែលជ្រើសរើសធ្វើការងារបែបនេះពិតជាមិនងាយស្រួលប៉ុន្មាននោះទេ។ DJ Maily បានរៀបរាប់ថា៖ «ការងារនេះពិបាកគួរសម ដោយយើងត្រូវធ្វើនៅពេលយប់ ដូច្នេះបញ្ហាសុវត្ថិភាពជាបញ្ហាចម្បងមួយ ដែលខ្ញុំត្រូវប្រុងប្រយ័ត្ន»។
ជាភ័ព្វសំណាង ដែលកញ្ញាមានក្រុមគ្រួសារយល់ដឹង និងតែងតែគាំទ្រក្នុងការបន្តជម្នះលើកិច្ចការងាររបស់ខ្លួន។
ប៉ុន្តែដោយឡែក ក៏នៅមានបញ្ហាមួយចំនួនផ្សេងទៀត ដែលទាមទារឱ្យ DJ ស្រីរូបនេះត្រូវប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត។ DJ Maily បន្តថា៖ «វិស័យ EDM នៅកម្ពុជាគឺមានលក្ខណៈតូចចង្អៀតណាស់! អ្វីដែលកាន់តែលំបាកគឺ ប្រជាជនភាគច្រើនមិនទទួលយកស្នាដៃ និងប្រភេទភ្លេងដែលខ្ញុំបានបញ្ចូលគ្នា»។
ដោយសារតែ ប្រភេទតន្ត្រីដែលកញ្ញាលេង ភាគច្រើនជាបទភ្លេងបែបលោកខាងលិច ដូច្នេះវាហាក់ដូចជាមិនត្រូវជាមួយនឹងចំណូលចិត្តរបស់ប្រជាជនក្នុងស្រុក។ តែយ៉ាងណា កញ្ញាបានកត់សម្គាល់ឃើញពីការសម្ទុះនៃការគាំទ្រ និងទទួលយកស្នាដៃរបស់ខ្លួននៅអំឡុងឆ្នាំ ២០១៧។
កញ្ញាបញ្ជាក់បន្ថែមថា៖ «នៅអំឡុងពេលដែលជំងឺកូវីដរាតត្បាត ជាពេលដែលយុវវ័យបានងាកមកស្ដាប់ តន្ត្រី EDMក្នុងស្រុក ហើយឃើញថាពួកគេមួយចំនួនធំក៏ចាប់ផ្ដើមបើកចិត្តទទួលយកអ្វីដែលខ្ញុំបានធ្វើដែរ»។
ដោយការខិតខំប្រឹងប្រែងដើរទៅរកគោលដៅរបស់កញ្ញា មកដល់ពេលនេះកញ្ញាបានក្លាយជាខ្លួនឯង ធ្វើឱ្យគេទទួលស្គាល់អ្វីដែលកញ្ញាមាន ក៏ដូចជារុញវិស័យនេះឱ្យមានការទទួលស្គាល់ច្រើនផងដែរ។
ជារឿយៗ កញ្ញាតែងតែត្រូវបានផលិតកម្ម ទីភ្នាក់ងារ ឬក្លិបល្បីៗក្រៅស្រុក ហៅទៅចូលរួមការប្រគុំតន្ត្រី EDM ខណៈដែលពីមុនមកកម្រមានឱកាសបែបនេះណាស់។ ក្នុងនោះ កញ្ញាក៏ទទួលបាននូវការកោតសរសើរផងដែរ ទាំងពីអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុក។
បច្ចុប្បន្ន កញ្ញាជាDJ ឯករាជ្យមួយរូប ដែលកំពុងឈរឈ្មោះបោះសំឡេងតាមបណ្ដាញសង្គម ព្រមទាំងមានអ្នកគាំទ្ររាប់ពាន់នាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបានក្លាយទៅជាអ្នកត្រួសត្រាយផ្លូវ ស្វែងរកការទទួលស្គាល់ពីសំណាក់អ្នកគាំទ្រទៅដល់វិស័យតន្ត្រី EDMទាំងមូល។
ក្រោមការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ABC DJ រូបស្រស់នេះត្រូវបានជ្រើសរើសទៅជា «បុគ្គលល្អឯក» សម្រាប់ឆ្នាំ ២០២២ ក្នុងចំណោមបុគ្គលចំនួន ១០រូប ដែលសុទ្ធសឹងតែមានស្នាដៃលើវិស័យផ្សេងៗគ្នា។ ក្នុងការក្លាយខ្លួនជាបុគ្គលល្អឯកនេះ កញ្ញាយល់ឃើញថាមួយផ្នែកធំគឺដោយសារតែកញ្ញាមានភាពមោះមុតចំពោះគោលដៅ បើទោះជាគោលដៅនៅឆ្ងាយយ៉ាងណាក៏ដោយ។ ដែលនេះជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ស្ត្រីផ្សេងទៀតក្នុងការស្វែងរកគោលដៅអនាគតដែលខ្លួនស្រឡាញ់ និងមានក្ដីស្រមៃចង់ធ្វើ៕
ដោយ៖ កែវ បុស្បា

ads banner