វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកវ៉ារិន និងស្រុកអង្គរជុំ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ គោលដៅទី២ សម្រាប់ស្រុកវ៉ារិន និងស្រុកអង្គរជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ។
ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត នឹងទទួលសំណួរ សំណូមពររបស់ប្រជាពលរដ្ឋដែលមានបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ ក្នុងការបង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលជាការផ្ដល់សេវាសាធារណៈនានាជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។
សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរផ្ទាល់មាត់មួយចំនួន ក្នុងនោះក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ ដោយផ្តោតទៅលើបញ្ហា អគ្គិសនី , ផ្លូវថ្នល់ , ការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ , សុំមណ្ឌលសុខភាព , ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ , បច្ចេកទេសកសិកម្ម , ករណីសមត្ថកិច្ចចាប់ផាកអ្នកបើកបរត្រាក់ទ័រ ពីប័ណ្ណបើកបរ , ដែលមានសំណួរផ្ទាល់មាត់ ១២ សំណួរ សំណូមពរ និង សរសេរលាយល័ក្ខអក្សរ ១៤ សំណួរ សំណូមពរ ។
មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ដល់ការអនុវត្តមុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន ៕ ដោយ ស៊ាន សុផាត

