ក្រសួងការបរទេសបង្ហាញលទ្ធផលស្តីពីការធ្វើជាសហប្រធានរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូនៅ ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២នៅទីក្រុងព្រុចសែល ប្រទេស បែលហ្ស៊ិក ដើម្បីប្រារព្ធខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូ សន្ទនារវាងតំបន់ទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈ ជា ប្រធានអាស៊ាន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍នេះ ជាមួយឯកឧត្តម ឆាលស៍ មីឆែល ដែលជា ប្រធាន ក្រុមប្រឹក្សាអឺរ៉ុប។

ព្រឹត្តិការណ៍ដ៏សំខាន់នេះមានអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនិងមានសារសំខាន់ជាលក្ខណៈយុទ្ធសាស្ត្រសម្រាប់ទាំងអាស៊ានក៏ដូចជាសហភាពអឺរ៉ុប។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះត្រូវបានចូលរួមដោយប្រធានគណៈកម្មការអឺរ៉ុបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ឆែកដែល ជាប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏ដូចជាមេដឹកនាំនៃ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប និងប្រទេសសមាជិក អាស៊ាន។

មេដឹកនាំអាស៊ាននិងមេដឹកនាំសហភាពអឺរ៉ុបបានឆ្លៀតយកឱកាសនេះធ្វើការពិនិត្យឡើង វិញលើកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននិងបានលើកទិសដៅសម្រាប់លើកស្ទួយទំនាក់ទំនងនាពេលអនាគត ហើយព្រមទាំងបានផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។ លើសពីនេះ មេដឹកនាំ ទាំងអស់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញភាព ជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដែលផ្អែកលើការ គោរពគ្នាទៅវិញទៅមក សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ដោយទទួលស្គាល់អំពីសារសំខាន់ពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនដ៏ មានឥទ្ធិពលសម្រាប់កំណើនសេដ្ឋកិច្ចមេដឹកនាំ ទាំងអស់បាន សម្តែង នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធ្វើការឆ្ពោះទៅរកកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេល អនាគត ដែលជាគោលដៅរួមរយៈពេលវែង។

មេដឹកនាំតំបន់ទាំងពីរក៏មានទំនុកចិត្តខ្ពស់ថា កិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ដែលជាកិច្ចព្រមព្រៀង អាកាសចរណ៍រវាងតំបន់និងតំបន់ពុំធ្លាប់មានពីមុនមក នឹង លើកកម្ពស់ការចល័តមនុស្សនិងបង្កើតឱកាសធុរកិច្ចជាច្រើន។លើសពីនេះមេដឹកនាំតំបន់ទាំងពីរក៏បានពិភាក្សាគ្នាផងដែរលើអាទិភាពសេដ្ឋកិច្ចជាច្រើន ដែលជាអាទិ៍មានខ្សែសង្វាក់ផ្គត់ផ្គង់ ការវិនិយោគតម្លៃបន្ថែមសហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យម ថាមពល ការដឹកជញ្ជូន កសិកម្ម ភាពជាដៃគូសាធារណៈ និងឯកជន និងវិស័យផ្សេងៗជាច្រើនទៀត។

លើសពីនេះទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់នៃការជំរុញការធ្វើសំយោគឱ្យបានខ្លាំងក្លារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងយុទ្ធសាស្ត្រសហភាព អឺរ៉ុបស្តីពីការតភ្ជាប់អឺរ៉ុប និងអាស៊ី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវទំនុកចិត្តផងដែរថា ថវិកាចំនួន ១០ ប៊ីលានអឺរ៉ូ របស់សហភាពអឺរ៉ុប ដើម្បី អនុវត្ត«ច្រកចេញចូលសកលរបស់សហភាពអឺរ៉ុប»នឹងរួមចំណែកដល់ផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ជាពិសេស លើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលត្រូវការទុនវិនិយោគ ចំនួន ២០០០ ប៊ីលានដុល្លារអាមេរិក ចាប់ពីពេលបច្ចុប្បន្ន រហូតដល់ឆ្នាំ២០៣០ និងសេដ្ឋកិច្ចឌីជីថលដែលត្រូវបាន គេប៉ាន់ប្រមាណថា នឹងជួយបន្ថែមកំណើនទឹកបា្រក់ប្រហែល ១០០០ប៊ីលានដុល្លារអាមេរិក ទៅក្នុងផលិតផលក្នុងស្រុក សរុបក្នុងតំបន់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទទូចឱ្យអាស៊ាន និង សហភាពអឺរ៉ុបខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និរន្តរភាព និងភាពធន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃសង្គមជាតិរបស់យើងហើយបានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការបន្តការគាំទ្រក្នុងការកសាងសមត្ថភាពដល់ប្រទេសសមាជិកអាស៊ាន និងផ្តល់នូវការអប់រំ និងជំនាញសតវត្សរ៍ ទី២១ ដល់យុវជនអាស៊ាន ដើម្បីឱ្យពួកគេអាចបោះជំហានទៅ ក្នុងពិភពការងារដែលបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លើសពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតម្រូវការក្នុង ការលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យ និងជាពិសេស ការយកស្ត្រីធ្វើជាស្នូលនៃការបង្កើតគោលនយោបាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចែករំលែកជូនអង្គប្រជុំថា ក្នុងឋានៈជាប្រធានអាស៊ានកម្ពុជាបានចាត់ទុកស្ត្រីសន្តិភាពនិងសន្តិសុខជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់ខ្លួន។

ពាក់ព័ន្ធនឹងលទ្ធផលដ៏សំខាន់ៗនៃសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ (COP27)ក្រោមអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជា ជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសអេហ្ស៊ីប សម្តេច តេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍កិច្ចព្រមព្រៀង ផ្តល់មូលនិធិ សម្រាប់ការបាត់បង់ និងសំណងខូចខាតរបស់ប្រទេសក្រីក្រ ដោយសារផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្វីត្បិតតែកម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នកាបូនកម្រិតទាបប៉ុន្តែបានបង្កើនថវិកាចំនួនបីដងសម្រាប់សកម្មភាពអាកាសធាតុរបស់ខ្លួន ដែលស្មើនឹង ២,២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរ អំពីសំណើរបស់ កម្ពុជា ក្នុងការរៀបចំ «កិច្ច ព្រមព្រៀងបៃតងអាស៊ាន» ដែលជា ក្របខ័ណ្ឌ ដ៏សំខាន់ មានគោលបំណងជួយដល់ប្រទេសសមាជិក ធ្វើការផ្លាស់ប្តូរបន្តិចម្តងៗ ឆ្ពោះទៅរកអនាគតបៃតងហើយ សម្តេច តេជោនាយករដ្ឋមន្ត្រីបានមើលឃើញពីសក្តានុពលដ៏ធំនៃតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រអាស៊ានដើម្បីសម្រេចឱ្យបាន នូវគោលដៅនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណ ផងដែរ ដល់សហភាពអឺរ៉ុប ដែលបានជួយអាស៊ាន និងជា ពិសេសកម្ពុជាតាមរយៈការផ្តល់ជូននូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រវ៉ាក់សាំងនិងហិរញ្ញវត្ថុដើម្បីទប់ទល់នឹងជម្ងឺកូវីដ-១៩។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប ដើម្បី ដោះស្រាយវិបត្តិសុខភាពសាធារណៈនេះ គឺជាគំរូមួយនៃកិច្ចសហ ប្រតិបត្តិការ ដែលគួរត្រូវបានលើកកម្ពស់ និងធ្វើតាមសម្រាប់ បញ្ហាប្រឈមសកលផ្សេងៗទៀត។ មេដឹកនាំអាស៊ាន ក៏បាន ទទួលស្គាល់ការរួមចំណែករបស់សហភាពអឺរ៉ុប ជាអ្នកនាំចេញ វ៉ាក់សាំងដ៏ធំមួយ និងជាអ្នកផ្តល់ ជំនួយធំទីពីរដល់កូវ៉ាក់ (COVAX) ដែលមានទឹកប្រាក់ជាង ៥ ប៊ីលានអឺរ៉ូ ជាជំនួយឥត សំណង និងជាប្រាក់កម្ចី។

ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ពិភពលោកបានប្រឈមមុខនឹងការ សាកល្បង ដ៏ធំបំផុត ចាប់តាំងពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ មក។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗបានធ្វើឱ្យរង្គោះរង្គើសណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពដែលរកបានយ៉ាងលំបាក។ ជម្លោះប្រដាប់អាវុធទាំងឡាយ ដែលគេតែងតែគិតថាជាបញ្ហា អតីតកាលនោះបានវិលមកវិញហើយក្លាយជាកង្វល់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើននៃពិភពលោក ហើយបញ្ហាទាំងនេះក៏គ្មាន ការលើកលែងចំពោះអាស៊ាន និងសហភាពអឺរ៉ុបនោះដែរ។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការវិវត្តទាំងនេះបាននិងកំពុងកើតឡើងនៅពេលដែលពហុភាគីនិយមស្ថិតនៅក្រោមភាពតានតឹងដ៏ខ្លាំង ហើយជាតិនិយម និងគាំពារនិយមកំពុងកើនឡើងយ៉ាង ឆាប់រហ័ស។ ក្នុងបរិបទនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ត្រូវតែការពារ ឱ្យបាន ហើយប្រព័ន្ធពហុភាគីត្រូវតែប្រកបដោយបរិយាប័ន្ន មាន តម្លាភាព យុត្តិធម៌ និងបើកចំហ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជំរុញឱ្យប្រទេសមហាអំណាចនានាស្វែងរកវិស័យសហប្រតិបត្តិការជាក់ស្តែង ដែលអាចឱ្យពួក គេកសាងបាននូវសេចក្តីទុកចិត្តនិងជំនឿចិត្តទៅវិញទៅមកនិងលើកកម្ពស់ផលប្រយោជន៍រួមនិងជាសកល។ នៅខណៈពេល ទទួលស្គាល់ថាការប្រកួតប្រជែងចៀសមិនរួច សម្តេចតេជោ នាយករដ្ឋមន្រ្តីមានទស្សនៈយ៉ាងមុតមាំថាមហាអំណាចទាំងឡាយគួរដាក់ចេញនូវរនាំងមួយចំនួនដែលអាចការពារការប្រកួតប្រជែងរបស់ពួកគេមិនឱ្យនាំទៅដល់ការខាតបង់ទាំងសងខាង។

ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ជា ប្រទេសដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់បទដ្ឋាននិងគោលការណ៍ទាំងឡាយដែលទទួលស្គាល់ជាសកល ហើយជំទាស់ដាច់ខាតចំពោះការកាត់យកទឹកដី និងការប្រើប្រាស់ឬការគំរាមកំហែងកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យណាមួយ។

ការចូលរួមរបស់កម្ពុជាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិលើបញ្ហានេះ គឺជាសក្ខីភាពពិត នៃការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិ។

សំខាន់បំផុតសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកមតិឡើងថាប្រសិនបើប្រវត្តិសាស្រ្តអាចផ្តល់ជាមគ្គុទ្ទេសណាមួយនោះ សង្រ្គាម មិនអាចបញ្ចប់សង្រ្គាមបានទេហើយកិច្ចសន្ទនាដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធទាំងឡាយលើកឡើងពីកង្វល់របស់ខ្លួន និងស្វែង រកដំណោះស្រាយដោយសន្តិវិធី គួរតែចាប់ផ្តើម ដោយមិនមាន ការបង្អង់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគី ពាក់ព័ន្ធទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កើនអំពើហិង្សានៅអ៊ុយក្រែន និងបង្កើតបរិយាកាសមួយដែល អំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ជូនអ្នកដែលត្រូវការបំផុត។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានចែករំលែកជូនអង្គប្រជុំផងដែរថាកម្ពុជានឹងផ្តល់វគ្គបណ្តុះបណ្តាលជូនអ្នកដោះមីនអ៊ុយក្រែនចំនួន១៥នាក់រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់អ៊ុយក្រែន នៅក្នុងខែមករាឆ្នាំ២០២៣ នៅរាជធានីភ្នំពេញហើយនឹងបញ្ជូនក្រុមអ្នកជំនាញទៅធ្វើការបណ្តុះបណ្តាលបន្ថែមទៀតសម្រាប់អ្នកដោះមីនអ៊ុយក្រែន នៅក្នុងខែមេសា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ ដោយមានការ គាំទ្រពីប្រទេសជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរៀបរាប់សង្ខេបផងដែរ ជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងារ ទាំងឡាយរបស់ប្រេសិតពិសេស ដើម្បីជួយមីយ៉ាន់ម៉ាវិល ទៅរកប្រក្រតីភាពឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំផងដែរថា នៅក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៤១ មេដឹកនាំអាស៊ានបានអនុម័តលើឯកសារ ស្តីពី«ការពិនិត្យឡើងវិញនិងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលធ្វើ ឡើងដើម្បីសម្របសម្រួលឱ្យមានការអនុវត្ត កិច្ចព្រមព្រៀងជា ឯកច្ឆន្ទ ៥ចំណុច ឱ្យបានឆាប់។

ជាការឆ្លើយតប សហភាពអឺរ៉ុបបានកោតសរសើរកម្ពុជា ចំពោះកិច្ច ខិតខំប្រឹងប្រែងទាំងឡាយ និងបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ ខ្លួន ដើម្បីគាំទ្រមជ្ឍភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍ វិបត្តិនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះប្រធាន ក្រុមប្រឹក្សាអឺរ៉ុប និងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ចំពោះការគាំទ្រ ដោយឥតងាករេដល់ភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ។ ជាងនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយម និងទំនុកចិត្តថា ភាពជាដៃគូ អាស៊ាន-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនយ៉ាងរឹងមាំ ហើយទន្ទឹងរង់ចាំ នូវជោគជ័យដ៏ត្រចះត្រចង់ បន្ថែមទៀតក្នុងរយៈពេល ៤៥ឆ្នាំខាងមុខ។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបបាន អនុម័តសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ និងបានកត់សម្គាល់ ផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧)៕ ដោយ ៖សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner