ការលក់លំនៅឋានក្នុងប្រទេសតួកគី ធ្លាក់ចុះ ៣៤ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២

អង់ការ៉ា៖ ទិន្នន័យផ្លូវការបានបង្ហាញថា ការលក់អចលនទ្រព្យប្រភេទលំនៅដ្ឋាននៅក្នុងប្រទេសតួកគី បានថយចុះ ៣៤.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួន ១១៧,៨០៦កន្លែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

បើយោងតាមវិទ្យាស្ថានស្ថិតិតួកគី ការលក់បានធ្លាក់ចុះ ១៤.៨ភាគរយចាប់ពីខែតុលា ដល់ខែវិច្ឆិកា ខណៈដែលអ៊ីស្តង់ប៊ុលដែលជាទីក្រុងធំបំផុតរបស់តួកគី យោងតាមចំនួនប្រជាជន មានចំណែកខ្ពស់បំផុត ១៦.៧ភាគរយ ជាមួយនឹងផ្ទះ ១៩,៦៨៧កន្លែងដែលត្រូវបានលក់។ ការលក់អចលនទ្រព្យដល់ជនបរទេសក៏បានធ្លាក់ចុះ ១៧.៤ភាគរយ មកនៅត្រឹមចំនួន ៦,០៨៣អចលនទ្រព្យនៅក្នុងខែវិច្ឆិកាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ពលរដ្ឋរុស្ស៊ីបានទិញផ្ទះចំនួន ២,៥៧៥ខ្នងក្នុងប្រទេសតួកគី ក្នុងខែវិច្ឆិកាឆ្នាំនេះ បន្ទាប់មកជនជាតិអ៊ីរ៉ង់ ៥១០ខ្នង អ៊ីរ៉ាក់មាន ៣៣១ខ្នង និងអ៊ុយក្រែនមាន ២៧៧ខ្នង។

គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគីបានអនុម័តគម្រោងទិញផ្ទះផ្តល់សញ្ជាតិនៅឆ្នាំ ២០១៧ ដោយស្នើសុំការវិនិយោគលើអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៤០០,០០០ដុល្លារដោយជនបរទេស ដើម្បីទទួលបានសញ្ជាតិ។ ការធ្លាក់ចុះនៃរូបិយប័ណ្ណតួកគី ក៏បានធ្វើឱ្យអចលនទ្រព្យរបស់ប្រទេសនេះ កាន់តែទាក់ទាញអ្នកវិនិយោគបរទេសផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner