សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមហ៊ុន CP Group និងSoma Group សិក្សាលើគម្រោងផលិតថាមពលស្អាត នៅកម្ពុជា
ភ្នំពេញ៖ក្នុងជំនួបជាមួយនឹងប្រធានជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP)កាលពីថ្ងៃទី១៧ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន CP Group និងSoma Group និងដៃគូពាក់ព័ន្ធ សិក្សា ពីគម្រោងថាមពលស្អាត ដើម្បីជំរុញគោលដៅអព្យាក្រឹត្យភាព កាបូន និងសន្តិសុខថាមពលរបស់កម្ពុជា។
ជំនួបនេះធ្វើឡើងភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។លោក Dhanin Chearavanont ប្រធាន ជាន់ខ្ពស់ ក្រុមហ៊ុន Charoen Pokphand Group (CP) បាន អញ្ជើញ ចូលជួបសម្ដែងការគួរសម និងស្វែងរកការគាំទ្រពីរាជ រដ្ឋា ភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត និងពង្រឹងខ្សែសង្វាក់តម្លៃកសិ-អាហាររួមបញ្ចូលគ្នានៅកម្ពុជា។
នាជំនួបនោះក្រៅពីការប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវតម្លៃនៃវិស័យចំណីសត្វកសិដ្ឋាននិងម្ហូបអាហារនៅកម្ពុជាចំពោះវិស័យអាជីវកម្មកសិ-ម្ហូបអាហារ លោក Dhanin Chearavanont បានជម្រាប សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាពីបំណងរបស់ ក្រុមហ៊ុន លោករួមនឹងក្រុមហ៊ុន Soma Group ក្នុងការផលិត ថាមពលស្អាតនៅកម្ពុជាក្នុងគោលដៅជំរុញអព្យាក្រឹត្យភាពកាបូននិងសន្តិសុខថាមពល។
លោក Dhanin Chearavanont គូសបញ្ជាក់ពីគោលដៅលើ ថាមពលស្អាតសម្រាប់កម្ពុជាដូច្នេះថា ៖ «CP Groupនឹងស្វែង រកឱកាសសម្រាប់គម្រោ ងវារីអគ្គិសនីនិងថាមពលស្អាតផ្សេង ទៀតនៅក្នុងប្រទេសកម្ពុជា»។
ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសាទរ និងមានជំនឿចិត្តលើទិសដៅវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group ពាក់ព័ន្ធនឹងវិស័យផលិតថាមពល ស្អាតសម្រាប់កម្ពុជា ដែលមានបំណងឲ្យកម្ពុជាសម្រេចផែនការ លើ នយោបាយអព្យាក្រឹត្យកាបូន។
សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតដល់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group រួមសហការជាមួយស្ថាប័នពាក់ ព័ន្ធ នានា ធ្វើការសិក្សាពីគម្រោងផលិតថាមពលស្អាតនៅកម្ពុជា ដែល សម្ដេចរំពឹងថាជាដំណើរការប្រកបដោយជោគជ័យនិងទទួលបានលទ្ធផលកម្ពស់។
ជុំវិញករណីនេះដែរ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីនិង តស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងជា សកម្មជន ផ្នែកបរិស្ថានមួយរូបផងនោះយល់ថា វាជាការល្អដែល កម្ពុជាជំរុញការយកចិត្តទុកដាក់និងបានសម្លឹងឃើញការពង្រឹងលើវិស័យថាមពលស្អាត ហើយផ្តល់លទ្ធភាពដល់បណ្តាវិនិយោគិន ក្នុង ស្រុកនិងក្រៅស្រុកពង្រីកការសិក្សាពីសមត្ថភាព និងលទ្ធភាព ប្រើប្រាស់ថាមពលស្អាតនេះ។
លោក ហេង គីមហុង លើកឡើងថាកម្ពុជាគួរជំរុញឱ្យកាន់តែ ច្រើនលើ ផ្នែកវិនិយោគលើថាមពលស្អាត នៅចំពោះមុខវិបត្តិ បម្រែបម្រួលអាកាសធាតុជាសាកលដោយលោកបញ្ជាក់ថា ៖ «នៅចំពោះមុខវិបត្តិបម្រែបម្រួលអាកាសធាតុនេះ យើងឃើញថា ដើម្បីជំរុញនិងរក្សាបានលំនឹងបរិយាកាស ឬអាកាសធាតុនេះ បណ្តារដ្ឋនានាក្នុងពិភពលោក ដែលរួមមានកម្ពុជាយើងត្រូវ ជំរុញឱ្យ មានការប្រើប្រាស់ថាមពលស្អាត ហើយខ្ញុំយល់ថា យើងគួរជំរុញឱ្យក្រុមហ៊ុននានាបង្កើនការវិនិយោគទៅលើគម្រោងថាមពលស្អាតនេះបន្ថែមទៀត»។
សូមរំឮកថា ក្នុងការចូលរួមសកម្មភាពអព្យាក្រឹត្យកាបូននេះ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ នៅក្នុង សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ប្រមុខ ការទូតអាស៊ាន បានស្វាគមន៍ចំពោះការអនុម័តកិច្ចព្រមព្រៀង អាកាសធាតុ នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ COP 26 ក្នុងទីក្រុង Glasgow នៅចក្រភពអង់គ្លេស។
ប្រមុខការទូតអាស៊ាន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ផងដែរ។
កាលពីឆ្នាំ ២០២០ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព នៃការចូលរួម ចំណែករបស់ខ្លួន ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហ ប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) ទៅលេខាធិការ ដ្ឋាន UNFCCC មុនពេលកំណត់។ នៅឆ្នាំ ២០២១ កម្ពុជាបាន ដាក់ ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយ អព្យាក្រឹត្យកាបូន ឬ «Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)» ជាមួយគោលដៅលើការ បញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០៕
ដោយ៖សំបាន ច័ន្ទដារ៉ា