កម្មវិធីបោះជំរំប្រចាំឆ្នាំនៃសមាគមកាយឫទ្ធិនារីកម្ពុជារយៈពេល៣ថ្ងៃ បានបញ្ចប់
កម្មវិធីបោះជំរំប្រចាំឆ្នាំនៃសមាគមកាយឫទ្ធិនារីកម្ពុជារយៈពេល៣ថ្ងៃ បានបញ្ចប់ទៅ ដោយបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើន រួមមានស្នាមញញឹម ការស្រឡាញ់ ការមើលថែរក្សា ការចេះជួយគ្នា ការយកចិត្តទុកដាក់ និងសាមគ្គីភាពគ្នា ប្រៀបបានជា គ្រួសារតែមួយ
កម្មវិធីបោះជំរំប្រចាំឆ្នាំនៃសមាគមកាយឫទ្ធិនារីកម្ពុជារយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែធ្នូ ឆ្នាំ២០២២ នៅរមណីយដ្ឋាន វីគិរីរម្យ ខេត្តកំពង់ស្ពឺ នេះពិតជាបានបន្សល់ នូវអនុស្សាវរីយ៍ជាច្រើន រួមមានស្នាមញញឹម ការស្រឡាញ់ ការមើលថែរក្សា ការចេះជួយគ្នា ការយកចិត្តទុកដាក់ និងសាមគ្គីភាពគ្នា ប្រៀបបានជាគ្រួសារតែមួយ ក្រុងកាកដឹកនាំដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្រុមការងារសមាជិកាសមាជិកមកពីតាម បណ្ដាខេត្តជាច្រើននាក់ផងដែរ។
សកម្មភាពថ្ងៃទី៣បោះជំរំប្រចាំឆ្នាំនៃសមាគមកាយឫទ្ធិនារីកម្ពុជារួមមាន៖ ការធ្វើលំហាត់ប្រាណ យូហ្គា និងសមាធិបង្កើនថាមពលជីវិត និងកម្មវិធីដុតភ្លើងគប់ ដែលអត្ថន័យនៃការដុតភ្លើងគប់ គឺចង់បង្ហាញអោយសមាជិកាបានស្គាល់ពីកម្លាំងនៃ អំណាចភ្លើងដែលប្រៀបបាននឹងកម្លាំងដ៏ពុះកញ្រ្ជោលរបស់កុមារី និងយុវតី នៃសមាគមកាយប្ញទ្ធិនារីកម្ពុជា គឺរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីទទួលបាននូវភាព រីកចម្រើន និងការអភិវឌ្ឍទាំងអស់គ្នា និងកម្មវិធីបិទការបោះជំរំជាប្រចាំឆ្នាំ២០២២ នៃសមាគមកាយឫទ្ធិនារីកម្ពុជាក្រោមប្រធានបទអំណាចនៃភាពជឿជាក់ ព្រមទាំងមានការចែកវិញ្ញាបនបត្រជូនសមាជិកា-សមាជិកដែលបានចូលរួមកម្មវិធីបោះជំរំ រួមទាំងបានថតរូបជាអនុស្សាវរីយ៍រួមគ្នាផងដែរមុននឹងបញ្ចប់កម្មវិធីផងដែរ។
សូមបញ្ជាក់ថា ការផ្ទេរចន្លុះភ្លើងពីអគ្គស្នងការ ស្នងការ និងថ្នាក់នាំសមាគមទៅកាន់ ប្អូនៗទាំងអស់ គឺបញ្ជាក់ពីការផ្ទេរភារកិច្ចការងារនិងការជឿទុកចិត្តថាប្អូនៗពិតជា អាចបំពេញការងារបានយ៉ាងល្អ ក្នុងនាមជាយុវតីបន្តវេនជំនាន់ក្រោយ។
ថ្នាក់ដឹកនាំ ក្រុមការងារសមាជិកសមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា ពិតជាបានបង្ហាញនូវភាពរីករាយ មោទនភាពក្រៃលែង ដែលបានចូលរួមនៅក្នុង សកម្មភាពបោះជំរុំប្រចាំឆ្នាំរបស់សមាគមន៍ ក្រោមបរិយាកាសស្និទ្ធស្នាលរីករាយ សាមគ្គីភាពភាពកក់ក្តៅ ហ្នឹងសូមគោរពថ្លែងអំណរគុណចំពោះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានរៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំនេះធ្វើឲ្យអ្នកចូលរួមទាំងអស់ទទួលបាននូវការទំនាក់ទំនងល្អ ភាពជាអ្នកដឹកនាំ ចំណេះដឹង និងបទពិសោធន៍ជាច្រើននៅក្នុង ការដឹកនាំជីវិត ការសិក្សានិងការរស់នៅប្រចាំថ្ងៃ៕