រដ្ឋធានីកៀវអ៊ុយក្រែនរងការវាយប្រហារដោយដ្រូនជាថ្មីបណ្ដាលឱ្យក្រុងដាច់ភ្លើងអគ្គិសនីដោយអន្លើ
កៀវ៖រដ្ឋបាលក្រុងកៀវ បានអះអាងថា ក្រុងកៀវរងការវាយ ប្រហារដោយដ្រូនរបស់រុស្ស៊ីជាថ្មីនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូនេះ ហើយជំរុញឱ្យប្រជាជនយកចិត្តទុកដាក់នឹងការប្រកាសអាសន្ន ខណៈរដ្ឋធានីអ៊ុយក្រែននៅត្រដាបត្រដួសក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញនៅឡើយ។
ពីដំបូង រដ្ឋបាលបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនង តេឡេក្រាមថា៖ «សត្រូវកំពុងវាយលុករដ្ឋធានី» ហើយថា ដ្រូន (ឬយន្តហោះគ្មានមនុស្សបើក) របស់សត្រូវចំនួនប្រាំបួន ត្រូវ បាន បាញ់ទម្លាក់នៅក្នុងដែនអាកាសនៃទីក្រុងកៀវ រួចបន្ថែមថា កងកម្លាំងឈ្លានពានរុស្ស៊ីកំពុងប្រើដ្រូនអ៊ីរ៉ង់ «Shaheds» បំពាក់អាវុធ ដើម្បីវាយប្រហារលើរដ្ឋធានីអ៊ុយក្រែនក្នុង រយៈពេល ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ប៉ុន្តែព័ត៌មានចុងក្រោយពីរដ្ឋបាលដដែល បានឱ្យដឹងថា រុស្ស៊ីបានប្រើដ្រូនចំនួន ២០ ដើម្បីវាយប្រហារនៅព្រឹកថ្ងៃចន្ទ ប៉ុន្តែ ១៥ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស អ៊ុយក្រែន។
ក្នុងការវាយប្រហារចុងក្រោយនេះ រដ្ឋបាលស៊ីវិលរបស់ក្រុងកៀវ បានចេញស៊ីរ៉ែនប្រកាសអាសន្នចំនួនពីរដង ទីមួយនៅម៉ោង ជិតពីរយប់ និងចុងក្រោយនៅម៉ោង ៥ កន្លះព្រឹក (ម៉ោងក្នុងស្រុក) ។ អភិបាលក្រុងកៀវ លោក Vitali Klitschko បានបញ្ជាក់ថា «ការផ្ទុះ» បានកើតឡើងនៅក្នុងសង្កាត់ ចំនួនពីរនៃរដ្ឋធានី ហើយថា «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រងការខូចខាត»។
ចំណែកឯអភិបាលតំបន់កៀវ លោក Oleksiy Kuleba បានអះអាងថា ការវាយប្រហារដោយដ្រូនរុស្ស៊ី បណ្តាល ឱ្យខូចខាតធ្ងន់ធ្ងរនៅក្នុងទីក្រុងកៀវ ដោយកាត់ផ្ដាច់អគ្គិសនី ចំនួន៣តំបន់ និងធ្វើឱ្យមនុស្សពីនាក់រងរបួស។
គួរបញ្ជាក់ថា អ៊ុយក្រែនរងការប្រហារតាមអាកាស រួមមានដ្រូន និងមីស៊ីល ទាំងទ្រង់ទ្រាយធំ និងតូច នៅទូទាំងប្រទេស ចាប់តាំងពីពាក់កណ្ដាលខែតុលាមក ដែលបណ្ដាលឱ្យជន ស៊ីវិល ជាច្រើននាក់បាត់បង់ជីវិត និងកាត់ផ្ដាច់បណ្ដាញអគ្កីសនី ក៏ដូចជាទឹកស្អាតជាច្រើន។ គេមើលឃើញថា រុស្ស៊ីបានជំរុញ និងបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួន បន្ទាប់ ពីរងចាញ់ប្រៀបអ៊ុយក្រែនក្នុងសមរភូមិប្រយុទ្ធ ចាប់តាំងពីក្រុង កៀវ ចាប់ផ្ដើមយុទ្ធនាការវាយបក។ ប៉ុន្តែ ទោះបីជា យ៉ាង ណា ក៏ ដោយ រាប់ចាប់តាំងពីរុស្ស៊ីចូលឈ្លានបានអ៊ុយក្រែននៅចុង ខែកុម្ភៈមក ក្រសួងការពារជាតិរុស្ស៊ីនៅតែទទូចដដែលៗថា ការវាយប្រហាររបស់ខ្លួនគឺសំដៅតែលើមូលដ្ឋានយោធា និងថាមពលដែលពាក់ព័ន្ធរបស់អ៊ុយក្រែនប៉ុណ្ណោះ។
ប៉ុន្តែយុទ្ធនាការវាយប្រហារតាមអាកាសរបស់រុស្ស៊ី រងការចោទប្រកាន់ថាដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ដែលធ្វើឱ្យទីក្រុងនានានៅទូទាំងប្រទេសដាច់ភ្លើង និងទឹកស្អាត់ប្រើប្រាស់ ហើយធ្វើឱ្យប៉ះពាល់ដល់ប្រជាជនអ៊ុយ ក្រែនរាប់លាននាក់ ស្របពេលដែលសីតុណ្ហភាពនៃរដូវរងា បានធ្លាក់ចុះក្រោមសូន្យ។
កាលពីថ្ងៃសុក្រ ទីក្រុងរបស់អ៊ុយក្រែនជាច្រើនទូទាំងប្រទេស បានរងការវាយប្រហារមីស៊ីលជាង ៧០ គ្រាប់ ដែលធ្វើឱ្យ ប្រតិបត្តិករតបណ្ដាញអគ្គិសនី ដែលខ្នះខ្នែងតភ្លើងឡើង វិញនោះ ប្រកាសអាសន្ន និងកាន់តែត្រដាបត្រដួស។
បារាំង ក៏ដូចជាសហភាពអឺរ៉ុប បាននិយាយថា ការវាយ ប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាឧក្រិដ្ឋកម្ម សង្គ្រាម ដោយប្រធានគោលនយោបាយការបរទេស របស់ ប្លុកនេះ បានហៅការវាយប្រហារតាមអាកាសរបស់រុស្ស៊ីថា ព្រៃផ្សៃ។ខណៈប្រជាជននៅក្រុងកៀវ ប្រមូលផ្តុំគ្នាចូល ទៅក្នុងស្ថានីយរថភ្លើងក្រោមដី ដើម្បីស្វែងរកកំដៅ និងទីជំរក លោកប្រធានាធិបតី វ្ល៉ូឌីមៀរ ហ្សេលេនស្គី បាននិយាយថា គិតត្រឹមយប់ថ្ងៃអាទិត្យ មនុស្ស ៩ លាននាក់នៅទូទាំងប្រទេស ដែលដាច់ភ្លើងក្រោយការវាយប្រហារនៅថ្ងៃសុក្រ មានថាមពល ប្រើឡើងវិញ។
គួរបញ្ជាក់ថា ការវាយប្រហារដោយដ្រូននៅថ្ងៃចន្ទ កើតឡើង បន្ទាប់ពីទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលើកឡើងថា រុស្ស៊ីអាចបង្កើនភាពតានតឹងនៃសង្គ្រាមឱ្យខ្លាំងក្នុងរដូវរងានេះ ដែលទាមទារឱ្យសម្ព័ន្ធមិត្តលោកខាងលិចចាំបាច់ត្រូវត្រៀម ខណៈអ៊ុយក្រែនបន្តទទូចសុំជំនួយប្រព័ន្ធការពារអាកាស៕
ដោយ៖ហួន ឌីណា